ភ្នំពេញ៖ ទោះបីជាមានដំណឹងស្នេហ៍ក្រៅឆាកក្លែងក្លាយក្តីក៏ពេជ្រ សោភា និង ឆឹម សក្កដា បានបង្កើតឈុតឆាកស្នេហាលើកឆាកតន្ត្រីបន្តផ្ទាល់ចំថ្ងៃបុណ្យនៃសេចក្តីស្រលាញ់។ ឈុតឆាកស្នេហាផ្អែមល្ហែមនេះបានធ្វើឲ្យអ្នកគាំទ្រពួកគេរំភើបជំនួសពេជ្រ សោភា ដែលមានសង្សារកំពូលចិត្តនៅជិតខ្លួន។
បន្ទាប់ពីដំណឹងលែងលះប្តីជាអាណិកជនរស់នៅសហរដ្ឋអាមេរិកមិនបានប៉ុន្មានផងតារាចម្រៀងប្រចាំផលិតកម្មហង្សមាស អ្នកនាងពេជ្រ សោភា បានបង្កើតឲ្យមានការភ្ញាក់ផ្អើលមួយកាលពីថ្មីៗនេះ គឺក្រោយពីនាងបានសារភាពរឿងរ៉ាវទំនាក់ទំនងស្នេហ៍ជាមួយនឹងតារាសម្តែងវ័យក្មេង លោកឆឹម សក្កដា។ ទោះជាយ៉ាងមានការទម្លាយថា វាគឺជាស្នេហាក្លែងក្លាយប៉ុណ្ណោះប៉ុន្តែដំណឹងនេះត្រូវបានពួកគេធ្វើការបដិសេធ។ ក្រៅពីបដិសេធពួកគេបានបង្កើតឈុតឆាកផ្អែមល្ហែមជាច្រើន បើទោះបីជាមានអ្នកលើកឡើងថាជាការសម្តែងក្តី។
ក្នុងថ្ងៃនៃក្ដីស្រឡាញ់កាលពីយប់ទី១៤ កុម្ភៈ តារាសម្ដែង លោកឆឹម សក្កដា និងអ្នកនាងពេជ្រ សោភា បានលេងឈុតឆាកស្នេហាផ្អែមល្ហែមខ្លាំង នៅលើឆាកតន្ត្រីរបស់ទូរទស្សន៍អាស៊ីអាគ្នេយ៍ ជាមួយនឹងការសារភាពស្នេហ៍របស់តួប្រុសចំពោះតួស្រី ។
ពាក្យ”មិត្ត១០០ឆ្នាំ”នេះបានចេញពីមាត់តារាប្រុសឆឹម សក្កដា ទៅកាន់ពេជ្រសោភា គឺក្រោយពីនាងបានចេញបទចម្រៀងថ្មី”មិត្ត១០០ឆ្នាំ”កាលពីពេលថ្មីៗនេះ ហើយពួកគេក៏បានសម្តែងរួមគ្នាផងដែរ។ អ្នកនាងពេជ្រ សោភា រំភើបខ្លាំងរហូតបង្ហូរទឹកភ្នែករំភើបនៅឆាកតន្ត្រី ដោយបានទាំងអោបតួប្រុស ក្នុងពេលទទួលបាច់ផ្កានោះផង។ អ្វីដែលគេគិតថារំភើបសម្រាប់ពេជ្រ សោភា គឺអ្នកផលិតកម្មវិធីបានឲ្យ លោកឆឹម សក្កដា មកពញាក់អារម្មណ៍នាងដល់លើឆាក និងសារភាពស្នេហ៍ ដោយលោកសុំស្រឡាញ់អ្នកនាង និងសុំជាមិត្ត១០០ឆ្នាំ ដើម្បីនៅថែអ្នកនាងអស់មួយជីវិតនោះ៕ វឌ្ឍនា