ថ្ងៃនេះ!ផ្សាររុងក្លឿមានសភាពស្ងប់ស្ងាត់ អាជីវករខ្មែរនាំគ្នាបិទតូប ក្រោយពីសមត្ថកិច្ចថៃចុះបង្រ្កាបនិងឃាត់ខ្លួនអាជីវករខ្មែរម្នាក់រងការចោទប្រកាន់លក់អីវ៉ាន់រំលោភកម្មសិទ្ធិបញ្ញា

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍ពីមន្រ្តីទំនាក់ទំនងព្រំដែនកម្ពុជា -ថៃ ប្រចាំច្រកអន្តរជាតិប៉ោយប៉ែតឱ្យដឹងថា នៅក្នុងផ្សាររុង ក្លឿង ស្ថិតក្នុងស្រុកអារញ្ញប្រាថេប ខេត្តស្រះកែវ ប្រទេសថៃ ឈមនិងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា ស្ថានភាព នៅក្នុងផ្សារទាំងមូលមានសភាពស្ងប់ស្ងាត់ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ អាជីវករខ្មែរបានបិទតូបបញ្ឈប់អាជីវកម្មរបស់ខ្លួន ក្រោយពីសមត្ថកិច្ចចម្រុះថៃ ឃាត់ខ្លួនអាជីវករខ្មែរម្នាក់ ក្នុងប្រតិបត្តិការណ៍ បង្រ្កាបតូបលក់អីវ៉ាន់របស់អាជីករខ្មែរ រងការចោទប្រកាន់ថាបានលក់អីវ៉ាន់រំលោភកម្មសិទ្ធិបញ្ញា នៅក្នុងប្រទេសថៃ។ ការបង្រ្កាបឃាត់ខ្លួនអាជីវករខ្មែរ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ។

សេចក្តីរាយការណ៍ដដែលឱ្យដឹងទៀតថា នៅពេលនោះសមត្ថកិច្ចថៃចុះទៅបង្រ្កាបចំនួន៣តូប ឃាត់ខ្លួនអាជីវករខ្មែរ២នាក់ និងដហូតអីវ៉ាន់មួយចំនួនធំ ។ ក្រោយពីសមត្ថកិច្ចថៃសាកសួរអាជីវករខ្មែរទាំង២នាក់នោះរួចហើយ ។ សមត្ថកិច្ចថៃបានដោះលែងអាជីវករខ្មែរម្នាក់មកវិញ ដោយសមត្ថកិច្ចថៃពិនិត្យឃើញថា អាជីវករខ្មែរម្នាក់នោះ មិនជាប់ពាក់ព័ន្ធនិងការលក់ដូរអីវ៉ាន់ ខុសច្បាប់រំលោភកម្មសិទ្ធិបញ្ញានោះឡើយ។អាជីវករខ្មែរដែលរងការចាប់ឃាត់ខ្លួនម្នាក់គេមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយនោះទេ។

សេចក្តីរាយការណ៍ដដែលឱ្យដឹងទៀតថា ក្រោយពីមានការបង្រ្កាបឃាត់ខ្លួនអាជីវករខ្មែរកាលពីថ្ងៃម្សិលមិញ ក្រុមអាជីវករខ្មែរជាច្រើននាក់បាននាំគ្នាមកជួបជុំបម្រុងធ្វើការតវ៉ាបាតុកម្មបិទច្រកអន្តរជាតិប៉ោយប៉ែត ដើម្បីប្រឆាំងនិងការចាត់វិធានការរបស់សមត្ថកិច្ចថៃមកលើអាជីវករខ្មែរនៅផ្សាររុងក្លឿនោះ។ ក៏ប៉ុន្តែនៅពេលនោះអភិបាលក្រុងប៉ោយប៉ែត ក៏ចេញមុខទៅសម្របសម្រួលជាមួយអាជីវករខ្មែរ ដើម្បី រកវិធីដោះស្រាយតាមនីតិវិធី បញ្ចៀសកុំឱ្យមានការតវ៉ាបិទច្រកអន្តរជាតិប៉ោយប៉ែត ដែលជាហេតុនាំឱ្យខាតបង់ផលប្រយោជន៍ជាតិកាន់ តែធ្ងន់។

