ក្រសួងពាណិជ្ជកម្មថៃផ្សព្វផ្សាយច្បាប់ដល់អាជីវករខ្មែរ នៅផ្សាររុងក្លឿនៅពេលកំពុងប្រឈមការបង្រ្កាបអីវ៉ាន់រំលោភកម្មសិទ្ធិបញ្ញារបស់សមត្ថកិច្ចថៃ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មថៃបានចុះមកផ្សព្វផ្សាយអប់រំដល់អាជីវករខ្មែរនៅផ្សាររុងក្លឿ គ្រាដែលកំពុងប្រឈមរងការបង្រ្កាបពីសមត្ថកិច្ចថៃពាក់ព័ន្ធនិងអាជីវករខ្មែរមួយចំនួនធំ ដែលរងការចោទប្រកាន់ថាបានលក់ទំនិញនិងអីវ៉ាន់រំលោកភកម្មសិទ្ធិបញ្ញាខុសច្បាប់នៅក្នុងប្រទេសថៃ។ការផ្សព្វផ្សាយនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ក្នុងនោះក៏មានការចូលរួមពីលោក ម៉ែន សុភ័ណ អភិបាលរងក្រុងប៉ោយប៉ែតនិងមានអាជីវករខ្មែរជាង១ពាន់នាក់ផងដែរ។

ការផ្សព្វផ្សាយនេះនៅគ្រាដែលអាជីវករខ្មែរប្រមាណ២០០នាក់ បានលើកគ្នាមកប្រមូលផ្តុំនៅ មុខសាលាក្រុងប៉ោយប៉ែតដើម្បីសុំការអន្តរាគមន៍ពីសម្តេចតេជោសែន ប្រមុខរាជរដ្ឋាភិបាល កម្ពុជា ជួយដោះស្រាយជូនដល់ពួកគាត់ដែលកំពុងប្រឈម ការបង្រ្កាបនិងចាប់ឃាត់ខ្លួនពីសំណាក់សមត្ថកិច្ចថៃ ក្នុងការអនុវត្តច្បាប់រំលោភកម្មសិទ្ធិបញ្ញា ដែលសមត្ថកិច្ចថៃអនុវត្តតាមបណ្តឹងរបស់ក្រុមហ៊ុនបរទេសដោយពិនិត្យរកឃើញថាមានអាជីវករខ្មែរមួយចំនួនធំកំពុងប្រកបមុខរបរលក់ទំនិញ និងអីវ៉ាន់រំលោភកម្មសិទ្ធិបញ្ញានៅផ្សាររុងក្លឿ។ការផ្សព្វផ្សាយនោះដែរមន្រ្តីជាន់ខ្ពស់របស់ក្រសួងពាណិជ្ជកម្មថៃប្រាប់ឱ្យដឹងថា ថ្នាក់លើរបស់ថៃគឺនៅតែប្រកាន់គោលជំហរតឹងរឹងបង្រ្កាបទំនិញអីវ៉ាន់រំលោភកម្មសិទ្ធិបញ្ញាដោយមិនអាចលើកលែងបានឡើយ។

លោក ម៉ែន សុភ័ណ អភិបាលរងក្រុងប៉ោយប៉ែត ដែលបានចូលរួមស្តាប់ ការផ្សព្វផ្សាយច្បាប់រំលោភកម្មសិទ្ធិបញ្ញាបានប្រាប់ឱ្យដឹងថា មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មថៃដែលចុះមកផ្សព្វផ្សាយ ក៏មិនសូវស្គាល់ច្បាស់និងស្លាកសញ្ញាយីហោរទំនិញអីវ៉ាន់ដែលរំលោភកម្មសិទ្ធិបញ្ញានោះដែរ គ្រាដែលអាជីវករខ្មែរបានសាកសួរទៅមន្រ្តីជាន់ខ្ពស់ថៃ នៅពេលនោះ។ អាជីវករខ្មែរក៏បានលើកឡើងថាពួកគាត់មួយចំនួនក៏មិនបានដឹងច្បាស់ថាតើទំនិញនិងអីវ៉ាន់ប្រភេទអ្វីខ្លះដែលរំលោភកម្មសិទ្ធិបញ្ញាខុសច្បាប់នោះ ពីព្រោះកន្លងមកគ្មានការផ្សព្វផ្សាយទំនិញអីវ៉ាន់យីហោរដែលជាមុខសញ្ញារំលោភកម្មសិទ្ធិបញ្ញានោះទេ។ការផ្សព្វផ្សាយគេក៏បានចែកយីហោរទំនិញអីវ៉ាន់ដែលជាមុខសញ្ញារំលោភកម្មសិទ្ធិបញ្ញា ដើម្បីឱ្យអាជីវករខ្មែរបានយល់ដឹងនិងបញ្ឈប់ការតាំងលក់ទំនិញនិងអីវ៉ាន់រំលោភកម្មសិទ្ធិបញ្ញា។

លោកអភិបាលរងក្រុងបានប្រាប់ឱ្យដឹងទៀតថា នៅក្នុងពិធីផ្សព្វផ្សាយនេះ អាជីវករខ្មែរក៏បានសាកសួរមន្រ្តីជាន់ខ្ពស់ថៃថាតើត្រូវឱ្យអាជីវករខ្មែរយកទំនិញត្រឡប់ចូលដីខ្មែរវិញរឺយ៉ាងណា?មន្រ្តីជាន់ខ្ពស់ថៃមិនបានឆ្លើយតបនិងចោទសួររបស់អាជីវករខ្មែរនេះ ឡើយ ដោយបង្វែរទៅបកស្រាយរឿងផ្សេងទៅវិញ។

សូមរំលឹកថាពាក់ព័ន្ធនិងបញ្ហាខាងលើនោះដែរកាលពីចុងសប្តាហ៍កន្លងទៅថ្មីៗនេះ អាជ្ញាធរខេត្តបន្ទាយមានជ័យ និងអាជ្ញាធរខេត្តស្រះកែវ បានបើកកិច្ចប្រជុំដោះស្រាយបញ្ហារបស់អាជីវករខ្មែរប៉ុន្តែភាគីថៃគេមិនយល់ព្រមតាមការស្នើសុំរបស់ភាគីកម្ពុជា ដែលបានសុំឱ្យភាគីថៃពន្យាពេលនៃការចុះបង្រ្កាបរបស់សមត្ថកិច្ចថៃ មកលើអាជីវករខ្មែរនោះ ។ ប៉ុន្តែការស្នើសុំរបស់ភាគីកម្ពុជា ត្រូវបរាជ័យ ដោយភាគីថៃគេនៅតែប្រកាន់គោលជំហរតឹងរឹងត្រូវតែចាត់វិធានការទៅលើអាជីវករខ្មែរដែលបានលក់ទំនិញនិងអីវ៉ាន់រំលោភកម្មសិទ្ធិបញ្ញា ដែលមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីថ្នាក់លើរបស់ថៃ ៕ សំ វិច្ឆិកា

...

Vichika-1 (1) Vichika-1 (2) Vichika-1 (3) Vichika-1 (4) Vichika-1 (5) Vichika-1 (6) Vichika-1 (7) Vichika-1 (8)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print