អនុប្រធានមណ្ឌលសុខភាពបន្ទាយដែកចាក់ថ្នាំបណ្តាលឲ្យស្ត្រីម្នាក់ស្លាប់

ចែករំលែក៖

ខេត្តកណ្តាល៖ អនុប្រធានមណ្ឌលសុខភាពនិងជាម្ចាស់គ្លីនិកឯកជនម្នាក់បានរងការចោទប្រកាន់ពីក្រុមគ្រួសារ កម្មការិនីរោងចក្រកាត់ដេរម្នាក់ បន្ទាប់ពីម្ចាស់គ្លីនិករូបនោះចាក់ថ្នាំហើយព្យួសេរ៉ូមបណ្តាលឲ្យប្រតិកម្មថ្នាំហើយ ១ម៉ោងក្រោយមកបានស្លាប់នៅតាមផ្លូវពេលដឹកចេញពីគ្លីនិកឯកជនយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ។

ករណីម្ចាស់គ្លីនិកឯកជននិងជាអនុប្រធានមណ្ឌលសុខភាពព្យាបាលបណ្តាលឲ្យកម្មការិនីរោងចក្រកាត់ដេរស្លាប់នេះបានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២១ លុះដល់ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧  ទើបកម្លាំងចម្រុះចុះទៅធ្វើកំណត់ហេតុនិងធ្វើកោសល្យវិច័យលើសាកសពដើម្បីសន្និដ្ឋានពីមូលហេតុនៃការស្លាប់។ ដោយឡែកម្ចាស់គ្លីនិកឯកជនយីហោ បន្ទប់ពិគ្រោះ និងព្យាបាលជំងឺ អង្គរជ័យ និងជាអនុប្រធានមណ្ឌលសុខភាពបន្ទាយដែករត់គេចខ្លួនបាត់ហើយ ។

នារីរងគ្រោះមានឈ្មោះ ញ៉ែម  វណ្ណា អាយុ២៦ឆ្នាំ មុខ របរជាកម្មការិនីរោងចក្រកាត់ដេរ មានទីលំនៅភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ។ ចំណែកគ្រូពេទ្យដែលព្យាបាលនារី មានឈ្មោះស៊ូ ម៉ារី ភេទស្រី អាយុ៥៧ឆ្នាំ មុខរបរជាអនុប្រធានមណ្ឌលសុខភាពបន្ទាយដែកនិងជាម្ចាស់គ្លីនិកឯកជន យីហោ អង្គរជ័យ មានទីតាំងនៅតាម បណ្តោយផ្លូវជាតិលេខ១ ភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

លោក វង សែ អធិការរងនគរបាលស្រុកកៀនស្វាយទទួលការងារព្រហ្មទណ្ឌបានឲ្យដឹងថា យោងតាមម្តាយនារីរងគ្រោះមកដាក់ពាក្យបណ្តឹងប្តឹងម្ចាស់គ្លីនិកអង្គរជ័យ បង្ហាញថា នៅល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ នារីរងគ្រោះ មានអាការមិនស្រួលខ្លួន ហើយក៍បានទូរស័ព្ទហៅគ្រូពេទ្យឈ្មោះស៊ូ ម៉ារី ជាម្ចាស់គ្លីនិកអង្គរជ័យ មកពិនិត្យនិងព្យា បាលជំងឺនៅផ្ទះរបស់នារីរងគ្រោះ។ ពេលមកពិនិត្យ គ្រូពេទ្យប្រាប់ថា រលាកបំពង់ក បន្ទាប់មកអ្នកគ្រូពេទ្យ ឈ្មោះស៊ូ ម៉ារី បានចាក់ថ្នាំ២ម្ជុលនិងព្យួរសេរ៉ូម១ប្លោក រួចហើយឲ្យថ្នាំគ្រាប់ទុកលេបបន្ថែមទៀត។ កន្លះម៉ោង ក្រោយការចាក់ថ្នាំនិងព្យួរសេរ៉ូមស្រាប់តែនារីរងគ្រោះមានអាការខុសប្រក្រតីអាចនិយាយបានថា ប្រតិកម្មថ្នាំ ។

