ភ្នំពេញ ៖ តុលាការបានសម្រេចកាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយចោទប្រកាន់បុរសម្នាក់ដែល បើកថយន្តកៀរម៉ូតូបណ្តាលឲ្យលោក ស្រូយ នីកា អ្នកកាសែតរស្មីកម្ពុជា និង ទូរទស្សន៍ CNC ស្លាប់យ៉ាង អាណោចអាធ័ម ។
បច្ចុប្បន្នជនត្រូវចោទ និងសំណុំរឿង ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរចាត់ការបន្តតាមនីតិវិធី ។ នៅដំណាក់ កាលនេះ ចៅក្រមស៊ើបសួរ នឹងសម្រេចឃុំខ្លួន ឬ មិនឃុំខ្លួនជនត្រូវចោទ ។
មន្ត្រីតុលាការបញ្ជាក់ថា លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទ ប្រកាន់បុរសឈ្មោះ សួន វណ្ណា អាយុ៣១ឆ្នាំ ពីបទបើកបរធ្វេសប្រហែសបណ្តាលឲ្យស្លាប់អ្នកដទៃ តាមមាត្រា ៨៥ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ។
គួររំឭកថា លោក ស្រួយ នីកា អ្នកយកព័ត៌មានរស្មីកម្ពុជា និងCNC បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ដោយសារតែត្រូវរថយន្តក្រឡុកស៊ីម៉ង់ត៍ បើកកៀរប៉ះដៃចង្កូតម៉ូតូជនរងគ្រោះបណ្តាលឲ្យដួលហើយកិនស្លាប់ កាលពីវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ កែងនឹងផ្លូវ១៤៨ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ៕ នាថ