តុលាការ​ហាមឃាត់​ អ្នក​វិភាគ​នយោបាយ​ ដែល​ចោទ​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ សម្លាប់​លោក​បណ្ឌិត​កែម​ ឡី​ មិន​ឲ្យ​​ចេញ​ទៅ​ក្រៅ​ប្រទេស​

ចែករំលែក៖

ភ្នំពេញ ៖ តុលាការបានហាមឃាត់លោក គឹម សុខ អ្នកឃ្លាំមើលបញ្ហាសង្គមនិងនយោបាយ ដែលបានចោទប្រកាន់គណបក្សប្រជាជនកម្ពុជា ថា ជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី មិនឲ្យចាកចេញទៅក្រៅប្រទេស និង ត្រូវចូលបំភ្លឺនៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ខាងមុខនេះ ។

លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែកុម្ភៈ បានចេញដីកាបង្គាប់ កោះហៅលោកគឹម សុខ ក្នុងនាមជាជនសង្ស័យឲ្យចូលបំភ្លឺ ជុំវិញបណ្ដឹងរបស់លោក គី តិច មេធាវីតំណាងសម្តេចតេជោនាយករដ្ឋមន្ត្រី ។

លោក សៀង សុខ បញ្ជាក់ថា ដើម្បីកុំឲ្យមានការរាំងស្ទះដល់នីតិវិធីនៃការស៊ើបអង្កេត ការស្តាប់ចម្លើយជនសង្ស័យ និង ជាមូលដ្ឋានឈានដល់ការសម្រេចសេចក្ដីឲ្យបានត្រឹមត្រូវ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចហាមឃាត់មិនឲ្យលោក គឹម សុខ ចាកចេញទៅក្រៅប្រទេសនោះទេ ។

តុលាការ បានបង្គាប់ឲ្យមន្ត្រីនគរបាលយុត្តិធម៌ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដែលត្រួតពិនិត្យ តាមច្រកព្រំដែនផ្លូវគោក ផ្លូវអាកាស និង ផ្លូវទឹក ហាមឃាត់លោក គឹម សុខ មិនឲ្យចាកចេញទៅប្រទេសដទៃជាបណ្តោះអាសន្ន ។

គួរបញ្ជាក់ថា លោក គី តិច ជាមេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោ យល់ថា ភស្តុតាងពិតជាគ្រប់គ្រាន់ ដែលអាចឲ្យតុលាការចោទប្រកាន់លោក គឹម សុខ បាន និង បានប្តឹងទាមទារសំណងជំងឺចិត្តចំនួនពីរពាន់លានរៀល ឬ ៥0ម៉ឺនដុល្លារអាមេរិក ។

បណ្តឹងព្រហ្មទណ្ឌនេះ ត្រូវបានលោកមេធាវី គី តិច ដាក់ចូលអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ។

លោក គី តិច បានផ្តល់បទសម្ភាសន៍ ក្រោយពេលដាក់ពាក្យបណ្ដឹងរួចថា ក្នុងវេទិការបស់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី១១ ខែកុម្ភៈ ពិភាក្សាអំពី ការលាលែងរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ គឺ លោក គឹម សុខ បានបើកការវាយប្រហារមកលើគណបក្សប្រជាជនកម្ពុជា ដោយថា គណបក្សប្រជាជន បានរៀបចំផែនការប្លន់អំណាច ជាពិសេសបានចោទប្រកាន់ចំៗថា គណបក្សប្រជាជន ជាអ្នកសម្លាប់លោក បណ្ឌិត កែម ឡី ។

លោកមេធាវី បញ្ជាក់ថា ភស្តុតាងមួយចំនួន ពិសេសឃ្លីបវីដេអូដែលលោក គឹម សុខ បាននិយាយ នោះ គឺ គ្រប់គ្រាន់ដែលអាចឲ្យតុលាការចោទប្រកាន់លោក គឹម សុខ បាន តែការសម្រេចចោទប្រកាន់បទល្មើសអ្វីនោះ វាជាសមត្ថកិច្ចនិងការថ្លឹងថ្លែងរបស់ព្រះរាជអាជ្ញា ។

ការចោទប្រកាន់គ្មានមូលដ្ឋានបែបនេះ ត្រូវបានលោក គី តិច ចាត់ទុកថា ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស កិត្តិសព្ទ និង ភាពយន្តស្អាតស្អំរបស់គណបក្សប្រជាជនកម្ពុជា ហើយក៏បញ្ជាក់ពីចេតនាទុច្ចរិត បង្កជាការញុះញង់បំផុសបំផុល បញ្ឆេះកំហឹងដល់មហាជន ដែលអាចឲ្យកើតចលាចល ធ្ងន់ធ្ងរក្នុងសង្គមទាំងមូល ៕ ដោយ៖ចេស្តា

...

IMG_1377 IMG_1378

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print