ភ្នំពេញ៖ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួននារីម្នាក់បន្ទាប់ពីចូលទៅសួរសុខទុក្ខបងប្អូននៅក្នុងមណ្ឌលកែប្រែដោយលាក់សារធាតុញៀនជាប់នឹងខ្លួនបំណងយកទៅឲ្យអ្នកទោស កាលវេលាម៉ោង៨យប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅមណ្ឌលកែប្រែ ភូមិស្រែជម្រៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យមានឈ្មោះកែវ សុវណ្ណារី ភេទស្រី អាយុ៣០ឆ្នាំ ជាអ្នករើសអេតចាយ ស្នាក់នៅសង្កាត់បឹងព្រលឹត ខណ្ឌដូនពេញ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យខាងលើបានសុំអ្នកយាមនៅមាត់ច្រកចេញចូកថា ទៅមើលបងប្អូនដែលជាប់នៅក្នុងមណ្ឌលកែប្រែ ហើយអ្នកយាមច្រកចេញចូលក៏បានធ្វើការឆែកឆេរទៅលើរបស់របរជនសង្ស័យមុននិងឲ្យចូលទៅជួប ខណៈឆែកឆេរក៏បានប្រទះឃើញថ្នាំញៀនមួយកញ្ចប់តូចសៀតចំហៀងកញ្ចប់បារី ទើបធ្វើការឃាត់ខ្លួននិងរាយការណ៍ដល់សមត្ថកិច្ចអន្តរាគមន៍ភ្លាមៗផងដែរ ។
សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីទទួលដំណឹងភ្លាមកម្លាំងនគរបាលចោមចៅក៏បានចុះទៅដល់ចំណុកើតហេតុនិងនាំខ្លួនជនសង្ស័យទៅប៉ុស្តិ៍ដើម្បីក៏សាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យចាត់ការបន្ត៕ សុខាសែនជ័យ
...
