ប្រលោមលោកអនឡាញ E-Novel នឹងជួយជំរុញឲ្យមានការអាន និងលើកកម្ពស់ស្នាដៃនិពន្ធ

ចែករំលែក៖

ភ្នំពេញ៖ សន្ទុះនៃការអានប្រលោមលោកបែបទំនើប សម័យបច្ចេកវិទ្យាជឿនលឿនគឺសម័យអនឡាញចាប់ផ្តើម ទទួលបានការគាំទ្រច្រើនពីមហាជន ។ គាំទ្រក៏ព្រោះតែស្នាដៃទំនើបនេះ មានអ្នកនិពន្ធមានស្នាដៃច្រើន ដែលអាចទាក់ទាញអារម្មណ៍អ្នកអាន បូករួមទាំងការបង្កភាពងាយស្រួលដល់អ្នកអានផងដែរ ។

ការវិវឌ្ឍន៍ថ្មីនោះ គឺការបង្ករឲ្យអ្នកអានកាន់តែងាយស្រួល ក្នុងការទទួលបានប្រលោមលោក យកមកអាននោះ គឺការបង្កើតឲ្យមាន App Store ជាលើកដំបូងសម្រាប់ប្រលោមលោកបែបទំនើបនេះ គឺ ប្រលោមលោក Sabay E-Novel ដែលអ្នកអានអាចទាញយកកម្មវិធីនេះ បាននៅពេលដ៏ខ្លីខាងមុខ។

ការប្រកាសដាក់ឲ្យប្រើប្រាស់កម្មវិធីនេះ ត្រូវបានធ្វើឡើងកាលពីរាត្រីថ្ងៃទី២៣ ខែកុម្ភៈ ក្រោមវត្តមានមន្ត្រីជាន់ខ្ពស់ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នាយកប្រតិបត្តិក្រុមហ៊ុន Sabay អ្នកនិពន្ធ និងសិល្បករជាច្រើនរូប។

ការប្រកាសដាក់ឲ្យដំណើរការកម្មវិធីប្រលោមលោក Sabay E-Novel នេះ ក៏ត្រូវបានធ្វើឡើងក្រោយពីក្រុមហ៊ុន Sabayបានអនុវត្តដោយជោគជ័យ នូវកម្មវិធីប្រឡោមលោកអនឡាញដ៏ពេញនិយមចាប់តាំងពីឆ្នាំ២០១២មក ។

លោកជី សិលា នាយកប្រតិបត្តិក្រុមហ៊ុន Sabay បានឲ្យដឹងថា នេះគឺជាជំហ៊ានថ្មីមួយទៀតរបស់Sabayក្នុងការលើកកម្ពស់ស្នាដៃនិពន្ធរបស់អ្នកនិពន្ធថ្មីៗ និងអ្នកនិពន្ធជំនាន់មុនដែលស្នាដៃទាំងនោះ ត្រូវបានកប់បាត់ក្នុងសង្គ្រាម ឬត្រូវបំភ្លេចចោលដោយសារការធ្លាក់ចុះនៃការទម្លាប់អានក្នុងប្រទេសកម្ពុជា ។

លោកបន្តថា ប្រលោមលោកសប្បាយ គឺជាវេទិកាមួយ ដែលជំរុញឲ្យអ្នកនិពន្ធចាប់ផ្តើមបង្កើតស្នាដៃឡើងវិញ និងបានជួយសម្រួលឲ្យអ្នកនិពន្ធ និងអ្នកអានខិតជិតគ្នា ហើយអ្នកទាំងពីរនឹងទទួលបានអត្ថប្រយោជន៍គ្នាទៅវិញទៅមក ។

អ្នកគ្រប់គ្រងកម្មវិធីប្រលោមលោក Sabay លោក ឃុត សុខឿន បានឲ្យដឹងថា រហូតមកដល់ពេលនេះ Sabay បានសម្រិតសម្រាំងប្រលោមលោកប្រកបដោយគុណភាពរាប់រយរឿងដែលរួមមានប្រភេទមនោសញ្ចេតនា គុននិយម ព្រឺព្រួច ស៊ើបអង្កេត អាថ៌កំបាំង និងរឿងព្រេងល្បីៗទាំងរបស់ខ្មែរនិងបរទេស។

លោកថា កម្មវិធី Sabay E-Novelក៏មានឃ្លីបរឿងប្រលោមលោកជាសំឡេង និងល្ខោនវិទ្យុល្អៗជាច្រើនទៀតផងដែរ ។

លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបង្ហាញជំហរគាំទ្រយ៉ាងពេញទំហឹង ចំពោះកម្មវិធីថ្មីនេះ ដែលលោកស្រីយល់ថា គឺជាការចូលរួមចំណែកលើកកម្ពស់ ការអាន និងការសរសេរនៅកម្ពុជា។

លោកស្រីថា ការអាននឹងជួយឲ្យមនុស្សមានចំណេះដឹង គំនិតច្នៃប្រឌិត ក្តីសង្ឃឹមសម្រាប់ជីវិតរស់នៅ ។ លោកស្រីរំពឹងដែរថា អ្នកនិពន្ធនឹងប្រឹងប្រែងបង្កើតស្នាដៃនិពន្ធថ្មីៗ និងល្អៗ ដើម្បីបំពេញតម្រូវការអ្នកអាន។

គួរបញ្ជាក់ដែរថា នៅក្នុងការរីកចម្រើនថ្មីលើផ្នែកភាពយន្តដែលត្រូវការសាច់រឿងល្អៗ Sabay ក៏បាននិងកំពុងដំណើរការផលិតប្រលោមលោកមនោសញ្ចេតនាដ៏ពេញនិយមជាច្រើនរបស់ខ្លួនផងដែរ។ រឿង”ស្រទន់មន្តស្នេហ៍” និង ”មន្តស្នេហ៍លេខា” ដែលដកស្រង់ចេញពីប្រលោមលោក Sabay ក៏កំពុងត្រូវបានផលិតហើយនឹងត្រូវចាក់បញ្ចាំងនៅឆ្នាំនេះ ៕ វឌ្ឍនា

...

IMG_4144 IMG_4137 IMG_4165 IMG_4130 IMG_4155 IMG_4148 IMG_4199 IMG_4180 IMG_4128 IMG_4205 IMG_4138

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print