ខេត្តកណ្តាល៖ ជនដៃដល់ដែលប្រើអង្រែបុកគ្រឿងវាយទៅលើជនរងគ្រោះជាម្ចាស់ផ្ទះបណ្តាលឲ្យរងរបួសធ្ងន់ស្រាល៣នាក់ កាលពីម្សិលមិញហើយត្រូវបានសមត្ថកិច្ចចាប់ខ្លួននោះ នៅថ្ងៃត្រង់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ បានចង.កធ្វើអត្តសម្លាប់ខ្លួននៅក្នុងបន្ទប់ឃុំខ្លួនបណ្តោះអាសន្ន នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ។
អធិការនគរបាលក្រុងតាខ្មៅលោក ស៊ឹម ប៊ុតបណ្ឌិត បានឲ្យដឹងថា ជនសង្ស័យដែលចង.កសម្លាប់នៅក្នុងបន្ទប់ឃុំខ្លួនបណ្តោះអាសន្ននោះឈ្មោះ ឯល អាហ្សូត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ។ ជនសង្ស័យរូបនេះបានចង.ក ដោយយកអាវចងជាប់នៅនឹងចំរឹងទ្វារ នៃបន្ទប់ឃុំខ្លួន គ្រាដែលសមត្ថកិច្ចទៅញ៉ាំបាយថ្ងៃត្រង់ ចន្លោះម៉ោង១២ដល់ម៉ោង១ ។
លោក ស៊ឹម ប៊ុតបណ្ឌិត បានបន្តថា បន្ទាប់ពីចាប់ខ្លួនបាន និងសាកសួរចម្លើយរួចមក សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យរូបនេះទៅដាក់ឃុំខ្លួនបណ្តោះអាសន្ននៅបន្ទប់ឃុំខ្លួនដោយមិនបានឲ្យជនសង្ស័យរូបនេះដោះសម្លៀកបំពាក់ចេញពីខ្លួននោះទេ ព្រោះថានៅសល់តែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ ពោលគឺបន្ទាប់ពីបាយថ្ងៃត្រង់រួចសមត្ថកិច្ចនឹងបញ្ជូនខ្លួនជនសង្ស័យបន្តទៅកាន់ការិយាល័យជំនាញខេត្ត ។ បន្ទាប់ពីដាក់ជនសង្ស័យនៅក្នុងបន្ទប់ឃុំខ្លួនរួចមក សមត្ថកិច្ចបាននាំគ្នាចេញទៅញ៉ាំបាយ ខណៈត្រឡប់មកវិញក៏ប្រទះឃើញជនសង្ស័យចង.កស្លាប់បាត់បង់ជីវិតទៅហើយ ។
គួបញ្ជាក់ថា ជនសង្ស័យខាងលើនេះត្រូវបានសមត្ថកិច្ចនគរបាលក្រុងតាខ្មៅស្រាវជ្រាវបង្រ្កាបចាប់ខ្លួនបានកាលពីយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ បន្ទាប់ពីជនសង្ស័យរូបនេះធ្វើសកម្មភាពវាយស្ត្រីរងគ្រោះជាម្ចាស់ផ្ទះ៣នាក់ដោយអង្រែបុកគ្រឿង បណ្តាលឲ្យរងរបួសធ្ងន់ស្រាល ក្នុងគោលបំណងប្លន់យកទ្រព្យសម្បត្តិ ។ ករណីនេះកើតឡើងកាលពីវេលាម៉ោង១២ និង១៥នាទីថ្ងៃត្រង់ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនរងគ្រោះ៣នាក់ក្នុងអំពើវាយប៉ុនប៉ងប្លន់នេះ ទី១-ឈ្មោះ ហួរ លាងហេង ភេទស្រី អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេផ្ទះ (រងរបួសបែកក្បាល៣កន្លែង) ទី២-ឈ្មោះ ហេង សុផាន់ ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិត (រងរបួសលើថ្ងាស់៣កន្លែង ត្រចៀកមួយកន្លែង និងស្នាមជាំលើ.កមួយកន្លែង) ទី៣-ឈ្មោះ ថេង សេងហៀក ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ។ ជនរងគ្រោះទាំង៣នាក់នេះមានទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បច្ចុប្បន្នរស់នៅភ្នំពេញ ៕ ស្អាងជ័យ