ភ្នំពេញ៖ ម៉ូតូសុយស៊ូគីស្តេបមួយគ្រឿងបានរងការខូចខាតខ្ទេចផ្នែកខាងមុខ និងនារីម្នាក់បានរងរបួសបែកក្បាល ដោយសារតែនាងបើកបរម៉ូតូក្នុងល្បឿនលឿន ក៏ជ្រុលចង្កូតទៅបុករនាំងដែកពុះចែកទ្រូងផ្លូវតែម្ដង ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១១និង២០នាទីយប់ ថ្ងែទី១៧ ខែសីហា ឆ្នាំ២០១៥ តាមបណ្ដោយផ្លូវព្រះសីហនុ ទល់មុខនឹងក្រុមហ៊ុនសេលខាត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតគេឃើញនារីម្នាក់ជិះម៉ូតូសុយស៊ូគីស្តេប ពណ៌ខ្មៅលាយក្រហម ពាក់ស្លាក់លេខភ្នំពេញ1AQ-8405 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសីហនុក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន។ ខណៈមកដល់ចំណុចកើតហេតុ មានបំណងបត់ស្ដាំតែកាច់ចង្កូតមិនទាន់ ក៏ជ្រុលទៅបុក រនាំងដែកពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យដួលម៉ូតូបោកនឹងថ្នល់រងរបួសបែកក្បាល ។
ក្រោយពេលកើតហេតុរថយន្តសារម៉ុយបានមកដឹកយកជនរងគ្រោះ ប៉ុន្តែជនរងគ្រោះមិនព្រមឡើងរថយន្ត ដោយបានឡើងម៉ូតូមួយទៀតជិះចេញទៅ។ ចំណែកឯម៉ូតូត្រូវបានលើកដាក់រ៉ឺម៉ក់កងបី ដឹកយកទៅផ្ទះបាត់ទៅ ៕
ដោយ៖ វិបុល