ខេត្តបាត់ដំបង៖ ស្រ្តីខ្មែរ២នាក់ដែលធ្វើការងារនៅក្នុងប្រទេសថៃហើយត្រូវឃាតកជាកម្មករខ្មែរដូចគ្នាកាប់និងចាក់សម្លាប់នៅក្នុងដីថៃយ៉ាងព្រៃផ្សៃនោះកាលពីប៉ុន្មានថ្ងៃមុននេះបើតាមសេចក្តីរាយការណ៍ឱ្យដឹងថាក្នុងចំណោមស្រ្តីរងគ្រោះទាំង២នាក់មានម្នាក់ដែលជាប្រពន្ធឃាតកហើយប្តីរូបនោះជាជនជាតិខ្មែរចូលធ្វើការងារជាកម្មករជាមួយប្រពន្ធហើយបែកថ្នាំក៏ ធ្វើសកម្មភាពចាក់និងកាប់សម្លាប់ប្រពន្ធ និងអ្នករួមការងារជាមួយ។
សពកម្មករស្រ្តីខ្មែរ២នាក់ត្រូវបានអាជ្ញាធរថៃដឹកយកមកប្រគល់ឱ្យអាជ្ញាធរ និងសមត្ថកិច្ចខ្មែរតាមច្រកអន្តរជាតិដូងស្រុកកំរៀងខេត្តបាត់ដំបងកាលពីវេលាម៉ាង១០ យប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ដើម្បីប្រគល់ឱ្យក្រុមគ្រួសារសពយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត។
លោកវរសេនីយ៍ត្រី នូ ពេជ្រ អនុប្រធានក្រុមការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃប្រចាំច្រកអន្តរជាតិដូង បានប្រាប់ឱ្យដឹងថា ស្រ្តីរងគ្រោះទាំង២នាក់ ទី១-ឈ្មោះ ង៉ែត ធា អាយុ៣០ឆ្នាំ ស្រ្តីរងគ្រោះរូបនេះជាប្រពន្ធឃាតក ទី២-ឈ្មោះ ហ៊ូ ស្រីម៉ៅ អាយុ២១ឆ្នាំ។ ចំណែកឃាតក ឈ្មោះ សាន់ ត្រឿន អាយុ៣៥ឆ្នាំ ពួកគេទាំង៣នាក់រស់នៅក្នុងទីរួមខេត្តតាកែវហើយឆ្លងដែនចូលធ្វើការងារជាកម្មករបេះផ្លែមៀននៅស្រុកពោណាំរ៉ង ខេត្តច័ន្ទបុរី តាមច្រកអន្តរជាតិដូងកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧។
លោកប្រាប់ឱ្យដឹងទៀតថាជុំវិញហេតុការណ៍នោះឃាតកដែលសម្លាប់ប្រពន្ធខ្លួនឯងនិងស្រ្តីម្នាក់ទៀតនៅស្រុកភូមិជាមួយគ្នាបន្ទាប់ពីឃាតកធ្វើសកម្មភាពរួចហើយ ក៏ត្រូវបានតម្រួតថៃចាប់ឃាត់ខ្លួនយកទៅផ្តន្ទាទោសតាមផ្លូវច្បាប់។
សូមរំលឹកថា កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នា២០១៧ មានអំពើឃាតកម្មមួយទៅលើស្រ្តីខ្មែរ២នាក់ធ្វើការងារជាកម្មករបេះផ្លែមៀនក្នុងទឹកដីថៃ ស្ថិតនៅក្បែរប៉ុស្តិ៍តម្រួតព្រំដែនថៃលេខ១១៥ ក្នុងស្រុកពោណាំរ៉ង ខេត្តច័ន្ទបុរី ប្រទេសថៃ ឈមនឹងស្រុកកំរៀង ខេត្តបាត់ដំបង ប្រទេសកម្ពុជា ឃាតកបានកាប់និងចាក់សម្លាប់ស្រ្តីរងគ្រោះបណ្តាលឱ្យស្លាប់ ។
ចំណែកឃាតកបន្ទាប់មកត្រូវបានតម្រួតថៃតាមចាប់ឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពចាក់និងកាប់ស្លាប់ស្រ្តីរងគ្រោះទាំង២នាក់រួចហើយនោះ។តម្រួតថៃស្រាវជ្រាវនិងស៊ើបអង្កេតទើបដឹងថាជនសង្ស័យជាឃាតកជាប្តីស្រ្តីរងគ្រោះម្នាក់ក្នុងចំណោមស្រ្តីរងគ្រោះទាំង២នាក់ ។ ការចាក់សម្លាប់ពីសំណាក់ជនល្មើសទៅលើស្រ្តីរងគ្រោះមុនដំបូងគេចាក់សម្លាប់ស្រ្តីម្នាក់ដែលរស់នៅភូមិ ជាមួយគ្នា និងកំពុងធ្វើការងារនៅក្នុងចម្ការទឹកដីថៃបន្ទាប់មកជនល្មើសក៏បន្តទៅកាប់និងចាក់សម្លាប់ប្រពន្ធខ្លួនឯងថែមទៀត ដោយសារតែជនល្មើសបែកថ្នាំ មិនជាប់ពាក់ព័ន្ធនឹងរឿងប្រចណ្ឌនោះឡើយ៕ សំ វិច្ឆិកា