ភ្នំពេញ៖ តារាសម្តែងស្រីដែលទើបនឹងជួបរឿងរ៉ាវជីវិតស្ទើធ្លាក់ខ្លួនដល់ចំណុចសូន្យនោះតារាសម្តែង និងVJអាលីយ៉ា បានបង្ហាញវត្តមានដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងសណ្ឋាគារប្រណីតHeritage Suites Hotelនាទឹកដីនៃខេត្តសៀមរាប។ កាលលេចវត្តមាននៅទីនោះគឺដោយសារតែនាងបានចេញទៅថតឈុតផ្សព្វផ្សាយពាណិជ្ជកម្មឲ្យសណ្ឋាគារមួយនេះដែលត្រូវបានផលិតឡើងដោយក្រុមអ្នកជំនាញហ្វីលីពីន។ នេះគឺជាការងារបើកឆាកដំបូងសម្រាប់ឆ្នាំ២០១៧ និងក្រោយពីនាងជួបរឿងរ៉ាវជីវិតស្នេហាជូចត់កាលពីពេលកន្លងមក។ នាងប្រាប់ថាវាគឺជាការផ្តល់ឱកាសបើកឆាកការងារជីវិតសិល្បៈជាថ្មី។
នាងថានាងពិតជារំភើបដែលម្ចាស់សណ្ឋាគាHeritage Suites Hotelបានអញ្ជើញនាងជាតារាកិត្តិយសដើម្បីថតរូបនិងសម្តែងក្នុងឈុតផ្សព្វផ្សាយសម្រាប់សណ្ឋាគារនេះដោយបូករួមទាំងការផ្តល់ឱកាសឲ្យនាងស្នាក់នៅសណ្ឋាគារនេះជាច្រើនថ្ងៃក្នុងឱកាសថ្ងៃទិវានៃក្តីស្រលាញ់កន្លងទៅ។ នាងថា សណ្ឋាគារនេះស្ថិតនៅជិតវត្តពោធិលង្កា សង្កាត់ស្លក្រាម ខេត្តសៀមរាបនាងបញ្ជាក់ថា ការថតត្រូវបានធ្វើឡើងជាមួយក្រុមអ្នកជំនាញផលិតមកពីប្រទេសហ្វីលីពីនដោយតម្រូវឲ្យនាងថតនូវសកម្មភាពបង្ហាញពីសេវាកម្មជាច្រើន របស់សណ្ឋាគាប្រណីមួយនេះ ទាំងទិដ្ឋភាពនៃការស្នាក់នៅ និងការបម្រើសេវាកម្មជាច្រើនទៀតនៅក្នុងសណ្ឋាគារមួយនេះ។ អ្វីដែលនាងកាន់តែមានកម្លាំងចិត្តក្នុងការបន្តការងារសិល្បៈគឺក្រោយពីបុគ្គលិកសណ្ឋាគារខាងលើបានស្វាគមន៍ រួសរាយរាក់ទាក់និងសុំថតរូបអនុស្សាវរីយរួមគ្នាជាដើម។
តារាស្រីដែលធ្លាប់រងគ្រោះព្រោះរងអំពើហិង្សារូបនេះបានថ្លែងពីអារម្មណ៍រំភើបផងដែរជុំវិញការផ្តល់ឱកាសរបស់ម្ចាស់កម្មវិធី ក៏ដូចជាម្ចាស់សណ្ឋាគារដែលបានស្វែងយល់និងលើកទឹកចិត្តផ្តល់តម្លៃដល់សិល្បករដោយផ្តល់ការស្នាក់នៅជាច្រើនថ្ងៃដោយឥតគិតថ្លៃសម្រាប់នាងក្នុងថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ផងដែរ។
នាងរំពឹងទុកដែរថាក្នុងឱកាសឆ្នាំថ្មីនេះនាងនឹងទទួលបានការងារសិល្បៈសាជាថ្មី ហើយនាងក៏បួងសួងឲ្យឆ្នាំថ្មីនាំមកនូវអ្វីដែលថ្មីសម្រាប់រូបនាងផងដែរ៕ វឌ្ឍនា