នៅក្នុងព្រះរាជដំណើរទស្សនកិច្ចជា ប្រវត្តិសាស្ត្ររបស់ព្រះមហាក្សត្រ អារ៉ាប៊ី សាអ៊ូឌីត Salman Bin Abdulaziz Al Saud ទៅកាន់តំបន់អាស៊ី គឺព្រះអង្គបានយកទៅតាមនូវសម្ភារមានទម្ងន់រាប់រយតោនទៅជាមួយ ដែលជាការបង្ហាញនូវភាពហុឺហា របស់អារ៉ាប៊ីសាអ៊ូឌីត។
គោលដៅនៃព្រះរាជទស្សនកិចុ្ចរបស់ព្រះមហាក្សត្រ Salman ទៅកាន់ទ្វីបអាស៊ីនាពេលនេះគឺជាការស្វែងរកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេសក្នុងតំបន់ដែលមានសេដ្ឋកិច្ចរីកចម្រើន។ មួយវិញ ទៀត ព្រះអង្គមិនចង់ឲ្យប្រទេសរបស់ព្រះអង្គពឹងផ្អែកតែលើវិស័យប្រេងប៉ុណ្ណោះ ដើម្បីកំណើនសេដ្ឋកិច្ច គឺត្រូវតែមានពហុ វិស័យទើបអាចរក្សាប្រទេសជាតិគង់វង្សបានបើពឹងតែលើប្រេង ថ្ងៃណាមួយប្រេង នឹងអស់។
ក្រោយពីបំពេញទស្សនកិច្ចរយៈពេល៤ថ្ងៃទៅកាន់ប្រទេសម៉ាឡេស៊ី ព្រះមហាក្សត្រ Salman បានបន្តព្រះរាជដំណើរទៅកាន់ ប្រទេសឥណ្ឌូនេស៊ី, ចិន និងជប៉ុន ដើម្បី សម្រេចពីទំនាក់ទំនងការបរទេស។
តាមការប្រកាសរបស់ក្រុមហ៊ុនដឹក ជញ្ជូន Jasa Angkassa Semesta បានឲ្យ ដឹងថា ព្រះមហាក្សត្រមានព្រះជន្ម៨២ព្រះវស្សាបាននាំសម្ភារទៅជាមួយក្នុងព្រះរាជដំណើរទស្សនកិច្ចនោះមានដូចជារថយន្ត Limousine ២គ្រឿង និងសម្ភារផ្សេងៗទៀត មានទម្ងន់ជាង៤០០តោន។ នៅក្នុងព្រះ រាជទស្សនកិច្ចមួយជុំទ្វីបអាស៊ីរយៈពេល១ខែ ស្តេចសាលម៉ានបាននាំគណៈប្រតិភូ និងប្រធានក្រុមហ៊ុន រោងចក្រសហគ្រាសសំខាន់ៗទៅជាមួយដែលសរុបមានគ្នា ១.៥០០នាក់។
បច្ចុប្បន្នសេដ្ឋកិច្ចរបស់អារ៉ាប៊ីសាអ៊ូឌីតពឹងផ្អែកទៅលើប្រេងតែមួយមុខគត់ ហើយរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចំណូល បានមកពីការលក់ប្រេងឆៅបានធ្លាក់ចុះយ៉ាងគំហុកដោយសារតែតម្លៃប្រេងឆៅ បានធ្លាក់ថ្លៃខ្លាំងពេក។ ចំណូលធ្លាក់ចុះ តែរដ្ឋាភិបាលបន្តចំណាយដូចសព្វមួយ ដងដែលបានជំរុញឲ្យមានឱនភាពថវិកាយ៉ាងច្រើនសម្បើម។
គឺផ្តើមចេញពីចំណុចមួយនេះហើយ បានជារដ្ឋាភិបាលអារ៉ាប៊ីសាអ៊ូឌីតផ្តើមគិតគូរពិចារណាស្វែងរកចំណូលផ្សេងក្រៅពីការលក់ប្រេងឆៅ។ នៅក្នុងឆ្នាំ២០១៦ ទីក្រុងរីយ៉ាដបានដាក់ចេញនូវកម្មវិធីចម្រុះដើម្បីធ្វើកំណែទម្រង់សេដ្ឋកិច្ចក្រោមឈ្មោះ ថា « ចក្ខុវិស័យឆ្នាំ២០៣០ » ហើយតួអង្គដែលបានបង្កើតឲ្យមានកំណែទម្រង់ក្រោម ឈ្មោះ « ចក្ខុវិស័យឆ្នាំ២០៣០ » នេះឡើង គឺស្តេចស្នងរាជ្យ ម៉ូហាម៉េដបិន សាលម៉ាន ដ៏មានឥទ្ធិពលមួយអង្គ។
