ដោយសារបច្ចេកវិទ្យារីកចម្រើនការលក់សម្ភារតាមប្រព័ន្ធអុីនធើណេតកំពុងកើតមានព្រោងព្រាតគួរឲ្យចាប់អារម្មណ៍។ សម្ភារប្រើប្រាស់សម្លៀកបំពាក់… ការលក់តាម ប្រព័ន្ធអនឡាញហាក់ដូចជាមិនចោទជាបញ្ហាប៉ុន្មានទេ។ ប៉ុន្តែការលក់ថ្នាំពេទ្យ, ឱសថព្យាបាលជំងឺផ្សេងៗច្រើនប្រភេទក៏កំពុងវាយលុកតាមប្រព័ន្ធអនឡាញដែរ។ គេមិនដឹងថា តើថ្នាំពេទ្យ ឬឱសថព្យាបាលជំងឺផ្សេងៗដែលលក់តាមប្រព័ន្ធអនឡាញនោះបានឆ្លងកាត់ការត្រួតពិនិត្យពីក្រសួងសុខាភិបាលដែរឬយ៉ាងណាទេ? តើក្រសួងសុខាភិបាលបានដឹងអំពីបញ្ហាទាំងនេះមែនទេទានប្រោស?
គ្រូឱសថបុរាណមួយចំនួនបាននិងកំពុងវាយលុកប្រមូលអតិថិជនតាមប្រព័ន្ធអនឡាញដោយអួតអាងអំពីការព្យាបាលជំងឺប្រកបដោយប្រសិទ្ធភាព។ គ្រូឱសថបុរាណ ខ្លះអួតអំពីការព្យាបាលជំងឺឫសដូងបាត, អ្នកលក់ឱសថខ្លះបានអួតអំពីប្រសិទ្ធថ្នាំរបស់ខ្លួនក្នុងការព្យាបាលជំងឺឫសដូងបាត។ អ្នកលក់ឱសថតាមប្រព័ន្ធអនឡាញមួយចំនួនទៀតបានអួតអំពីការព្យាបាលជំងឺលើសឈាម, ទឹកនោមផ្អែម… ដោយអួតអំពីឱសថថាមានប្រសិទ្ធភាពខ្ពស់។ ក្រៅពីនោះក៏មានអ្នកលក់គ្រឿងសំអាងតាមប្រព័ន្ធអុីនធើណេតមួយចំនួនបានអួតអំពីថ្នាំរបស់ខ្លួនសម្រាប់កែសម្ផស្ស ឬសម្រកទម្ងន់ជាដើម ។
អ្នកលក់មិនបានបញ្ជាក់អំពីទីតាំងច្បាស់លាស់នោះទេគ្រាន់តែភ្ជាប់លេខទូរស័ព្ទសម្រាប់ទាក់ទង។ នេះជាបញ្ហាដែលកំពុងកើតឡើងនៅក្នុងសង្គមយើងបច្ចុប្បន្ន។ គេមិនដឹងថា តើថ្នាក់ដឹកនាំក្រសួងសុខាភិបាលបានជ្រាបអំពីបញ្ហានេះដែរឬយ៉ាងណាទេ? ប្រសិនបើឱសថទាំងនោះមានប្រសិទ្ធភាពដូចការអះអាងរបស់អ្នកលក់តាមប្រព័ន្ធ អីុនធើណេតមែននោះវាមិនមែនជាបញ្ហាអ្វីធ្ងន់ឡើយ។ ប៉ុន្តែបើវាមិនមានប្រសិទ្ធភាព វាមិនគ្រាន់តែជាការខាតបង់ថវិកាសម្រាប់អ្នកទិញយកទៅប្រើប្រាស់ប៉ុណ្ណោះទេ ផ្ទុយទៅវិញវាធ្វើឲ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់នោះថែមទៀត។ ដូច្នេះក្រសួងសុខាភិបាលគួរពិនិត្យមើលបញ្ហានេះឲ្យបានច្បាស់លាស់ចៀសវាង «គោបាត់ទើបធ្វើរបង»៕
ប្រជាពលរដ្ឋម្នាក់