ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើងបន្ទាប់ពីក្រុមចោរឆក់កាបូប បានធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់បានសម្រេចហើយ ព្យាយាមបើកម៉ូតូរត់គេចខ្លួនតែត្រូវប្រជាពលរដ្ឋនាំគ្នាអន្តរគមន៍ដេញតាមចាប់ខ្លួន ធ្វើឲ្យជនសង្ស័យភ័យក៏បោះកាបូបជនរងគ្រោះចោលវិញនិងបន្ដួលម៉ូតូចោលរួចរត់ទៅជិះម៉ូតូបក្ខពួកគេចខ្លួនបាត់ ។
ករណីខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង១១និង៤០នាទីព្រឹក ថ្ងៃទី ១៥ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ១៨២ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ស្ត្រីរងគ្រោះមានឈ្មោះ ស៊ីណាត ភេទស្រី ជនជាតិខ្មែរ មុខរបរលក់ដូរនៅផ្សារអូរឫស្សី ស្នាក់នៅក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ជិះម៉ូតូហុងដាសេ១២៥ ស៊េរីឆ្នាំ២០០៧ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1V-4629 បានដឹកអីវ៉ាន់និងស្ពាយកាបូប។
សាក្សីឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា មានស្ត្រីម្នាក់ជិះម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1V-4629 បើកបរពីកើតទៅលិច តាមបណ្តោយផ្លូវ១៨២ ហៅផ្លូវទេពផន មកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យចំនួន៣នាក់ជិះម៉ូតូចំនួន២គ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅមិនចាំស្លាកលេខ ជិះគ្នាចំនួន២នាក់ រីឯអ្នកធ្វើសកម្មភាពឆក់កាបូបពីស្ត្រីជនរងគ្រោះជិះម៉ូតូម្នាក់ឯង ម៉ាកស៊ុយសាគីលែត ពណ៌ផ្កាឈូកលាយស ទើបទិញពីម្សិលមិញ ដោយមានសំបុត្រទិញនៅខាងក្រោមកែប ។
ប្រភពបន្តទៀតថា ពេលភ្លាមៗជនសង្ស័យឆក់កាបូបស្ពាយបានហើយក៏ប៉ះម៉ូតូជាមួយស្ត្រីរងគ្រោះបានដួល ហើយរត់ឡើងជិះម៉ូតូជាមួយបក្ខពួក ស្រាប់តែជនបរទេសម្នាក់ជិះម៉ូតូដេញតាមពួកជនសង្ស័យ ទៅដល់ជិតស្តុបខេរ៉ាអូខេ នគរសំរិទ្ធ ទើបជនសង្ស័យទម្លាក់កាបូបចោល ហើយបើកម៉ូតូគេចខ្លួនបាត់ស្រមោល ។ ដោយនៅក្នុងហេតុការណ៍ឆក់កាបូបនេះ ស្ត្រីរងគ្រោះនិងម៉ូតូជនសង្ស័យបានដួលប៉ះរថយន្តព្រួស តែម្ចាស់រថយន្តមិនទាមទារសំណង់ឡើយ គឺទុកជូនសមត្ថកិច្ចយកទៅស្រាវជ្រាវរកមុខសញ្ញាមកទទួលទោសតាមផ្លូវច្បាប់។
បច្ចុប្បន្នស្ត្រីរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់ទឹកល្អក់ទី២ រីឯម៉ូតូជនសង្ស័យត្រូវបាននរគបាលយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីស្រាវជ្រាវរកជនសង្ស័យយកមកចាត់ការតាមនីតិវិធី ៕ ស តារា