ភ្នំពេញ៖ ស្ត្រីជាកម្មការិនីរោងចក្រម្នាក់រត់មកប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅសុំកិច្ចអន្តរាគមន៍ខណៈដែលស្ត្រីរូបនេះបានចាញ់បោកគេតាមទូរស័ព្ទដោយប្រាប់ថា រួបគាត់បានឈ្នះរង្វាន់ជាទឹកប្រាក់ចំនួន១ម៉ឺនដុល្លារ ហើយឲ្យផ្ញើលុយទៅឲ្យគេសម្រាប់រត់ឯកសារបើកលុយជាបន្តបន្ទាប់រហូតអស់លុយពីខ្លួនអស់ដល់ទៅ១.១៥០ដុល្លារទើបភ្ញាក់ខ្លួន។
ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ លុះវេលាម៉ោង១រសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ទើបស្ត្រីរងគ្រោះរត់ទៅប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅជួយធ្វើអន្តរាគមន៍។
ស្ត្រីដែលចាញ់បោកគេនោះឈ្មោះ ហម ផល្លី អាយុ៣០ឆ្នាំ មុខរបកម្មការិនីរោងចក្រ ស្នាក់នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ហើយលុយដែលចាញ់បោកគេនោះសរុបចំនួន១.១៥០ដុល្លារ។
តាមការៀបរាប់ពីស្ត្រីរងគ្រោះបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ មានមនុស្សម្នាក់បានទូរស័ព្ទមកគាត់ដោយប្រាប់ថា រួបគាត់បានឈ្នះរង្វាន់ពីធនាគារអេសីុលីដាជាទឹកប្រាក់ចំនួន៥.០០០ដុល្លារ ។ បន្ទាប់មកជននោះក៏បានឲ្យគាត់ផ្ញើលុយទៅឲ្យគេដើម្បីរត់ឯកសារបើកប្រាក់រង្វាន់ដោយបញ្ជាក់ថា ប្រាក់ទាំងនោះគេនិងវេរតាមគណនេយ្យវីងជូន ។ ពេលឮដូច្នេះគាត់ត្រេកអរយ៉ាងខ្លាំងទើបយល់ព្រមដោយផ្ញើទៅម្តង១០០ដុល្លារជាបន្តបន្ទាប់។
ស្ត្រីរងគ្រោះបានបន្តថា ក្រោយមកទៀតជននោះក៏បានទូរស័ព្ទមកគាត់ម្តងទៀតប្រាប់ថា លុយរបស់គាត់កើនឡើងរហូតដល់១មឺុនដុល្លារហើយ។ ដំណឹងនេះទឹកតែ ធ្វើឲ្យគាត់មានចិត្តរំភើបក្រៃលែងរកអ្វីប្រៀបផ្ទឹមមិនបានតែមិននឹកស្មានថា រូបគាត់ចាញ់បោកគេផ្ញើលុយទៅជាបន្តបន្ទាប់រហូតអស់ចំនួន១.១៥០ដុល្លារ ។ ក្រោយមកជនដែលបានទូរស័ព្ទមកនោះគាត់ទាក់ទងមិនបាន ទើបដឹងថា គាត់ចាញ់បោកគេ។ ពេលដឹងរឿងនេះបងប្អូនបានឲ្យគាត់ទៅប្តឹងសមត្ថកិច្ចសុំកិច្ចអន្តរាគមន៍ភ្លាមៗ តែមិនដឹងថា សមត្ថកិច្ចជួយបានដែរ ឬទេ ៕ សុខាសែនជ័យ