លោកអធិការរងបានបន្តថា បន្ទាប់ពីមានអាការខុសប្រក្រតីអ្នកគ្រូពេទ្យឈ្មោះ ស៊ូ ម៉ារី បានប្រាប់ឲ្យក្រុមគ្រួសារដឹកនារីរងគ្រោះមកពិនិត្យនៅគ្លីនិករបស់ខ្លួន។ ពេលមកដល់គ្លីនិកឃើញនារីរងគ្រោះមានអាការកាន់តែធ្ងន់ធ្ងរ ភ្លាមនោះម្ចាស់ គ្លីនិកបានឲ្យក្រុមគ្រួសារដឹកតាមរថយន្តសង្គ្រោះមកកាន់មន្ទីរពេទ្យកាល់ម៉ែត តែជាអកុសលនារីរងគ្រោះបានស្លាប់នៅតាមផ្លូវ ។ បន្ទាប់ពីដឹងថា កូនស្លាប់ម្តាយនារីរងគ្រោះបានដឹកកូនត្រឡប់មកផ្ទះវិញ ហើយទៅដាក់ពាក្យបណ្តឹងទាំងយប់នៅនគរបាលប៉ុស្តិ៍បន្ទាយដែក ។ លុះព្រឹកឡើងទើបកម្លាំងចម្រុះចុះមកធ្វើកំណត់ហេតុនិងធ្វើកោសល្យវិច័យទៅលើសាកសពដើម្បីរកមូលហេតុនៃការស្លាប់ដោយមានការចូលរួមពីក្រុមគ្រូពេទ្យមកពី មន្ទីរសុខាភិ បាលខេត្ត-ស្រុក រួមជាមួយ កម្លាំងនគរបាលខេត្តនិងស្រុកផងដែរ។ បន្ទាប់ពី ទទួល ពាក្យបណ្តឹងពីម្តាយនារីរងគ្រោះ សមត្ថកិច្ចមូលដ្ឋាន បានកោះហៅអ្នកគ្រូពេទ្យ ឈ្មោះ ស៊ូម៉ារី មកបំភ្លីតែគ្រូ ពេទ្យរូបនេះគេចខ្លួនបាត់ហើយ ។

ពាក់ព័ន្ធករណីម្ចាស់គ្លីនិកយីហោ អង្គរជ័យ និងជាអនុ ប្រធានមណ្ឌលសុខភាពបន្ទាយដែកចាក់ថ្នាំបណ្តាលឲ្យអ្នកជំងឺស្លាប់នេះដែរលោកនង សុវណ្ណា ប្រធានមន្ទីរពេទ្យ បង្អែកស្រុកកៀនស្វាយបានឲ្យដឹងថា គ្លីនិកយីហោ អង្គរជ័យនេះម្ចាស់ទីតាំង បានសុំ បើកធ្វើអាជីវកម្ម ត្រឹម ត្រូវតាមផ្លូវច្បាប់។

ចំពោះ ករណីព្យាបាលជំងឺបណ្តាលឲ្យមនុស្សស្លាប់នេះក្រុមគ្រូពេទ្យមកពីមន្ទីរសុខាភិបាលខេត្តនិងស្រុកសហការជាមួយសមត្ថកិច្ចបានពិនិត្យយ៉ាងល្អិតល្អន់ទៅលើ សាកសព ទើបហ៊ានសន្និដ្ឋានជាផ្លូវការ តែពេលនេះមិនទាន់ដឹងថាការស្លាប់នេះបណ្តាលមកពីមូលហេតុ អ្វីអោយប្រាកដនោះទេ ដោយក្រុមគ្រូពេទ្យកំពុងត្រួតពិនិត្យទៅលើស្ថានភាពជំងឺ ទៅលើបច្ចេកទេសនៃការព្យាបាល និងទៅលើថ្នាំពេទ្យដែលយកទៅប្រើប្រាស់ឲ្យអ្នកជំងឺ ។

ចំពោះចំណាត់ការផ្លូវ ច្បាប់ទៅលើម្ចាស់គ្លីនិក អង្គរជ័យ ពាក់ព័ន្ធករណីព្យា បាលបណ្តាលឲ្យអ្នកជំងឺស្លាប់នេះក្រុមការងាររបស់ក្រសួងសុខាភិបាលនិងមន្ទីរសុខាភិបាលខេត្តកណ្តាលបានប្រជុំដើម្បីចាត់វិធានការទៅម្ចាស់គ្លីនិកនេះហើយ តែមិនទាន់ ដឹងថាមានចំណាត់ការយ៉ាងណានោះទេ រង់ចាំការសម្រេចពីក្រសួងសុខាភិបាលនិង មន្ទីរសុខាភិបាលខេត្តមានចំណាត់ការបន្ទាប់ពីក្រុមការងារអាចសន្និដ្ឋានពីមូលហេតុនៃការស្លាប់ជាផ្លូវការហើយនោះ ៕ សណ្តោស

...

sondos (1) sondos (3) sondos (2) sondos (5) sondos (4) sondos (6) sondos (8)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print