ជាមួយនិងការម្របសម្រួលរបស់អភិបាលក្រុងប៉ោយប៉ែត អាជីវករខ្មែរក៏នាំគ្នា ដកថយមកជួបជជែកជាមួយអភិបាលក្រុងប៉ោយប៉ែត នៅសាលាក្រុងប៉ោយប៉ែតនោះវិញ។ អភិបាលក្រុងក៏បានឱ្យអាជីវករខ្មែរទាំងនោះរក្សាភាពស្ងប់ស្ងាត់នោះសិនដោយរងចាំលោកយកសំណើ របស់អាជីវករខ្មែរទៅដោះស្រាយជាមួយភាគីថៃ។ក៏ប៉ុន្តែនៅថ្ងៃម្សិលមិញនោះដែរ អភិបាលក្រុងប៉ោយប៉ែតមានគំរោងដឹកនាំប្រតិភូមួយក្រុមរបស់សាលាក្រុងដើម្បីសុំទៅជួបជជែកជាមួយអភិបាលស្រុកអារញ្ញប្រាថេប ខេត្តស្រះកែវ តែត្រូវភាគីថៃបដិសេដ្ឋមិនមកជួបអាជ្ញាធរក្រុងប៉ោយប៉ែតនោះឡើយ ភាគីថៃបដិសេដ្ឋបែបនោះវាយផ្ទុយទៅនឹងអ្វីដែលគេមើលឃើញថាកាលពីមួយខែមុននេះអាជ្ញាធរក្រុងប៉ោយប៉ែត និងអាជ្ញាធរស្រុកអារញ្ញ ទើបតែជួបប្រជុំនៅសាលាក្រុងប៉ោយប៉ែតសន្យានិយាយជជែក ពីកិច្ចសហប្រតិបត្តិការស៊ីជម្រៅរឹងមាំជា មួយគ្នារួចហើយមកនោះ។

អាជីវករខ្មែរនៅផ្សាររុងក្លឿ បានប្រាប់ឱ្យដឹងថា នៅថ្ងៃទី២២ ខែកុម្ភៈ សមត្ថកិច្ចចម្រុះថៃបានផ្អាកសកម្មភាពរបស់ខ្លួន គេមិនឃើញចុះបង្រ្កាបទៀតនោះទេ។ ការផ្អាកសកម្មភាពបង្រ្កាបរបស់សមត្ថកិច្ចថៃគេមិនទាន់ដឹងពីមូលហេតុនៅឡើយនោះទេ គ្រាដែលអាជីវករខ្មែរកំពុងមានកំហឹងគម្រោងធ្វើបាតុកម្មតវ៉ាបិទច្រកអន្តរជាតិប៉ោយប៉ែត ប្រឆាំងនិងការនាំចូលទំនិញរបស់ថៃមកកម្ពុជានោះ។

សេចក្តីរាយការណ៍ដដែលឱ្យដឹងទៀតថា នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត ក៏បានព្យាយាមចូលទៅផ្សាររុងក្លឿ ហើយបានជួបសំណេះសំណាល ជាមួយនិងអាជីវករខ្មែរ ថែមទាំងបានទៅជួបប្រជុំជាមួយអភិបាលស្រុកអារញ្ញ ប្រថេប ទៀតផងដែរ ដើម្បីរកវិធីដោះស្រាយបញ្ហាខាងលើនោះ។កិច្ចជួបប្រជុំរវាងអភិបាលក្រុប៉ោយប៉ែត និងអភិបាលស្រុកអារញ្ញ គេមិនទាន់ដឹងថាទទួលបានលទ្ធផលអ្វីនៅឡើយនោះទេ ។អ្នកយកព័ត៌មានយើងបានទំនាក់ទំនងលោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែតឱ្យជួយបំភ្លឺផងដែរ ទូរស័ព្ទរបស់លោក មិនអាចរកការទំនាក់ទំនងបានឡើយ។

សូមរំលឹកថា ពាក់ព័ន្ធនិងអាជីវករខ្មែរប្រកបមុខរបរនៅផ្សាររុងក្លឿនោះដែរ កាលពីឆ្នាំទៅមិញ សមត្ថកិច្ចថៃចម្រុះក៏បាន ចេញបង្រ្កាបទ្រង់ទ្រាយធំ ទៅលើអាជីវករខ្មែរដែលរងការចោទប្រកាន់លក់អីវ៉ាន់រំលោភកម្មសិទ្ធិបញ្ញាម្តងរួចមកហើយ។ការបង្រ្កាបនៅពេលនោះ សមត្ថកិច្ចថៃបានបង្រ្កាបនៅក្នុងឃ្លាំងធំៗស្តុកអីវ៉ាន់ ជាច្រើនកន្លែង និងបង្រ្កាបនៅតាមតូបនោះផងដែរ។ការបង្រ្កាបទ្រង់ទ្រាយធំរបស់សមត្ថកិច្ចថៃកាលពីឆ្នាំទៅមុន បានធ្វើឱ្យអាជីវករខ្មែរជាច្រើននាក់រងគ្រោះបាត់បង់អស់ទឹកប្រាក់រាប់សិបលានបាត។ប៉ុន្មានឆ្នាំចុងក្រោយនេះអាជីវករខ្មែរបានប្រាប់ឱ្យដឹងថាពួកគាត់កំពុងមានការទទួលផលលំបាកជាខ្លាំងក្នុងការប្រកបមុខរបរនៅក្នុងផ្សាររុងក្លឿប្រទេសថៃក្រោយពីមានវិធានការបង្រ្កាបរបស់សមត្ថកិច្ចថៃនោះ៕ សំ វិច្ឆិកា

...

Vichika-1 (6) Vichika-1 (5) Vichika-1 (10) Vichika-1 (9) Vichika-1 (4) Vichika-1 (1) Vichika-1 (7) Vichika-1 (8) Vichika-1 (3) Vichika-1 (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print