ភ្នំពេញ៖ យុវជនជនម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យឃាត់ខ្លួនបន្ទាប់ពីនាំក្មេងស្រីជាអនីតិជនអាយុ១៤ឆ្នាំទៅមើលកុន ហើយបែរជានាំចូលផ្ទះសំណាក់រួមភេទដល់ទៅ២ដង ទើបបែកការណ៍ដល់ម្តាយយុវតីរងគ្រោះប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនតែម្តង។
ហេតុការណ៍ឃាត់យុវជនខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១៤និង៣០នាទីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំនុចផ្លូវបេតុងភូមិគោកចំបក់សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យរាជាធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ នៅ សំណាង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរបើករថយន្តដឹកទឹកសុទ្ធ ស្នាក់ផ្ទះគ្មានលេខ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
បើតាមការរៀបរាប់ពីក្មេងស្រីរងបានឲ្យដឹងថា សព្វថ្ងៃនេះនាងបានទៅរៀនអ៊ុតសក់តាមផ្លូវ១០៨ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ហើយក៏បានជួបជនសង្ស័យឈ្មោះ នៅ សំណាង(ហៅបឿក)ជាអ្នកដឹកទឹកសុទ្ធដាក់ឲ្យម៉ូយនៅក្បែនោះ។ នៅពេលនោះជនសង្ស័យបានសុំលេខទូរស័ព្ទរបស់នាង នាងយល់ព្រមឲ្យរួចក៏ទំនាក់ទំនងរហូតនាំនាងទៅលេងដល់ផ្ទះជនសង្ស័យចំណុចខាងលើ។ លុះដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង១និង៣០នាទីរសៀល ជនសង្ស័យបានណាត់នាងទៅមើលកុន ហើយនាងក៏យល់ព្រមទៅដើរលេង តែពេលនោះជនសង្ស័យឈ្មោះ នៅ សំណាង បានឌុបនាងហួសចូលទៅដេកផ្ទះសំណាក់ ABC ស្ថិតនៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រួចក៏លួងលោម និងគំរាមរួមភេទជាមួយគ្នាបានសម្រេចចំនួន២ដងទៀតផង។ បន្ទាប់មកជនសង្ស័យបានចេញពីផ្ទះសំណាក់ក៏បានឌុបនាងមកទម្លាក់ចោលឲ្យជិះម៉ូតូឌុបទៅផ្ទះវិញនៅចំណុចផ្លូវ២០០៤ ហើយគេចខ្លួនបាត់ ហើយនាងភ័យមិនហ៊ានចូលផ្ទះព្រោះខ្លាចឪពុកម្តាយស្តីបន្ទោសក៏ជិះម៉ូតូឌុបទៅដេកផ្ទះសំណាក់វិញ។ លុះដល់ម៉ោង៩យប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ ទើបនាងសម្រេចវិលត្រឡប់ទៅផ្ទះវិញ។
ក្មេងស្រីរងគ្រោះបានបន្តថា ពេលដល់ផ្ទះភ្លាមម្តាយនាងមានការសង្ស័យក៏សួរនាំរួចនាងបានប្រាប់រឿងហេតុខាងលើដល់ម្តាយតែម្តង។ លុះដល់ម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ម្តាយនិងរូបនាងបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ ដែលជាកន្លែងកើតហេតុនៃការចាប់រំលោភទើបកម្លាំងងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យដល់ផ្ទះយកមកសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕ សុខាសែនជ័យ