នៅក្នុងព្រះរាជដំណើរទស្សនកិច្ចមកកាន់៤ប្រទេសនៅអាស៊ីព្រះអង្គចាប់អារម្មណ៍ ខ្លាំងបំផុតគឺទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសចិន និងជប៉ុន។ នៅក្នុងទំនាក់ទំនង ជាមួយចិនដែលជាមហាអំណាចសេដ្ឋកិច្ចទី២ក្នុងលោក ការដោះដូរពាណិជ្ជកម្មរវាងទីក្រុងរីយ៉ាដ នឹងទីក្រុងប៉េកាំងជារៀងរាល់ឆ្នាំមានទឹកប្រាក់មិនតិចជាង ៦.៥០០ លានអឺរ៉ូទេ។ ចិនជាប្រទេសដែលបាន ទិញប្រេងពីអារ៉ាប៊ីសាអ៊ូឌីតច្រើនជាង គេក្នុងលោក ហើយថ្មីៗនេះចិន និងអារ៉ាប៊ីសាអ៊ូឌីតបានបើកសម្ពោធរួមគ្នានូវស្ថានីយបូមប្រេងមួយដែលភាគីទាំង២បានចាត់ទុកជានិមិត្តិរូបនៃវត្តមានសេដ្ឋកិច្ចចិននៅតំបន់មជ្ឈិមបូព៌ា។ នៅក្នុងដំណើរទស្សនកិច្ចរបស់ស្តេចអារ៉ាប៊ីសាអ៊ូឌីតពេលនេះ ស្តេច សាលម៉ាន សង្ឃឹមទទួលបានការបោះទុនវិនិយោគបន្ថែមរបស់ចិននៅអារ៉ាប៊ីសាអ៊ូឌីត ចំណែកទំនាក់ទំនងជាមួយជប៉ុនវិញ គឺមានលក្ខណៈពិសេសនៃទំនាក់ទំនង រវាងអារ៉ាប៊ីសាអ៊ូឌីតជាមួយជប៉ុន ក៏ដូចជាមួយ ចិន គឺផ្តោតសំខាន់លើវិស័យសេដ្ឋកិច្ច និង ពាណិជ្ជកម្ម។ នៅក្នុងប្រទេសជប៉ុននេះជាទស្សនកិច្ចលើកទី១ របស់ស្តេចអារ៉ាប៊ីសាអ៊ូឌីតគិតក្នុងរយៈពេល ៤៦ឆ្នាំកន្លងទៅ ហើយក៏ជាទស្សនកិច្ចដែលមានបង្កប់ទៅដោយអត្ថន័យនៃទំនាក់ទំនងល្អនៅក្នុង វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មដែរ។ ចូរកុំ ភ្លេចថា ប្រេងចំនួន ១ភាគ៣ ដែលជប៉ុន បាននាំចូល គឺទិញពីអារ៉ាប៊ីសាអ៊ូឌីត ហើយ អារ៉ាប៊ីសាអ៊ូឌីតបានទិញពីជប៉ុនវិញនូវ រថយន្ត គ្រឿងសម្ភារបរិក្ខារផ្សេងៗ រួមទាំងវត្ថុធាតុដើមជាច្រើនដែលសរុបជាប្រាក់ មានរហូតដល់ទៅ ៦.៩០០លានអឺរ៉ូក្នុងឆ្នាំ ២០១៥។
នៅក្នុងព្រះរាជដំណើរទស្សនកិច្ចរបស់ស្តេចសាលម៉ាននៅជប៉ុនដែលគ្រោងធ្វើពី ថ្ងៃទី១២ ដល់ថ្ងៃទី១៤ មីនា ទីក្រុងរីយ៉ាដចង់ឲ្យទីក្រុងតូក្យូដែលជាមហាអំណាចសេដ្ឋកិច្ចទី៣ ក្នុងលោកបោះទុនវិនិយោគបន្ថែមនៅក្នុងវិស័យថាមពលមិនចេះសាបសូន្យ នៅក្នុងវិស័យបច្ចេកវិទ្យាផ្សេងៗ និងនៅក្នុងកម្មវិធីអប់រំធនធានមនុស្ស។ បច្ចុប្បន្ន ក្រុមហ៊ុនជប៉ុនកំពុងបង្ហាត់បង្រៀនក្រុម យុវជនអារ៉ាប៊ីសាអ៊ូឌីតដើម្បីចូលជំនួស បុគ្គលិក និងកម្មករបរទេសដែលកំពុងធ្វើការងារនៅក្នុងទឹកដីអារ៉ាប៊ីសាអ៊ូឌីត៕
ប្រែសម្រួល៖ ម៉ែវ សាធី