ក្រុងប៉ោយប៉ែត៖ ធ្លាយរឿងក្មេងប្រុស ម្នាក់អាយុ៨ឆ្នាំនៅចាំផ្ទះជាមួយបងប្រុសត្រូវជនមិនស្គាល់មុខចាប់ដាក់ក្នុងរថយន្តដឹកទៅ បាត់បង្កឲ្យភ្ញាក់ផ្អើលពេញក្រុងប៉ោយប៉ែត។តាមពិតក្មេងទាំង២នាក់បងប្អូននាំគ្នាទៅ លេងទឹកស្រះក្នុងការដ្ឋានកាយដី មួយកន្លែងជាមួយក្មេងដទៃទៀតហើយលង់ទឹកស្លាប់ ដោយខ្លាចម្តាយឪពុកវាយទើបក្មេងប្រុសជាកូនច្បងកុហក់ឪពុកម្តាយថា ប្អូនត្រូវបានគេ ចាប់ តែនៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ ទើបបែកធ្លាយរឿងនេះ។
គួររំលឹកថា កាលពីម៉ោងជាង៥ល្ងាច ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ខណៈម្តាយ ឪពុកត្រឡប់មកពីធ្វើការវិញឮកូនប្រុសឈ្មោះសេង មុន្នីសូសែង អាយុ១០ឆ្នាំ ប្រាប់ ថា ពេលដែលពួកគាត់រវល់ចេញទៅធ្វើការនៅកាស៊ីណូដោយទុកកូនប្រុសរបស់ខ្លួន២នាក់បងប្អូនឲ្យនៅចាំផ្ទះគ្រាដែលក្មេងរងគ្រោះឈ្មោះសេង មុន្នីស័គ អាយុ៨ឆ្នាំ នៅ លេងមុខផ្ទះ ចំណែកបងប្រុសឈ្មោះ សេង មុន្នីសូសែង អាយុ១០ឆ្នាំ នៅក្នុងផ្ទះ ស្រាប់តែមានជនមិនស្គាល់មុខ១ក្រុមបើរថយន្ត ទួរីសពណ៌សមកចាប់ក្មេងរងគ្រោះដាក់ក្នុង រថយន្ត ហើយបើកគេចខ្លួនទៅបាត់។ តាំង ពីម៉ោង៣រសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧គាត់ក៏បានរត់ទៅប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ភ្លាមៗតែម្តង។
លោក អឹុម សុភារៈ នាយប៉ុស្តិ៍រដ្ឋបាលប៉ោយប៉ែតប្រាប់ថា កាលពីល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ទទួលបណ្តឹងពីឈ្មោះ តឹង គឹមសេង ឪពុកក្មេងរងគ្រោះនិងម្តាយឈ្មោះហុច សារ៉េត រស់នៅភូមិចាន់គិរី សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមាន ជ័យដោយដឹងថា កូនគាត់ឈ្មោះសេង មុន្នី រិតស័គ ភេទប្រុស អាយុ៨ឆ្នាំ ត្រូវជនមិនស្គាល់មុខមួយក្រុមចាប់ដាក់រថយន្តសាំយ៉ុងពណ៌សដឹកទៅបាត់នោះទើបសមត្ថកិច្ចរត់ខ្វែងដៃខ្វែងជើងតាមរកតែមិនឃើញ។ រឿងនេះបានធ្វើឲ្យភ្ញាក់ផ្អើលដល់ពលរដ្ឋនៅក្រុងប៉ោយប៉ែត។ លុះព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០១៧ ស្រាប់តែបែកធ្លាយរឿងផ្សេងទៅ វិញ ព្រោះតែក្មេងៗក្នុងភូមិ២នាក់បានទៅប្រាប់ឪពុកម្តាយក្មេងប្រុសរងគ្រោះថា តាម ពិតគឺកូនប្រុសគាត់ឈ្មោះសេង មុន្នីសូសែង អាយុ១០ឆ្នាំ កុហក់ទេមិនមានករណីជនមិនស្គាល់មុខណាមកចាប់ក្មេងដាក់ឡាននោះ ទេគឺក្មេងតូចទាំង២នាក់បងប្អូននោះបានទៅលេងទឹកស្រះដែលគេកាយដីលក់មួយកន្លែង ស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យចម្ងាយពីផ្ទះប្រហែល១ពាន់ម៉ែត្រ។ជាមួយក្មេងដទៃទៀតក្នុងភូមិ ហើយនៅពេល កំពុងលេងទឹកនោះ ស្រាប់បងប្រុសនោះបានលង់ទឹកមុនប្អូនពេលនោះ ស្រាប់តែក្មេងប្រុសរងគ្រោះជាប្អូនបានលោតទៅជួយហើយក៏បានលង់ទឹកទាំង២នាក់តែម្តង ពេលនោះ ក្មេងដែលលេងទឹកជាមួយគ្នាបានយកទុយយោបោះឲ្យតោងហើយពេលនោះក្មេងប្រុសជាបងឈ្មោះសេង មុន្នីសូសែង អាយុ១០ឆ្នាំ តោងជាប់ ចំណែកក្មេងរងគ្រោះឈ្មោះសេងមុន្នីរិតស័គ ភេទប្រុស អាយុ៨ឆ្នាំ ត្រូវជាប្អូនតោងមិនជាប់ក៏បានលិចចូលទៅក្នុងទឹក ស្រះដែលមានជម្រៅ១៥ម៉ែត្របាត់តែម្តង។លុះល្ងាចឡើងខ្លាចឪពុកម្តាយវាយទើបកូនបងកុហក់ថាប្អូនប្រុសត្រូវបានគេចាប់ក្នុង រថយន្តទៅវិញ។
លោកឧត្តមសេនីយទោ អាត់ខែម ស្នងការនគរខេត្តបន្ទាយមានជ័យបានប្រាប់នគរវត្តថា ករណីដែលថាក្មេងប្រុសម្នាក់ត្រូវបានជនមិនស្គាល់មុខចាប់ដាក់រថយន្តនោះមិនមែនជាការពិតឡើយ។ ក្រោយពីការស៊ើប អង្កេតនិងស្រាវជ្រាវ រយៈពេល១យប់១ ថ្ងៃ ទើបធ្លាយរឿងថា ក្មេងដែលគេចាប់នោះគឺ លង់ទឹកស្រះ ទៅលេងទឹកជាមួយក្មេងដទៃទៀតនៅក្នុងភូមិ ដោយសារខ្លាចម្តាយឪពុកវាយទើបក្មេងប្រុសជាបងកុហក់ឪពុកម្តាយ ទៅហើយករណីនេះសមត្ថកិច្ចពាក់ព័ន្ធកំពុងតែរាវរសាសពក្មេងអស់មួយព្រឹកតែហើយនៅមិនទាន់រកឃើញនៅឡើយទេ៕ វណ្ណា
















