លោក ស៊ាន បូរ៉ាត ដាក់វិធានការក្តៅ ចំនួន៥ចំណុចឲ្យអគ្គនាយកដ្ឋានកីឡាអនុវត្ត

ចែករំលែក៖

ភ្នំពេញ៖ លោក ស៊ាន បូរ៉ាត រដ្ឋលេខា ធិការក្រសួងអប់រំ យុវជន និងកីឡាបានដាក់ចេញវិធានការធំៗចំនួន៥ចំណុចដល់អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាបន្តអនុវត្តនិងពង្រឹងសមត្ថភាពមន្ត្រីរាជការក្រោម ចំណុះនិងសហព័ន្ធកីឡាជាតិទាំងអស់។ ការដាក់ចេញវិធានការក្តៅរបស់លោក ស៊ាន បូរ៉ាត នេះធ្វើឡើងក្នុងសិក្ខាសាលា បូកសរុបលទ្ធផលការងារវិស័យអប់រំកាយនិងកីឡា កាលពីរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧នៅភោជនីយដ្ឋានទន្លេបាសាក់២។

លោករដ្ឋលេខាធិការ បានដាក់ចេញនូវវិធានការសំខាន់ៗមួយចំនួនដូចជា ទី១-ជំរុញឲ្យអង្គសិក្ខាសាលាប្រមូលធាតុចូលដែលបានពិភាក្សាសម្រេចរយៈពេល២ថ្ងៃនោះយកទៅដាក់ក្នុងសន្និបាតរបស់ក្រសួងអប់រំ យុវជន និងកីឡាដែលនឹងប្រព្រឹត្តទៅនាខែមីនាឆ្នាំ២០១៧ខាងមុខនេះ, ទី២- អគ្គនាយកដ្ឋានកីឡាត្រូវធ្វើកិច្ចសន្យាដើម្បីធ្វើប្រតិភូកម្មដល់សហព័ន្ធកីឡាជាតិ,ទី៣- សហព័ន្ធកីឡាជាតិត្រូវអនុវត្តតាមការណែនាំ និងកិច្ចសន្យាទៅតាមផែនការដែល បានដាក់ចុះ,ទី៤-ការិយាល័យកីឡារាជ ធានី-ខេត្តត្រូវពង្រឹងមន្ត្រីក្រោមដែនសមត្ថកិច្ចរបស់ខ្លួន និងទី៥-ការិយាល័យរាជ ធានី-ខេត្តត្រូវលើកផែនការថវិកាដាក់បញ្ចូលទៅក្នុងថវិការបស់មន្ទីររៀងៗខ្លួន ។

ទន្ទឹមនឹងការដាក់ចេញនូវវិធានការខាងលើនេះដែរអង្គសិក្ខាសាលាបានប្រមូលធាតុចូលជាច្រើនដើម្បីត្រៀមដាក់បញ្ចូល ក្នុងសន្និបាតរបស់ក្រសួងអប់រំយុវជនកីឡា។ ជាមួយគ្នានោះដែរ លោក អ៊ុក សិទ្ធីជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាបានស្នើសុំឲ្យថ្នាក់ដឹកនាំក្រសួងជំរុញ និងបង្កើនលទ្ធភាពជួយដល់អគ្គនាយកដ្ឋានកីឡាដែលជាសេនាធិការក្រសួងដើម្បីមានលទ្ធភាព ជំរុញនិងបង្កើនការបណ្តុះបណ្តាលបំប៉ន មុខជំនាញដល់គ្រូបឋម និងគ្រូទទួលបន្ទុកកីឡានៅតាមសាលារៀន និងសហព័ន្ធ កីឡាជាតិក្នុងការសហការបើកវគ្គបំប៉ន ជំនាញដល់មន្រ្តីដឹកនាំគ្រូបង្វឹកអាជ្ញា កណ្តាល តាមប្រភេទកីឡាដែលមានប្រជា ប្រិយភាពតាមរាជធានី-ខេត្តព្រមទាំងជំរុញឲ្យបង្កើនល្បឿនក្នុងការងារជួសជុលកែ លម្អ និងកសាងទីលានកម្រិតស្តង់ដារ នានានៅតាមខេត្តឲ្យមានប្រសិទ្ធភាពខ្ពស់ និងជំរុញឱ្យមានសិក្ខាសាលារៀងរាល់ឆ្នាំនៅថ្នាក់ក្រោមជាតិ ដើម្បីពិនិត្យលទ្ធភាពនិងដោះស្រាយបញ្ហាប្រឈមនានាឲ្យបានស៊ីជម្រៅ ៕ សារីម

...

sarim (4) sarim (5) sarim (1) sarim (3) sarim (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print