ភ្នំពេញ៖ បុរសម្នាក់រងរបួសធ្ងន់ ខណៈទើបជិះម៉ូតូចេញពីរាំលេងសប្បាយនៅក្លឹបកម្សាន្ត ហើយទៅបុកបង្កាន់ដៃស្ពានដួលសន្លប់របួសធ្ងន់កាលពីវេលាម៉ោង២និង៤០នាទីរំលងអធ្រាត្រថ្ងៃទី២ មីនា ឆ្នាំ២០១៧ ត្រង់ចំណុចខាងលើស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
សាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសមិនស្គាល់ឈ្មោះ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាអាយខន ពណ៌ខ្មៅលាយផ្កាឈូក ពាក់ស្លាកលេខភ្នំពេញ 1AA-4597 ទើបតែចេញមកពីក្លឹបកម្សាន្តបំណងជិះត្រឡប់ទៅផ្ទះវិញនៅម្តុំវិទ្យាល័យជាស៊ីមសាមគ្គី ដោយបានធ្វើដំណើររួមជាមួយមិត្តភក្តិប្រមាណ៦ទៅ៧ម៉ូតូ។ បុរសពីរនាក់នេះធ្វដំណើរ តាមបណ្តោយផ្លូវ២៧១ ក្នុងល្បឿនយ៉ាងលឿនទិសដៅពីត្បូងទៅជើងហើយពេលមកដល់ចំណុចកើតហេតុដោយសារតែផ្លូវមានស្ថានភាពកោងខ្លាំងពេក គួបផ្សំពេលនោះ បុរសជាអ្នកបើកបរម៉ូតូខាងលើបានងាកក្រោយរកមើលគ្នីគ្នាដែលធ្វើដំណើរជាមួយ ហើយបានកាច់ចង្កូតបត់ខ្លាំងពេកក៏រអិលដួលបណ្តាលឱ្យបុរសដែលបើកបរម៉ូតូខ្ទាតចេញពីម៉ូតូបោកក្បាលទៅនឹងបង្កាន់ដៃស្ពានរងរបួសធ្ងន់ រីឯម៉ូតូរងការខូចខាតបន្តិចបន្តួច។
ភ្លាមៗនោះបុរសម្នាក់ទៀតដែលជាអ្នករួមដំណើរពីក្រោយបានឡើងជិះម៉ូតូមិត្តភក្តិមួយគ្រឿងទៀតចេញទៅបាត់ទុកជនរងគ្រោះឲ្យនៅម្នាក់ឯង ហើយត្រូវនគរបាលមូលដ្ឋានមកដល់ ទូរស័ព្ទហៅរថយន្តសាមុយដឹកទៅកាន់មនី្ទរពេទ្យដើម្បីជួយសង្រ្គោះបន្ទាន់ ៕