ភ្នំពេញ៖ កីឡាករប្រដាល់៤នាក់ចុង ក្រោយត្រូវឡើងប្រជែងគ្នាដើម្បីដណ្តើមយកកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រោយ ពីពួកគេបានឆ្លងកាត់វគ្គជម្រុះចំនួន២លើករួចហើយគឺវគ្គជម្រុះ៣២នាក់ដំបូង និង វគ្គជម្រុះ១៦នាក់ជុំទី២។ ចំណែកឯសប្តាហ៍ នេះពួកគេទាំង៤នាក់នឹងសម្រេចជោគ វាសនាចុងក្រោយរបស់ខ្លួនដើម្បីឈានទៅដណ្តើមពានរង្វាន់ជើងឯកTV5 Knock Out Series ទម្ងន់៦០គីឡូក្រាមនៅសង្វៀន Tiffy Arena នាថ្ងៃសៅរ៍ទី១៨ ខែកុម្ភៈ ឆ្នាំ ២០១៧ ។
សម្រាប់កីឡាករ៤នាក់ដែលត្រូវប្រកួត ជម្រុះចុងក្រោយគឺកីឡាករ វ៉ែន សុភ័ក្រ មកពីក្លិបកងពលតូចទ័ពឆត្រយោង៩១១ និងប្រកួតជាមួយ ឃីម បូរ៉ា មកពីក្លិបរស្មី ភូមិគាបខេត្តបន្ទាយមានជ័យ។ ចំណែកឯ កីឡាករ បឺត សង្ឃឹម មកពីក្លិបរ៉ាហាប់ស្វាយ ប៉ាកត្រូវជួបជាមួយកីឡាករ ជ័យ ប៊ុនសង់ មកពីក្លិបគីសែមានប្ញទ្ធិ ខណៈមានកីឡាករ ២នាក់រួចហើយបាននិងកំពុងឈរចាំនៅ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះគឺកីឡាករ ឡុង សំណាង ក្លិបសាលវ័ន្តកីឡា និងកីឡា ករលាស់ យីន ក្លិបសម្រែករាជសីហ៍ ។
ជំនួបប្រកួតរវាងវ៉ែន សុភ័ក្រ និង ឃីម បូរ៉ា តាមក្រុមអ្នកវិភាគប្រដាល់កត់សម្គាល់ឃើញថា មកដល់ដំណាក់កាលនេះសមត្ថភាពកាន់តែប្រសើរឡើងមិនអាចកំណត់ ថា នរណាឈ្នះនរណាចាញ់នោះទេ ព្រោះ វ៉ែន សុភ័ក្រ ថ្វីដ្បិតតែជាកីឡាករថ្មីនិងធ្លាប់វាយចាញ់បូរ៉ាដោយពិន្ទុម្តងក៏ដោយ ប៉ុន្តែ ស្នៀតជង្គង់ កណ្តាប់ដៃ និងជើង ព្រមទាំង ស្នៀតវាយកែងរបស់គេល្អគួរសម។ រីឯ កីឡាករ ឃីម បូរ៉ា វិញជាអ្នកប្រដាល់ជើង ចាស់ស្នៀតកណ្តាប់ដៃនិងជង្គង់ល្អ។ ដោយ ឡែកជំនួបរវាងបឺត សង្ឃឹម នឹង ជ័យ ប៊ុន សង់វិញពិបាកទាយទុកមុនថានរណាខ្លាំងអ្នកណាខ្សោយណាស់ ព្រោះបឺតសង្ឃឹម ជាអ្នកប្រដាល់ស្រករក្រោយប៊ុនសង់ក៏ពិតមែន ប៉ុន្តែគេមានកម្លាំងកាយសម្បទារឹងមាំនិងចេះប្រើគ្រប់ស្នៀត។ កន្លងមក បឺត សង្ឃឹម ធ្លាប់វាយឈ្នះជើងចាស់វៀត ប៊ុនឌឿន មកពីសមាគមកីឡាក្រសួងការពារជាតិដោយពិន្ទុ។ រីឯជ័យ ប៊ុនសង់ វាយឈ្នះតាំង សី ហាមកពីក្លិបកងពលតូចលេខ៧០ដោយ ពិន្ទុដែរ ៕ សារីម