ភ្នំពេញ៖ អស់រយៈពេល៤ថ្ងៃមកហើយ ដែលបុរសម្នាក់ឈ្មោះ អូន ចាន់ អាយុ៥៣ឆ្នាំ មានស្រុកកំណើត ភូមិចំការតែ ឃុំស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាន់ រូបថតកូនស្រីដ៏ស្រស់ស្អាតម្នាក់មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ សុំជួយអន្តរាគមន៍ បន្ទាប់ពីកូនស្រីម្នាក់នេះបាត់ខ្លួនពីផ្ទះច្រើនថ្ងៃមិនដឹងទៅណា ហើយមកដល់ថ្ងៃនេះនៅមិនទាន់ដឹងដំណឹងនៅឡើយទេ ទោះបីកាសែតនគរវត្តធ្លាប់បានចុះផ្សាយព័ត៌មាននៃការ បាត់ខ្លួននារីរូបនេះក៏ដោយ ។
លោក ចាន់ អូន បានរៀបរាប់ប្រាប់សមត្ថកិច្ចថា កូនស្រីរបស់គាត់ ដែលបាត់ខ្លួននោះ ឈ្មោះ ចាន់ ឆវិន អាយុ២៣ឆ្នាំ មុខរបរ សិស្សសាលាភាសាកូរ៉េ តូតូ ផ្លូវQMI មានទីតាំង ក្នុងភូមិជម្ពូវ័ន និងស្នាក់នៅផ្ទះជួលម្តុំផ្សារឯករាជ្យ២ ផ្លូវវ៉េង ស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ សែនជ័យ។នាងទើបរៀបអាពាហ៍ពិពាហ៍ ជាមួយបុរសជនជាតិកូរ៉េម្នាក់ ឈ្មោះ គា ស៊ូ អាយុ៤៦ឆ្នាំនាថ្ងៃ២២ ខែមករា ឆ្នាំ២០១៧ ហើយរៀបការបានត្រឹមតែមួយថ្ងៃ ប្តីក៏បានចាកចេញទៅប្រទេសកូរ៉េបាត់ ។ក្រោយប្តីជនជាតិកូរ៉េចាកចោលទៅ នាងបានវិលត្រឡប់ទៅរៀនភាសាកូរ៉េនៅភូមិជម្ពូវ័នវិញ តែមិនទាន់បានប៉ុន្មានថ្ងៃផងគឺមកដល់ថ្ងៃ៩ កុម្ភៈឆ្នាំ២០១៧ ស្រាប់តែនាងវេចបង្វិចគេចខ្លួនបាត់ពីផ្ទះនិងសាលារៀនដោយប្រាប់គេឯងថា រូបនាងមិនស្រួលខ្លួន សុំទៅផ្ទះនៅខេត្តមណ្ឌលគិរី ។ តែផ្ទុយទៅវិញ ក្រុមគ្រួសារ ពុំបានដឹង និងមិនបានឃើញ នាងត្រឡប់ទៅផ្ទះឯស្រុកនោះទេ ហើយមិនដឹងទៅណាឡើយគឺ បាត់ដំណឹងឈឹងតែម្តងមកទល់ពេលនេះ ។
ការបាត់ខ្លួននារីស្រស់ស្អាតដែលទើបស្គាល់រសជាតិស្នេហា ប្តីនៅនាយសមុទ្របានមួយថ្ងៃនេះ កំពុងធ្វើឲ្យប្តីទទួលដំណឹងអកុសលនិងកំពុងកើតទុក្ខ យំទួញសោក ស្រណោះប្រពន្ធទើបតែស្គាល់ក្លិន មិនគួរចាកចេញចោល បាត់ដំណឹងសូន្យឈឹងបែបនេះទេ។
យ៉ាងណាលោក ចាន់ អូន នៅតែអំពាវនាវដល់អស់លោក លោកស្រីណាបានស្គាល់ ឬឃើញកូនស្រីដែលបាត់ខ្លួនដូចមានភិនភាគក្នុងរូបថតនេះ មេត្តាជួយផ្តល់ដំណឹងតាមរយៈ ទូរស័ព្ទលេខ ០១៥ ៤៣៧ ៥៧៩ ឬ ០៩៧ ៧៣ ៤៤ ៣៥៥ ពួកគាត់នឹងអរគុណក្រៃលែង៕ ប្រាថ្នា