ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបន្ទាប់ពីបុរសម្នាក់ដែលបានចតរថយន្តដាក់លក់ហើយរវល់តែទៅហូបការស្រវឹងធ្លាក់ភ្នែកក៏បានភ្លេចបើករថយន្តយកទៅទុករហូតប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យ កាលពីវេលាម៉ោង៩និង១៥នាទីយប់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
សមត្ថកិច្ចបានអោយដឹងថា នៅមុនពេលកើតហេតុមានម្ចាស់ក្លឹបកម្សាន្តមួយបានរាយការណ៍ថា មានរថយន្តមួយគ្រឿងចតចោលនៅខាងមុខក្លឹបរបស់គាត់ ដោយមិនឃើញម្ចាស់មកយកធ្វើឲ្យមានការងឿងឆ្ងល់ ខ្លាចមានរឿងអ្វីកើតឡើងទើបប្រាប់សមត្ថកិច្ចឲ្យចុះមកពិត្យជាក់ស្តែង ។
ក្រោយមកស្រាប់តែមានបុរសម្នាក់អះអាងជាម្ចាស់រថយន្តដែលចតទុកចោលនោះហើយគាត់បានឲ្យដឹងថា ជារៀងរាល់ថ្ងៃគាត់មានរថយន្ត២គ្រឿងសម្រាប់ចតលក់នៅតាមចិញ្ចើមផ្លូវដោយដាក់តាំងបង្ហាញចាប់ពីពេលព្រឹករហូតដល់ល្ងាច ។
ដោយឡែកនៅយប់កើតហេតុនោះគាត់រវល់ទៅចូលរួមពិធីមង្គលការនៅក្បែរកន្លែងកើតហេតុខាងលើដោយបានបើករថយន្តមួយគ្រឿង យកទៅទុកហើយក៏បានភ្លេចបើករថយន្តមួយគ្រឿងទៀតម៉ាកស្តារិច ពណ៌ស ពាក់ស្លាក លេខព្រះ សីហនុ 2A-7161 ដែលបានតាំងលក់ នោះយកទៅទុក ។
ខណៈពេលនោះថៅកែក្លិបបានរាយការណ៍ទៅសមត្ថកិច្ចឱ្យចុះមកពិនិត្យរថយន្តពីព្រោះរថយន្តគឺបានចតនៅទីតាំងមុខក្លិបដែលបណ្តាលឱ្យមានការស្ទះផ្លូវមិនអាចឱ្យភ្ញៀវចូលទៅកម្សាន្តក្នុងក្លិបបានទើបបង្កឲ្យមានការងឿងឆ្លល់ ក្រោយមកស្រាប់តែមានបុរសម្នាក់មកអះអាងថា ជាម្ចាស់រថយន្តតែមិនមានឯកសារបញ្ជាក់ទើបសមត្ថកិច្ចបើករថយន្តខាងលើយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យរង់ចាំម្ចាស់រថយន្តយកឯកសារមកបញ្ជាក់គ្រប់គ្រាន់ទើបប្រគល់ឲ្យវិញ ៕ សុខាសែនជ័យ