ក្នុងពេលដែលសហគមន៍អន្តរជាតិ បានប្រតិកម្មយ៉ាងខ្លាំង ហើយស្នើឲ្យបន្ថែមទណ្ឌកម្មទៅលើកូរ៉េខាងជើង ក្នុងនោះ មាន ជប៉ុន កូរ៉េខាងត្បូង និងអង្គការសហ ប្រជាជាតិ ។ ចំណែកចិនវិញមានប្រតិកម្ម យឺតយ៉ាវជាងគេធ្វើឲ្យបណ្តាញផ្សព្វផ្សាយលោកខាងលិចចាត់ទុកថា ចិនមានបញ្ហា។
ក្រោយពេលបង្ហាញពីប្រតិកម្មរបស់ ខ្លួនបណ្តាញព័ត៌មានអាមេរិក CNN បាន វិភាគថា សកម្មភាពរបស់ទីក្រុងប៉េកាំង ចំពោះទីក្រុងព្យុងយ៉ាង គឺពិតជាយឺតយ៉ាវ។ ចិនតែងតែចេញសេចក្តីប្រកាសថ្កោល ទោសមុនគេនៅក្នុងការសាកល្បងគ្រាប់បែកបរមាណូនាពេលកន្លងមកប៉ុន្តែពេលនេះ ចិនមិនបានបង្ហាញពីសកម្មភាពដូចកាលពីមុនឡើយ ។
ចំណែកសារព័ត៌មាន The Times របស់អង់គ្លេសបានផ្សាយថា ទីក្រុងប៉េកាំង ដូចជាសប្បាយរីករាយនឹងជោគជ័យរបស់កូរ៉េខាងជើង។ ជោគជ័យនោះធ្វើឲ្យចិន មានឱកាសជាច្រើនក្នុងការដាក់គំនាបទៅលើរដ្ឋាភិបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ហើយចិនចង់ប្រាប់ទីក្រុងវ៉ាស៊ីនតោនថា មិនអាចខ្វះចិននៅក្នុងការដោះស្រាយបញ្ហាអាវុធរបស់កូរ៉េខាងជើងនោះឡើយ។
ដោយឡែកសារព័ត៌មាន Daily Mail បានផ្សាយថា ការដាក់ទណ្ឌកម្មពីសហគមន៍ អន្តរជាតិទៅលើកូរ៉េខាងជើងគ្មានផលនោះឡើយ មានតែចិនប៉ុណ្ណោះដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងកូរ៉េខាងជើង។
កាលពីថ្ងៃទី១៣ ខែកុម្ភៈ អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសថា ចិនបានប្រឆាំងនឹងការសាកល្បងកាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើង ជាមួយគ្នានោះចិនបានអំពាវនាវដល់ភាគីពាក់ព័ន្ធរក្សាការ អត់ធ្មត់ និងរក្សាសន្តិសុខស្ថិរភាពនៅក្នុង តំបន់។
ចំណែកសារព័ត៌មានចិនបានផ្សាយថា ពិភពលោកគួរតែ ផ្តល់ឱកាសដើម្បីទី្រក្រុងព្យុងយ៉ាងបោះបង់កម្មវិធីបរមាណូរបស់ ខ្លួនមិនត្រូវដាក់គំនាបខ្លាំងពេកឡើយ។ សារព័ត៌មានចិនក៏បានថ្កោលទោសដល់ បណ្តាញព័ត៌មានលោកខាងលិច ដែល បានផ្សាយថា ចិនអបអរសាទរក្នុងការសាក ល្បងកាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើង ប្រកបដោយជោគជ័យ។
ពាក់ព័ន្ធនឹងការសាកល្បងមីស៊ីលនោះដែរសារព័ត៌មានយន់ហាប បានរាយការណ៍ នៅថ្ងៃអង្គារនេះ តាមការអះអាងរបស់ភ្នាក់សម្ងាត់របស់កូរ៉េខាងត្បូងថា មីស៊ីលដែល កូរ៉េខាងជើងបានបាញ់ធ្វើតេស្តកាលពីថ្ងៃអាទិត្យ មានរយៈចម្ងាយវាយប្រហារពិតប្រាកដជាង២ពាន់គីឡូម៉ែត្រ។
ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ ជាតិកូរ៉េ ខាងត្បូងបាននិយាយថា ទីក្រុងព្យុងយ៉ាងបានបាញ់មីស៊ីលផ្លោងមធ្យមដែលមាន កម្រិតកម្ពស់ដល់ទៅ៥៥០គីឡូម៉ែត្រ និង ហោះបានចម្ងាយប្រហែល ៥០០គីឡូ ម៉ែត្រ ដោយបាញ់នៅកម្រិតមុំកម្ពស់ ៨៩ ដឺគ្រេ ពីប្រព័ន្ធបាញ់ចល័ត។
ស្របគ្នានេះដែរ មន្ទីរបញ្ចកោណ សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានថ្កោលទោលជាខ្លាំងចំពោះតេស្តមីស៊ីលកូរ៉េខាងជើង និងលើកឡើងនូវការបន្តបេ្តជ្ញាចិត្តដើម្បីការពារប្រទេសខ្លួន និង សម្ព័ន្ធមិត្តគឺជប៉ុន និងកូរ៉េខាងត្បូង៕
ប្រែសម្រួល៖ ម៉ែវ សាធី