ខេត្តពោធិ៍សាត់៖ បុរសម្នាក់ជាមុខសញ្ញាប្រើប្រាស់ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនត្រូវបានកម្លាំងនគរបាលជំនាញ សហការគ្នាព័ទ្ធចាប់នៅមុខអធិការដ្ឋាននគរបាលស្រុកក្រគររួមទាំងវត្ថុតាង ។
ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង ៩និង៣០នាទីយប់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចទល់មុខអធិការដ្ឋាននគរបាលស្រុកក្រគរ ស្ថិតក្នុងភូមិទន្សាយគល់ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
លោកវរសេនីយ៍ត្រី ឯម រុន អធិការនគរបាលស្រុកក្រគរ ដែលបានដឹកនាំកម្លាំងក្នុងកិច្ចប្រតិបត្តិការខាងលើនេះ បានឱ្យដឹងថា ជនសង្ស័យជាមុខសញ្ញាប្រើប្រាស់ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនត្រូវបានកម្លាំងធ្វើការបង្រ្កាប រួមទាំងវត្ថុតាង និងសម្ភារខាងលើឈ្មោះ ប៉ុន រាសី ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិផ្សារ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
លោកវរសេនីយ៍ត្រីបន្តថា ក្នុងកិច្ចប្រតិបត្តិការបង្រ្កាបមុខសញ្ញាខាងលើនេះកម្លាំងធ្វើការដកហូតវត្ថុតាងនិងសម្ភាររួមមាន ម្សៅក្រាម ពណ៌សថ្លា សង្ស័យសារធាតុញៀនចំនួន៩កញ្ចប់តូច, ម៉ូតូធុនធំម៉ាក MSLAZ ១គ្រឿង, លុយរៀលចំនួន១៥ម៉ឺនរៀល និងទូរស័ព្ទដៃ ១គ្រឿង ។
លោកអធិការបន្តទៀតថា ចំពោះជនសង្ស័យរួមទាំងវត្ថុតាង និងសម្ភារត្រូវបានបំពេញនីតិវិធីនៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីបញ្ជូនខ្លួនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់អនុវត្តន៍បន្ត ៕ ប៉ឹម ពិន