ខេត្តសៀមរាប៖ អគ្គីភ័យឆាបឆេះផ្សារពោធិ៍លង្ការកណ្តាលក្រុងសៀមរាប ទាំងយប់អធ្រាត្របណ្តាលឱ្យខូចខាតតូបចំនួន៨៥តូប និងទ្រព្យសម្បត្តិរបស់អាជីវករពី៧០%ទៅ៨០% បង្កឱ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋដែលរស់នៅជិតផ្សារនិងអាជីវករលក់ដូរក្នុងផ្សារនាំគ្នារត់មកជញ្ជូនអីវ៉ានទាំងយប់ផងដែរ ប៉ុន្តែពុំមាននរណាម្នាក់រងរបួសក្នុងហេតុការណ៍ភ្លើងឆេះនោះឡើយ។
ករណីអគ្គិភ័យឆាបឆេះផ្សារនោះបានកើតឡើងនៅវេលាម៉ោង១២និង៣០នាទីរំលងអធ្រាតឈានចូលថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចខាងលិចមាត់ស្ទឹង ក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។
តាមប្រភពពីនគរបាលមូលដ្ឋានបានប្រាប់ថា មុនពេលកើតហេតុមានពលរដ្ឋរាយការណ៍ប្រាប់នគរបាលប៉ុស្តិ៍សង្កាត់ស្លក្រាមថា មានករណីទុសេ្សខ្សែភ្លើងឆាបឆេះផ្សារពោធិ៍លង្កា អស់ហើយ ខណៈពេលនោះខាងកម្លាំងនគរបាលប៉ុស្តិ៍ក៏បានរាយការណ៍បន្តទៅឱ្យនគរបាលពន្លត់អគ្គិភ័យនៃស្នងការនគរបាលខេត្ត ដើម្បីឱ្យចុះមកជួយអន្តរាគមន៍ភ្លាមៗផងដែរ។
ប្រភពបានបន្តថា ក្នុងហេតុការណ៍ខាងលើនោះគេបានឃើញរថយន្តពន្លត់អគ្គិភ័យមកជួយពន្លត់មានចំនួន៣អង្គភាព ក្នុងនោះមានរថយន្តពន្លត់អគ្គភ័យរបស់នគរបាលរបស់ស្នងការខេត្តចំនួន៤គ្រឿងបាញ់, រថយន្តពន្លត់អគ្គីភ័យរបស់កម្លាំងកងរាជអាវុធហត្ថខេត្ត មកចំនួន៤គ្រឿង បាញ់ទឹកទាំងអស់ និងរថយន្តរបស់អាជ្ញាធរអប្សរា ចំនួន២គ្រឿង ផងដែរ ទើបអាចទប់ស្ថានភាពនេះបានទាំងស្រុង ពុំអាចបង្កឱ្យឆ្លងទៅផ្ទះពលរដ្ឋ ដែលនៅជិតនោះឡើយ។
ប្រភពបានបញ្ជាក់បន្ថែមថា ករណីឆេះផ្សារពោធិ៍លង្កា នោះ សរុប តូបទាំងអស់មានចំនួន១០១ តូប ប៉ុន្តែឆេះអស់ចំនួន៨៥តូប និងខូចខាត សម្ភារទ្រព្យសម្បត្តិរបស់បងប្អូនអាជីវករអស់មួយប្រមាណ៧០% ទៅ៨០% នេះជាលើកទី២ ហើយ នៅផ្សារពោធិ៍លង្កានេះ៖លើកទី១/នៅអំឡុងឆ្នាំ២០១៥ និងលើកទី២/នៅថ្ងៃទី២ខែមិនាឆ្នាំ២០១៧នេះ ដែលបណ្តាលមកពីផ្ទុះស្សេខ្សែភ្លើង ព្រោះអាជីវករទាំងមួយចំនួនធំ ធំ ពុំស្នាក់នៅក្នុងផ្សារនេះទេ៕ ប៊ុន រិទ្ធី
...