ភ្នំពេញ៖ កីឡាករកីឡាការិនីថ្នាលរបស់កម្ពុជាផ្នែកអត្តពលកម្មបានធ្វើការហ្វឹកហាត់ត្រៀមលក្ខណៈទៅចូលរួមប្រកួតចំនួន៣ព្រឹត្តិការណ៍ផ្សេងគ្នាចាប់ពីខែមីនាតទៅ។ នេះបើតាមការឲ្យដឹងពីលោក ពៅ ស៊ីថា គ្រូបង្វឹកយុវជនថ្នាលជម្រើសជាតិកម្ពុជាកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧នៅ ទីលានបាល់ទាត់ក្នុងពហុកីឡដ្ឋានជាតិ ។
លោក ពៅ ស៊ីថា បានឲ្យដឹងថា តាម គម្រោងរបស់សហព័ន្ធកីឡាអត្តពលកម្ម កម្ពុជាបានដាក់ផែនការតាមការណែនាំ របស់ក្រសួងអប់រំយុវជននិងកីឡាដែលមានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាជាសេនាធិការ និងគ្រប់គ្រងកីឡាករកីឡាការិនី ជម្រើសជាតិទាំងឈុតធំនិងឈុតតូច។ ក្នុង នោះសហព័ន្ធបានត្រៀមកីឡាករកីឡាការិនី ៨នាក់យកមកបង្វឹកហាត់ត្រៀមទៅចូលរួមប្រកួត៣ព្រឹត្តិការណ៍ ក្នុងនោះមានដូចជាការប្រកួតជ្រើសរើសជើងឯកយុវជន អាស៊ីអាគ្នេយ៍ដែលនឹងប្រព្រឹត្តទៅនៅខែ មីនាខាងមុខនេះ។ ការប្រកួតជ្រើសរើសជើងឯកយុវជនអាស៊ីនៅប្រទេសថៃ និងព្រឹត្តិការណ៍ប្រកួតកីឡាសិស្សនិស្សិត (School Games ) នៅប្រទេសសិង្ហបុរី ។
លោកបានបន្តថា ចំពោះ៣ព្រឹត្តិការណ៍នេះមានវិញ្ញាសាប្រកួតដូចគ្នាដូចជារត់ ចម្ងាយ១០០ម៉ែត្រ, ២០០ម៉ែត្រ, ៤០០ ម៉ែត្រ, ៨០០ម៉ែត្រ និង១.៥០០ម៉ែត្រ ។ ប៉ុន្តែសម្រាប់យុវជនកម្ពុជាសហព័ន្ធបានដាក់ផែនការឲ្យហ្វឹកហ្វាត់ត្រៀមតែវិញ្ញាសារត់ល្បឿន និងរត់មធ្យមប៉ុណ្ណោះ ។ ការដាក់ឲ្យកីឡាករកីឡាការិនីលេងវិញ្ញាសា តិចបែបនេះដោយសារតែយុវជនរបស់ យើង ទើបតែចាប់ផ្តើមជាង១៤ខែក្នុងជំរំប្រមូលផ្តុំហ្វឹកហាត់ដោយបែងចែងពេល វេលាហ្វឹកហាត់ជា៣ដំណាក់កាល ទី១- ហ្វឹកហាត់មូលដ្ឋានគ្រឹះ ទី២-ការហ្វឹកហាត់ បច្ចកទេស និងទី៣-ហ្វឹកហាត់កម្លាំង កាយសម្បទា ។
លោកបានបញ្ជាក់ថា ចំពោះការចេញដំណើរទៅប្រកួតនៅក្នុងព្រឹត្តិការណ៍ទាំង៣ខាងលើនេះគឺដើម្បីជំរុញឲ្យយុវជន របស់យើងដែលបានហ្វឹកហាត់រយៈពេល ជាង១ឆ្នាំបានចូលរួមដកស្រង់បទពិសោធន៍ ព្រោះកម្រិតរបស់យុវជនយើងមិនទាន់ អាចប្រកួតប្រជែងនឹងកីឡាករកីឡាការិនីប្រទេសក្នុងតំបន់អាស៊ីបានទេ។ ក្នុង ចំណោមកីឡាករកីឡាការិនីថ្នាលទាំង៨នាក់ក្នុងនោះមានស្រី ៤នាក់បាននិងកំពុងខិតខំហ្វឹកហាត់ជាប់ជាប្រចាំ ។ បើតាម ការកត់សម្គាល់របស់លោកយុវជនទាំង៨ នាក់នេះមានកម្រិតបច្ចេកទេសកើនឡើងប្រមាណ៣០% រយៈពេលហ្វឹកហាត់ជាង១ឆ្នាំកន្លងមកនេះ ៕ សារីម