ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង១២និង៣៥នាទីថ្ងៃត្រង់ទី១ ខែមីនា ឆ្នាំ២០១៧ កម្លាំងអធិការដ្ឋាននគរបាលក្រុង និងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់៣ បានស៊ើបអង្កេត និងឃាត់ខ្លួនជនសង្ស័យ២នាក់ដែលជាមុខសញ្ញាឆក់កាបូបភ្ញៀវទេសចរជាជនជាតិបរទេស ។
លោកវរសេនីយ៍ត្រីភុល ភស្តា អធិការនគរបាលក្រុងព្រះសីហនុបានឲ្យដឹងថា ជនសង្ស័យ២នាក់ ដែលបានធ្វើសកម្មភាពឆក់យកកាបូបពីភ្ញៀវទេសចរ កើតឡើងកាលពីវេលាម៉ោង៣និង១០នាទីរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងមកនេះ នៅចំណុចផ្លូវ២ធ្នូ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ជនរងគ្រោះឈ្មោះ SAOIRSE RUSSEU ភេទស្រី អាយុ២២ឆ្នាំ សញ្ចាតិអង់គ្លេស ជាអ្នកទេសចរណ៍ ស្នាក់នៅផ្ទះសំណាក់យីហោ បេកផេកឃរ៍អេវ៉ិន ស្ថិតនៅ ភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ។ សម្ភារបាត់បង់មានកាបូបស្ពាយពណ៌ខ្មៅ១ លិខិតឆ្លងដែន១ច្បាប់ ទូរស័ព្ទម៉ាក Iphon6 ពណ៌ទឹកមាស១គ្រឿង ។
លោកអធិការក្រុងបានបញ្ជាក់បន្ថែមទៀតថា ក្រោយពេលទទួលបណ្តឹងរាយការណ៍ពីជនរងគ្រោះរួចមក កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុង សហការជាមួយ នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៣ ស្រាវជ្រាវ និងកំណត់មុខសញ្ញាបានហើយឈានដល់ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ទី១-ឈ្មោះ យ៉ិន វណ្ណដា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅក្រុមទី១៥ ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ជាអ្នកបើកម៉ូតូ និងទី២- ឈ្មោះ សុខ ណាង ហៅឡាយ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងជួសជុលម៉ាស៊ីនត្រជាក់ (មុខសញ្ញាចាស់ ធ្លាប់ជាប់ពន្ធនាគារ រយៈពេលមួយឆ្នាំ) ពីបទលួចស្នាក់នៅភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ជាអ្នកជិះពីក្រោយធ្វើសកម្មភាពឆក់យកកាបូប ពីជនរងគ្រោះកំពុងធ្វើដំណើរតាមវិថីខាងលើ ។
នៅពេលឃាត់ខ្លួនសមត្ថកិច្ចដកហូត យកបានវត្ថុតាងរួមមានៈ ទូរសព្ទ័ម៉ាកiPhone6 ពណ៌ទឹកមាស ១គ្រឿង លិខិតឆ្លងដែន១ច្បាប់ កាត ATM២ ម៉ូតូ១គ្រឿងម៉ាក Smash Revo ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១១ (ជាមធ្យោបាយជិះធ្វើសកម្មភាព) ។
រីឯបក្ខពួក១នាក់ទៀត ឈ្មោះ ផួ ភារៈ ភេទប្រុស អាយុ ១៩ឆ្នាំ បានរត់គេចខ្លួនបច្ចុប្បន្នកម្លាំងជំនាញ កំពុងស្វែងរកបន្តទៀត។
ជនសង្ស័យទាំង២នាក់ និងវត្ថុតាងសមត្ថិកិច្ចកំពុងកសាងសំណំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការទៅ តាមនីតិវិធីច្បាប់ ៕ ឆ្លាម សមុទ្រ