ខេត្តព្រះសីហនុ៖ នៅវេលាម៉ោងប្រមាណ១០និង៣០នាទីយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ត្រង់ចន្លោះគីឡូម៉ែត្រលេខ២១៥-២១៦ តាមផ្លូវជាតិលេខ៤ ត្រង់ចំណុចចំណោតអូរត្រាវ ស្ថិតក្នុងសង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ដែលជាចំណុចជើងកបឧស្សាហ៍មានគ្រោះថ្នាក់ចរាចរណ៍បំផុត។ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាក លេខព្រះសីហនុ1D-3088 បើកបរទិសដៅចេញពីក្រុងព្រះសីហនុទៅកាន់ស្រុកព្រៃនប់ លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកជាមួយរថយន្ត១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ3C-2628 ដែលចតនៅលើផ្លូវបណ្តាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថា អ្នកបើកម៉ូតូឈ្មោះសុខ វណ្ណា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកម្មកររោងចក្រធ្វើស៊ុំរូបថត មានទីលំនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុុ (អ្នកបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាពទេ)។
ក្រោយកើតហេតុសាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារមកទទួលដឹកយកទៅទៅលំនៅដ្ឋានដើម្បីចាត់ចែងធ្វើបុណ្យទៅតាមប្រពៃណី។ ដោយឡែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យចរាចរផ្លូវគោកយកទៅរក្សាទុកដើម្បីដោះស្រាយទៅតាមនីតិវិធីច្បាប់៕ ឆ្លាម សមុទ្រ
...