ភ្នំពេញ៖ ប្រជាពលរដ្ឋដាច់ភ្លើងងងឹតមួយភូមិ ដោយសាររថយន្តដឹកដីមួយគ្រឿងបើកទាក់ខ្សែភ្លើងបណ្តាលឲ្យដាច់ ព្រោះតែភ្លេចទម្លាក់បែនចុះក្រោមវិញបន្ទាប់ពីចាក់ដីរួចហើយត្រូវប្រជាពលរដ្ឋឃាត់ខ្លួនអ្នកបើកបរនិងរថយន្តឲ្យសមត្ថកិច្ចមូលដ្ឋានចាតការតាមច្បាប់ ។
ហេតុការណ៍នេះកើតមានឡើងកាលពីវេលាម៉ោង៨និង៤៥នាទីយប់ថ្ងៃទី១៧ខែសីហាឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវលំខាងជើងវត្តទួល ស្ថិតក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ កាលពី ។
មន្រី្តនគរបាលប៉ុស្តិ៍គីឡូម៉ែត្រលេខ៦បានឲ្យដឹងថាម្ចាស់រថយន្តបែនដែលត្រូវឃាត់ខ្លួនមានឈ្មោះ ណុប ថុង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាអ្នកបើករថយន្តដឹកដីអោយក្រុមហ៊ុនរូយ៉ាល់អង្គរគ្រុប មានទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះបងប្អូនក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក។ បុរសនេះបើកបររថយន្តបែនដឹកដីម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌សពាក់ស្លាកលេខភ្នំពេញ3C 8772 ។
អ្នកភូមិក្រោលគោបានអោយដឹងថា មុនពេលកើតហេតុគេឃើញបុរសខាងលើបើករថយន្តបង្កតាមផ្លូវក្នុងភូមិ ទិសដៅពីជើងទៅត្បូង ដោយមិនបានទម្លាក់បែនចុះក្រោមវិញទេបន្ទាប់ពីចាក់ដីរួច។លុះពេលបើកត្រឡប់ទៅវិញ ដល់ចំណុចកើតហេតុ ថ្វើឲ្យបែនបានទាក់ខ្សែភ្លើងដាច់ខ្ទេចខ្ទី ហើយរថយន្តមិនបានឈប់ទេ នៅតែបន្តបើកទៅមុខរហូតប្រហែល៥០០ម៉ែត្រទើបខាងអ្នកភូមិស្ទាក់ចាប់បាន និងឃាត់ទាំងម្ចាស់ថយន្តមកប្រគល់ឲ្យនគរបាលប៉ុស្តិ៍ដើម្បីដោះស្រាយ ។
ចំណែកអ្នកបើករថយន្តវិញបានប្រាប់សមត្ថកិច្ចថា ក្រោយពីត្រឡប់មកពីចាក់ដីឲ្យគេនៅក្បែរកន្លែងកើតហេតុវិញនោះ គាត់ភ្លេចដាក់បែនចុះ បានបើកចេញពីកន្លែងចាក់ដីនោះរហូតមក ។ តាមពិតរូបគាត់មិនបានដឹងថា រថយន្តដែលគាត់បើកបរមិនទាន់ទម្លាក់បែនទេ ហើយពេលទាក់ខ្សែភ្លើងដាច់នោះក៏មិនបានបើករត់ដែររហូតប្រជាពលរដ្ឋតាមឃាត់ទើបដឹង ។
ក្រោយមកភាគីរថយន្តបានសុំទោសអ្នកអ្នកភូមិទាំងអស់ និងសន្យាជួលគេឲ្យតភ្លើងឲ្យបានស្អាតដើម្បីប្រជាពលរដ្ឋបានប្រើប្រាស់ឡើងវិញ ៕
ដោយ៖ អរុណរះ