អតីតប្រធានាធិបតី អូបាម៉ា និងភរិយា របស់លោកគឺលោកស្រី Michelle Obama បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលក់ សិទ្ធិបោះពុម្ពផ្សាយសៀវភៅកំណត់ហេតុ២ក្បាល ដែលមានតម្លៃព្រមព្រៀងដល់ទៅ ៦០លានដុល្លារ គឺឈានមុខទាំងអតីត ប្រធានាធិបតីប៊ីលគ្លីនតុន, George W.bush, Hillary Clinton និងDonal Trump ។
ក្រោយពេលប៉ុន្មានម៉ោងដែលសៀវភៅកំណត់ហេតុ២ក្បាល សរសេរដោយលោក អូបាម៉ា និងលោកស្រី Michelle សរសេរ ដាច់ដោយឡែកពីគ្នាត្រូវបានប្រកាសជាសាធារណៈ។ សារព័ត៌មានThe New YorkTimes បានផ្សាយថា ក្រុមហ៊ុន Penguin Random House ដែលធ្លាប់ដេញថ្លៃបានសិទ្ធិ បោះពុម្ពសៀវភៅ៣ក្បាលកន្លងមករបស់លោក អូបាម៉ា ទទួលបានសិទ្ធិបោះពុម្ពជាថ្មី។
តម្លៃនៃកិច្ចព្រមព្រៀងនោះត្រូវបាន ទម្លាយឲ្យដឹង ប៉ុន្តែមិនទាន់កំណត់ពេល វេលាច្បាស់លាស់ក្នុងការចេញផ្សាយសៀវភៅខាងលើនៅឡើយ។ នៅក្នុងកិច្ចព្រម ព្រៀងនោះ ក្រុមហ៊ុននឹងផ្តល់ជួនដោយអត់គិតថ្លៃចំនួន១លានក្បាលក្នុងនាមលោក អូបាម៉ា។
អគ្គនាយកក្រុមហ៊ុន Penguin Random House លោក Markus Dohle បានបញ្ជាក់ថា «យើងមានភាពសប្បាយរីករាយយ៉ាងខ្លាំង ពេលដែលបានបន្តសហការជាមួយអតីត ប្រធានាធិបតី អូបាម៉ា និងភរិយា។ សៀវភៅ ទាំងនោះគឺជំនួសនូវសម្តី និងការដឹកនាំ ពិភពលោករបស់អ្នកទាំង២។
មនុស្សដែលរកប្រាក់បានច្រើនជាងគេ បំផុតពីការលក់សិទ្ធិបោះពុម្ពសៀវភៅ គឺ លោក James Patterson ទទួលបានប្រាក់លក់ សិទ្ធិដល់ទៅ ១៥០លានដុល្លារសម្រាប់ សៀវភៅ១៧ក្បាលកាលពីឆ្នាំ២០០៩។ ប៉ុន្តែបើគិតតាមសៀវភៅ១ក្បាលៗមានតម្លៃតែ ១០លានដុល្លារប៉ុណ្ណោះ តិចជាងលោក អូបាម៉ា និងភរិយាដែលមានរហូតដល់ទៅ ៣០លានដុល្លារក្នុង១ក្បាល។
កន្លងមកនៅក្នុងការលក់សិទ្ធិសៀវភៅ My Life របស់លោកប៊ីលគ្លីនតុនកាលពីឆ្នាំ២០០៤មានតម្លៃ ១៥លានដុល្លារ។ សៀវ ភៅ Decision Points របស់អតីតប្រធានា ធិបតី George W.bush មានតម្លៃ១០លាន ដុល្លារ។ សៀវភៅ Living History និង Hard Choices របស់លោកស្រី ហ៊ីលឡារី គ្លីនតុន មានតម្លៃ៨លានដុល្លារ និង១៤លានដុល្លារ។
ចំណែកប្រធានាធិបតី ដូណាល់ ត្រាំ កន្លងមកបានលក់សិទ្ធិបោះពុម្ភផ្សាយសៀវភៅ The Art of The Deal មានតម្លៃតែ៥សែន ដុល្លារប៉ុណ្ណោះ ប៉ុន្តែក្រោយមក លោក ត្រាំ រកប្រាក់បានយ៉ាងច្រើនពីការលក់សៀវភៅខាងលើ ដោយសៀវភៅនោះស្ថិតនៅក្នុង ចំណោមសៀវភៅលក់ដាច់ជាងគេបំផុតនៅឆ្នាំ២០០៤ និងក្រោយពេលលោក ត្រាំ ប្រកាសចូលរួមបោះឆ្នោតប្រធានាធិបតីនៅអាមេរិកកាលពីឆ្នាំ២០១៥។
ប្រាក់ចំណូលរបស់ប្រធានាធិបតី និង អតីតប្រធានាធិបតីអាមេរិកភាគច្រើនបាន មកពីការសរសេរសៀវភៅប៉ុណ្ណោះ។ បើ គិតពីប្រាក់ខែរបស់ប្រធានាធិបតី អូបាម៉ា ក្នុងរយៈពេល៨ឆ្នាំដឹកនាំអាមេរិកមានតែ ជាង៣លានដុល្លារប៉ុណ្ណោះ។ ចំណែកការលក់សៀវភៅវិញមានតម្លៃរាប់រយដង។
ជាទម្លាប់ពលរដ្ឋនៅប្រទេសលោកខាងលិច ក្នុងនោះមានអាមេរិកទាំងក្មេងទាំង ចាស់ចូលចិត្តអានសៀវភៅ ហើយអ្នកអាចជ្រើសរើសតែសៀវភៅរបស់បុគ្គលល្បីៗនៅលើពិភពលោកដែលទទួលបានជោគជ័យនៅក្នុងឆាកជីវិត។ ទាំងនោះហើយទើបធ្វើ ឲ្យតម្លៃការលក់សិទ្ធិបោះពុម្ភសៀវភៅរបស់ អតីតប្រធានាធិបតីអាមេរិកមានតម្លៃថ្លៃជាងគេទាំងអស់នៅក្នុងចំណោមអ្នកនិពន្ធ។
មួយវិញទៀត នៅប្រទេសលោកខាង លិច គ្មានអ្នកណាថតចម្លងសៀវភៅដើម របស់គេយកទៅលក់ឡើយ គឺទិញតែសៀវ ភៅច្បាប់ដើមប៉ុណ្ណោះ ទើបធ្វើឲ្យតម្លៃអ្នក សរសេរ និងបោះពុម្ពត្រូវបានលើកកម្ពស់៕
ប្រែសម្រួល៖ ម៉ែវ សាធី