LD Picture បញ្ចេញរឿង“មន្តស្នេហ៍ក្រមុំបាយឆា”

ចែករំលែក៖

ភ្នំពេញ៖ ផលិតកម្មLD Picture បានបញ្ចេញស្នាដៃផលិតខ្សែភាពយន្តភាគថ្មីរបស់ខ្លួនហើយនៅលើកញ្ចក់ទូរទ្សន៍PNNហើយ គឺរឿង “មន្តស្នេហ៍ក្រមុំបាយឆា” បន្ទាប់ពីរឿង ”ម្ទេសហិរប៉ះអំបិលប្រៃ” ទទួលបានការគាំទ្រខ្លាំង។ ភាពយន្តភាគថ្មីនេះក៏ទទួលបានការចាប់អារម្មណ៍និងគ្រាំទ្រច្រើនពីអ្នកទស្សនានៅថ្ងៃចាក់បញ្ចាំងដំបូងកាលពីរាត្រីថ្ងៃទី២៧ ខែកុម្ភៈនេះ ព្រោះតែគុណភាពនៃភាពយន្តនេះកាន់តែល្អ។

ផលិតកម្ម LD Picture បានបង្កើតឲ្យមានការចាប់អារម្មណ៍ខ្លាំងជាមួយនឹងស្នាដៃផលិតភាពយន្តភាគខ្មែរដែលគួរឲ្យចាប់អារម្មណ៍ បន្ទាប់ពីផលិតកម្មនេះបានសម្រួចស្នាដៃថ្មីៗមានគុណភាពផ្គត់ផ្គង់ទីផ្សារភាពយន្ត។ ចំថ្ងៃចាក់បញ្ចាំងភាគទី១នៃភាពយន្តរឿង ”មន្តស្នេហ៍ក្រមុំបាយឆា” នេះដែរ នៅស្នាក់ការផលិតកម្មLD Picture បានរៀបចំកម្មវិធីជួបជុំអបអរសាទរថ្ងៃចាក់បញ្ចាំងលើកដំបូងដោយមានការចូលរួមពីសំណាក់ផលិតករ សិល្បករ និងក្រុមការងារផលិតជាច្រើននាក់។

ចាងហ្វាងផលិតកម្ម LD Picture លោកលៀក លីដា បានបញ្ជាក់ថា ខ្សែភាពយន្តរឿង “មន្តស្នេហ៍ក្រមុំបាយឆា” ទទួលបានការចាប់អារម្មណ៍ខ្លាំងក្រោយពីផលិតកម្មបញ្ចេញវីដេអូខ្លី(Trailer)កាលពីថ្មីៗនេះ ហើយថ្ងៃចាក់បញ្ចាំងថ្ងៃដំបូងលោកក៏ជឿជាក់ថាទទួលបានការគាំទ្រច្រើនពីទស្សនិកជន។ ការជឿជាក់ក៏ព្រោះតែភាពយន្តនេះត្រូវបានសម្រិតសម្រាំងយ៉ាងពិសេសសម្រាប់អ្នកនិយមទស្សនាភាពយន្តភាគលើកញ្ចក់ទូរទស្សន៍។ លោកថា ទាំងសាច់រឿងនិពន្ធថ្មីគួរចាប់អារម្មណ៍ ខណៈដែលតួសម្តែងសុទ្ធតែជាតារាល្បីៗ និងបច្ចេកទេសនៃការថត និងកាត់តសុទ្ធតែប្រើប្រាស់សម្ភារបច្ចេកទេសផលិតខ្ពស់ជាងរឿងមុនៗ។ លោកបន្តថា ភាពយន្តនេះជារឿងបែបកំប្លែង កម្សត់ និងមនោសញ្ចេតនា ដែលចាប់ផ្តើមផលិតពីអំឡុងខែមិថុនាឆ្នាំ២០១៦មកម្ល៉េះដោយមានប្រមាណ៤០ភាគ។ លោកថា ការចំណាយនៃការផលិតភាពយន្តនេះគឺមានទំហំមួយធំជាងរឿងមុនៗដើម្បីឲ្យប្រាកដថាជាភាពយន្តដែលមានគុណភាពប្រកួតប្រជែងនិងចង់ឲ្យប្រជាពលរដ្ឋខ្មែរងាកមកចាប់អារម្មណ៍កាន់តែខ្លាំងលើភាពយន្តផលិតក្នុងស្រុក។ លោកបន្ត រឿងនេះជារឿងទី២ដែលចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍PNNពីថ្ងៃចន្ទ ដល់ថ្ងៃពុធ ចាប់ពីម៉ោង៨ដល់ម៉ោង៩យប់ បន្ទាប់ពីរឿងទីមួយរឿង ”ម្ទេសហិរប៉ះអំបិលប្រៃ” ទទួលបានការគាំទ្រច្រើនពីទស្សនិកជន។ លោកថា រឿងនេះមិនទាន់បញ្ចប់ការផលិតទាំងស្រុងនៅឡើយទេគឺនឹងត្រូវបញ្ចប់នៅថ្ងៃទី៦ ខែមីនា ខាងមុខនេះ ហើយផលិតកម្មក៏កំពុងបន្តផលិតភាពយន្តភាគថ្មីមួយទៀតផងដែរសម្រាប់ផ្គត់ផ្គង់ទីផ្សារភាពយន្តភាគបច្ចុប្បន្ននៅកម្ពុជា ។

គួរបញ្ជាក់ដែរថា ខ្សែភាពយន្តរឿង “មន្តស្នេហ៍ក្រមុំបាយឆា” មានការចូលរួមសម្តែងដោយតារាសម្តែងល្បីឈ្មោះជាច្រើនរូបមានដូចជាលោក លឹម ជាឡាយ កញ្ញា គៀត សុវណ្ណាឡាង លោក អេដ វីន កញ្ញា សាឡាត់ស្រីឡា អ្នកនាង ប៉ែន សុផានី លោករាម រ៉ាម៉ូ លោកងួន សុបិន្ត កញ្ញា ពេជ្រ ចរណៃ លោក ឆានុន ឆៃយ៉ា កញ្ញា ឈិន សៀវម៉ី និងតារាប្រុសស្រីល្បីឈ្មោះជាច្រើនរូបទៀត៕ វឌ្ឍនា

https://youtu.be/ADvb_VOJqXs

...

IMG_4493 IMG_4467 IMG_4486 IMG_4425 IMG_4413 IMG_4446 IMG_4440 IMG_4459 IMG_4457 IMG_4479

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print