ទំនាក់ទំនងរវាងឥណ្ឌូនេស៊ី នឹងអូស្ត្រាលី ប្រឈមមុខតានតឹងដាក់គ្នារយៈពេលកន្លង មក ក្រោយពេលឥណ្ឌូនេស៊ីបានប្រកាស ជាផ្លូវការផ្អាកព្យួរសហប្រតិបត្តិការយោធាជាមួយអូស្ត្រាលី បន្ទាប់ពីភាគីឥណ្ឌូនេស៊ី រកឃើញខ្លឹមសារជេរប្រមាថឥណ្ឌូនេស៊ីនៅក្នុងឯកសារហ្វឹកហ្វឺនមួយរបស់អូស្ត្រាលី។
ប៉ុន្តែនៅក្នុងដំណើរទស្សនកិច្ចជាលើកទី១ ទៅអូស្ត្រាលី ក្នុងនាមជាប្រមុខរដ្ឋ ឥណ្ឌូនេស៊ី លោកប្រធានាធិបតី ហ្សូកូ វីដូដូ បានព្រមព្រៀងឲ្យមានការស្តារឡើង វិញនូវសហប្រតិបត្តិការយោធាជាមួយ អូស្ត្រាលី ដែលឥណ្ឌូនេស៊ីសម្រេចផ្អាកព្យួរជិត២ខែមកហើយ។ នាយករដ្ឋមន្រ្តីអូស្ត្រាលី ម៉ាល់ខុម ធើនប៊ុល ដែលបានប្រកាសព័ត៌ មាននេះនៅក្រោយជំនួបពិភាក្សារយៈ ពេល២ម៉ោងជាមួយប្រធានាធិបតីឥណ្ឌូ នេស៊ីរួចមក។
នាយករដ្ឋមន្រ្តីអូស្ត្រាលី លោក ម៉ាល់ ខុម ធើនប៊ុល បានប្រកាសនៅថ្ងៃអាទិត្យ នេះថាលោក ហើយនឹងលោកប្រធានាធិបតី ឥណ្ឌូនេស៊ីបានព្រមព្រៀងគ្នាក្នុងការស្តារឡើងវិញ ទំនាក់ទំនងយោធារវាងប្រទេស ទាំង២។ អូស្ត្រាលី និងឥណ្ឌូនេស៊ីជាប្រទេស ជិតខាង ប៉ុន្តែកម្រមានទំនាក់ទំនងរលូន នឹងគ្នាណាស់។ អូស្ត្រាលីខឹងឥណ្ឌូនេស៊ីដែលកាត់ទោសប្រហារជីវិតជនជាតិអូស្ត្រាលីដោយសារគ្រឿងញៀន ចំណែក ឥណ្ឌូនេស៊ីអន់ចិត្តនឹងអូស្ត្រាលីដែលចេះតែចាប់បង្វែរទូកដឹកជនអន្តោប្រវេសន៍ ខុសច្បាប់ទៅឥណ្ឌូណេស៊ី។
ចំណុចរកាំរកូសចុងក្រោយ គឺឥណ្ឌូ នេស៊ីបានប្រកាសនៅខែមករា ផ្អាកសហប្រតិបត្តិការយោធារវាងប្រទេសទាំង២ បន្ទាប់ពីមន្ត្រីយោធាជាន់ខ្ពស់របស់ឥណ្ឌូនេស៊ី បានរកឃើញថា ឯកសារហ្វឹកហ្វឺន មួយរបស់អូស្ត្រាលីមានខ្លឹមសារជេរប្រមាថ ប៉ះពាល់ដល់មូលដ្ឋានគ្រឹះនៃប្រជាជាតិ ឥណ្ឌូនេស៊ី។ ក្នុងឯកសារយោធា ដែល ឥណ្ឌូនេស៊ីរកឃើញនៅក្នុងមូលដ្ឋានទ័ព អូស្ត្រាលី នៅទីក្រុងPerth ប្រទេសអូស្ត្រាលី គេបានសរសេរថា ខេត្តប៉ាពូអាស៊ី របស់ ឥណ្ឌូនេស៊ី គួរតែទទួលឯករាជ្យ។ សៀវភៅហ្វឹកហាត់របស់អូស្ត្រាលីបានសរសេរចំអកផងដែរមនោគមន៍វិជ្ជាដឹកនាំរបស់ ឥណ្ឌូនេស៊ី។ ភ្លាមនោះៗ ប្រមុខយោធាអូស្ត្រាលីបានសម្បែងការសុំទោស ប៉ុន្តែគេត្រូវរង់ចាំដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីឥណ្ឌូនេស៊ី នៅអូស្រ្តាលី ដើម្បីកែលំអឲ្យប្រសើរឡើងវិញពីទំនាក់ទំនងយោធារវាងប្រទេសទាំង២៕
ប្រែសម្រួល៖ ម៉ែវ សាធី