ភ្នំពេញ៖ យ៉ាងហោចណាសមានមនុស្ស៣នាក់ បានរងរបួសធ្ងន់ស្រាល ដោយសារបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីមសេ១២៥ មួយគ្រឿងក្នុងល្បឿនលឿន បានជ្រុលទៅបុកពីក្រោយរ៉ឺម៉កដឹកឥវ៉ាន់យ៉ាងពេញទំហឹង កាលពីវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ នៅលើបណ្តោយផ្លួវជាតិលេខ៤ ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពពត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FC-0515 ដែលជិះក្នុងទិសដៅពីលិចកើត ក្នុងល្បឿនលឿន។ លុះមកដល់ចំណុចកើតហេតុខាងលើ ដោយស្ថានភាពផ្លូវងងឹតមិនមានភ្លើងបំភ្លឺ ជាហេតុធ្វើឲ្យបុរសនោះមើលមិនឃើញក៏ជ្រុលទៅបុកចំពីក្រោយរ៉ឺម៉កដឹកឥវ៉ាន់ មួយគ្រឿងមិនមានស្លាកលេខ ជិះដោយបុរសស្រ្តី ២នាក់ ចំយ៉ាងពេញទំហឹង បណ្តាលឲ្យបុរសជិះម៉ូតូហុងដាឌ្រីមរងរបួសធ្ងន់ឯបុរសស្រ្តី២នាក់ដែលជិះរ៉ឺម៉កដឹកឥវ៉ាន់រងរបួសស្រាល។ ចំណែកម៉ូតូនិងរ៉ឺម៉កដឹកឥវ៉ាន់ក្រឡាប់ផ្ងារជើង រងការខូចខាត ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុ និងបានហៅរថយន្តសាមុយមកដឹកយកអ្នករងរបួសទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែកម៉ូតូនិងរ៉ឺម៉កដឹកឥវ៉ាន់ត្រូវបានសមត្ថកិច្ច បានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីរងចាំការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់នៅពេកក្រោយ ៕
ដោយ៖ វិបុល