ខេត្តត្បូងឃ្មុំ៖ ដោយសារសត្វពពែ គឺប្រភេទសត្វដែលងាយស្រួលក្នុងការចិញ្ចឹម ងាយថែទាំ ហើយធន់និងជំងឺ ចំណីអាហារ គឺស៊ីមិនរើសមុខ ចំណែកការឲ្យផល ក៏សមរម្យអាចទប់នឹងការចំណាយទូទៅនៅក្នុងគ្រូសារបាន និងសល់ប្រាក់មួយចំនួនផងនោះ ទើបប្រជាពលរដ្ឋចំនួនពីរភូមិ គឺភូមិព្រែកតូច និងភូមិបឹងទន្សោង នាំគ្នាងាកមកប្រកបរបរចិញ្ចឹមសត្វពពែដើម្បីជាចំណូលបន្ថែមសម្រាប់គ្រូសារ។
បើតាមអ្នកភូមិដែលចិញ្ចឹមសត្វពពែនៅទីនោះបានឲ្យដឹងថា ភាគច្រើនពីមុនពូកគាត់ប្រកបរបររកត្រី តែដោយសារប៉ុន្មានឆ្នាំចុងក្រោយនេះទិន្នផលត្រីធ្លាក់ចុះទើបពូកគាត់នាំគ្នាមកចិញ្ចឹមសត្វពពែវិញ ដោយពួកគាត់ថា សត្វពពែគឺជាសត្វដែលមានទីផ្សារងាយចិញ្ចឹម ងាយលក់ ហើយវាមានតម្លៃថ្លៃគួរសម និងឲ្យផលជាកូនរហូតទៅដល់ពីរដងក្នុងមួយឆ្នាំ ដោយកូនម្ដងគឺចាប់ពីពីរក្បាលឡើងទៅមិនដូចសត្វគោក្របីទេ។
ប្រជាពលរដ្ឋជាខ្មែរឥស្លាមម្នាក់ឈ្មោះ សាក ស៊េន ដែលជាអ្នកចិញ្ចឹមសត្វពពែនៅក្នុងភូមិបឹងទន្សោង ឃុំជីរោរ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានឲ្យដឹងដែរថា គាត់ចិញ្ចឹមពពែមួយឆ្នាំមកនេះជីវភាពរបស់គាត់បានធូរស្រាលបានច្រើនបើប្រៀបធៀបទៅនឹងពេលមុនដែលប្រកបរបររកត្រី ។
លោកពូបានបន្តឲ្យដឹងទៀតថា ពពែជាសត្វដែលសម្បូរទីផ្សារណាស់ ព្រោះជាទូទៅមានអ្នកមកទទួលទិញជាហូរហែរដែលមកពីគ្រប់ទិសទី ជាពិសេសនៅក្នុងពីធីស្រាយបួសរបស់ បងប្អូនខ្មែរឥស្លាមតែម្ដងដោយគេទទួលទិញទាំងអស់ ដោយគាត់ពន្យល់ថា ក្នុងពិធីស្រាយបួសនេះ គឺក្រុមគ្រួសារដែលមានកូនបួសត្រូវកាប់ពពែចំនួន២ក្នុងកូនប្រុសម្នាក់ រីឯកូនស្រីត្រូវកាប់ពពែចំនួនមួយក្បាល ដើម្បីសុំសេចក្ដីសុខ ហេតុដូចនេះហើយទើបពពែរបស់ពូកគាត់មិនពិបាករកទីផ្សារនោះទេ ព្រោះគេទទួលទិញទាំងអស់ដោយមួយក្បាលគឺតម្លៃចាប់ពី ៩០ដុល្លារ ដល់ ១៥០ដុល្លារ ទៅតាមទំហំតូចឬធំ៕ វណ្ណះ