ខេត្តសៀមរាប៖ កងរាជអាវុធហត្ថប្រឆាំងគ្រឿងញៀនខេត្តបានធ្វើការចាប់ខ្លួន បានជនសង្ស័យចំនួន៤នាក់នៅចំនុចក្នុងផ្ទះ១កន្លែង ក្នុងក្រុងសៀមរាប ចោទពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលដឹកនាំផ្ទាល់ដោយលោកវរសេនីយឯក ស្រី យូរ៉ា និងដឹកនាំប្រតិបត្ដិការនេះ ដោយតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប បានអនុវត្តវិធានការញុះញង់ធ្វើការចុះបង្ក្រាបបទល្មើសជាក់ស្តែង ។
ហេតុការចុះប្រតិបត្តិការបង្ក្រាបករណីគឿងញៀនរហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់នេះធ្វើឡើងនៅវេលាម៉ោង២០និង០០នាទីថ្ងៃទី១៧ខែខែសីហា ឆ្នាំ២០១៥ នៅចំនុចក្នុងផ្ទះជនសង្ស័យ ភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ។
លោកវរសេនីយឯក ស្រី យូរ៉ា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបានប្រាប់ថា ជនសង្ស័យ ចំនួន៤នាក់មានៈទី១/ឈ្មោះ ហាក់ ប៊ុនហាង ភេទប្រុសអាយុ២០ឆ្នាំមុខរបរ និស្សិតសាកលវិទ្យាល័យបៀលប្រាយឆ្នាំទី១ផ្នែកអាយធី(ជួញដូរ) បច្ចុប្បន្នមានទីលំនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ទី២/ឈ្មោះ សុ ធារ៉ា ភេទប្រុសអាយុ២០ឆ្នាំមុខរបរសិស្សសាលា ពូឌឺព្រូល (ចាត់ចែងឱ្យប្រើប្រាស់) ស្នាក់នៅភូមិវត្តបូព៌ សង្កាត់សាលាកំរើកក្រុងសៀមរាប ទី៣/ឈ្មោះ វ៉ាន់ ច័ន្ទរិទ្ធី ភេទប្រុសអាយុ១៩ឆ្នាំមុខរបរនិស្សិតសាកលវិទ្យាល័យបៀលប្រាយឆ្នាំទី២ផ្នែកទេសចរណ៍(ចាត់ចែងឱ្យប្រើប្រាស់)បច្ចុប្បន្នមានទីលំនៅភូមិវិហាចិន សង្កាត់ស្វាយដង្គំ និង ទី៤/ឈ្មោះ សួន រ៉ាយីត ភេទប្រុសអាយុ២០ឆ្នាំមុខរបរនិស្សិតសាកលវិទ្យាល័យបៀលប្រាយឆ្នាំទី២ផ្នែកទីផ្សារ(ចាត់ចែងឱ្យប្រើប្រាស់)បច្ចុប្បន្នមានទីលំនៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប។
លោកបន្តថា ក្រោយពីចុះបង្ក្រាបនិងឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់រួចមក កម្លាំងជំនាញបាននាំយកមកសាកសួរនៅការិយាល័យប្រឆាំងគ្រឿងញៀននៃកងរាជអាវុធហត្ថខេត្តនិងធ្វើការដកហូតវត្ថុតាងរួមមានៈ ទូរសព្ទ័ដៃ៩គ្រឿង ,ម៉្សៅគ្រើមពណ៌សថ្លាចំនួន៣កញ្ចប់ធំនិង៣កញ្ចប់តូច ទម្ងន់១៨,១ក្រាម,ម៉ូតូ៣គ្រឿង និងឧបករណ៏ប្រើប្រាស់គ្រឿងញៀនមួយចំនួនធំ។
បច្ចុប្បន្ន ជនសង្ស័យ ចំនួន៤នាក់នឹងវត្ថុតាងកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនទៅតុលាការ នៅព្រឹកថ្ងៃទី១៨ខែសីហាឆ្នាំ២០១៥ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕
ដោយ៖ ឡាំសុធា