ភ្នំពេញ៖ លោក ប៉ា សុជាតិវង្ស បានសន្យា និងពន្លឿនការចុះកិច្ចសន្យារវាងក្រុមហ៊ុនស៊ិនទ្រី និងខណ្ឌទាំង១២ នៅឆមាសទី២នេះ ដើម្បីកុំឲ្យក្រុមហ៊ុនសុិនទ្រី ជិះសេះលែងដៃដូចសព្វថ្ងៃ រឿងប្រមូលសំរាមនៅតាមបណ្ដាខណ្ឌដែលខ្លួនទទួលសិទ្ធិអាជីវកម្ម ។ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានសន្យាបែបបនេះខណៈទទួលជួបជាមួយក្រុមហ៊ុនស៊ិនទ្រី និងអាជ្ញាធរពាក់ព័ន្ធនានា ដើម្បីពិភាក្សា ផ្សព្វផ្សាយ និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅលើការអនុវត្តនូវកិច្ចសន្យាជាមួយបណ្ដាខណ្ឌទាំង៤កណ្ដាលក្រុងកន្លងមក ។ ជំនួបនេះ បានប្រព្រឹត្ដទៅកាលពីរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសាលារាជធានីភ្នំពេញ ។
លោក ប៉ា សុជាតិវង្ស បានបន្ដថា អាជ្ញាធររាជធានីភ្នំពេញខិតខំពន្លឿនការងារអនាម័យបរិស្ថានទីក្រុងនេះឲ្យបានល្អតាមរយៈការចុះកិច្ចសន្យាជាបន្តបន្ទាប់ទៀតឲ្យបានក្នុងឆមាសទី២ឆ្នាំនេះជាមួយខណ្ឌផ្សេងទៀត។
លោកបន្ដថា បន្ទាប់ពីបានចុះកិច្ចសន្យាជាមួយខណ្ឌទាំង១២ និងក្រុមហ៊ុនសុិនទ្រីរួចបញ្ហាសំរាមបានកាត់បន្ថយគួរឲ្យកត់សម្គាល់ ប៉ុន្តែយើងក៏ទទួលស្គាល់ថានៅមានបញ្ហាខ្លះៗដែលនៅសេសសល់ត្រូវតែដោះស្រាយ។
លោកបន្ដទៀតថា កិច្ចការដែលត្រូវធ្វើបន្តរួមមាន ១-ទាំងក្រុមហ៊ុន និងអាជ្ញាធរខណ្ឌត្រូវគិតគូរឲ្យរួចរាល់ ដើម្បីរៀបចំចុះកិច្ចសន្យាជាមួយខណ្ឌដែលមិនទាន់ចុះកិច្ចសន្យា។
២-មន្ដ្រីជំនាញអាជ្ញាធរាជធានីភ្នំពេញរួមជាមួយអាជ្ញាធរខណ្ឌ និងក្រុមហ៊ុនសុិនទ្រីត្រូវពិភាក្សា និងសិក្សាលើការកំណត់តម្លៃសំរាមជាឯកត្តាណាមួយឲ្យបានច្បាស់លាស់។
ក្រោយពីបានឯកភាពចុះកិច្ចសន្យាការសម្អាតអនាម័យ បរិស្ថាន ក្រុមហ៊ុនសុិនទ្រី និងអាជ្ញាធរពាក់ព័ន្ធ ត្រូវចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឲ្យយល់ដឹងពីការទុកដាក់សំរាម ដើម្បីលុបបំបាត់បញ្ហាសំរាមក្នុងរាជធានីភ្នំពេញឲ្យនៅកំរិតទាបបំផុត ៕ សំរិត
...