ភ្នំពេញ៖ នារីម្នាក់បានស្លាប់នៅក្នុងបន្ទប់ ផ្ទះជួលខាងក្រោយផ្សារសុភមង្គល ដោយ សង្ស័យរួមរ័ករំភើបពេករហូតគាំងបេះដូង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៣០នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅខាង ក្រោយផ្សារ សុភមង្គល ក្នុងភូមិត្រពាំងដោក សង្កាត់ពងទឹក ខណ្ឌដង្កោ ។
សាកសពស្រ្តីខាងលើគេមិនមាន ស្គាល់អត្តសញ្ញាណនៅឡើយទេ ដោយ គ្រាន់តែដឹងថា នាងមានអាយុប្រហែល ជា៤០ឆ្នាំ ប្រកបមុខរបរ និងស្នាក់នៅមិន ពិតប្រាកដ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋធ្លាប់ ស្គាល់មុខស្រ្តីរងគ្រោះខាងលើបានឲ្យដឹងថា ស្ត្រីរូបនេះប្រើប្រាស់គ្រឿងញៀនជា ប្រចាំ និងស្នាក់នៅមិនពិតប្រាកដ។ កន្លង មកត្រូវបានកម្លាំងនគរបាលអន្តរាគមន៍ ខណ្ឌពោធិ៍សែនជ័យ និងកម្លាំងប៉ុស្តិ៍ចោមចៅចាប់ឃាត់ខ្លួនម្តងរួចមកហើយក្នុង ករណីប្រើប្រាស់គ្រឿងញៀននិងករណីលួច ដោយចាប់ឃាត់ខ្លួននៅក្នុងបុរីសន្តិភាព២ កាលពីតំបន់ខាងលើស្ថិតនៅក្នុងខណ្ឌពោធិ៍ សែនជ័យមកម្ល៉េះ។
ចំណែកបុរសដែលជាដៃគូរួមស្នេហ៍រួម មេត្រី ដែលបានរត់គេចទៅបាត់នោះត្រូវ បានអ្នកជិតខាងប្រាប់ថាមានឈ្មោះ សួង តារា អាយុ៣១ឆ្នាំ មានទីលំនៅក្នុងភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ បន្សល់ទុកតែ ម៉ូតូមួយ គ្រឿងម៉ាកហុងដាឃ្លីក ពណ៌ស លាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AQ-2525។
តាមប្រភពដដែលបានឲ្យដឹងថា នៅ មុនពេលកើតហេតុគឺកាលពីព្រលប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ គេឃើញបុរសឈ្មោះ សួង តារា រួមជាមួយមិត្តភក្តិប្រុសចំនួន៣ នាក់ទៀតបាននាំគ្នាផឹកសីុនៅហាងម្លប់ ស្វាយភក្តី ស្ថិតនៅតាមផ្លូវ៣០ម៉ែត្រក្បែរ បុរីសន្តិភាព២។ ដោយផឹកសីុនៅមិនទាន់ អស់ចិត្តក៏បាននាំគ្នាមកផឹកសុីមុខបន្ទប់ ជួលកន្លែងកើតហេតុថែមទៀត និងបាន ទិញស្រាបៀរ១កេសមកផឹកតែដោយ សារតែបន្ទប់របស់ខ្លួនតូចចង្អៀតបាននាំគ្នាមកផឹកនៅបន្ទប់ក្បែរគ្នាជាបន្ទប់ទំនេរចោល។ ខណៈដែលកំពុងផឹកចង់បានស្រី មកអង្គុយផឹកកំដរបុរសឈ្មោះ សួង តារា ក៏បានជិះម៉ូតូចេញទៅបាត់មួយសន្ទុះធំ មិនដឹងជិះទៅដល់ណាទេ លុះពេលត្រឡប់ មកវិញបានឌុបទាំងស្រ្តីរងគ្រោះមកជាមួយផង ហើយនាំគ្នាផឹកបន្តសរុបមានគ្នា៥នាក់។ លុះផឹកអស់ស្រាបៀរ១កេស នេះនៅវេលាកណ្តាលអធ្រាត្រមិត្តភក្តិ៣នាក់ទៀតក៏ចែកផ្លូវគ្នាទៅដេកសម្រាកនៅផ្ទះគេបាត់អស់ទៅនៅសល់តែបុរសឈ្មោះសួង តារា និងស្រ្តីជាដៃគូក៏នាំគ្នាចូលបន្ទប់ទំនេរខាងលើ ដើម្បីរួមរ័កតែជាចៃដន្យសង្ស័យការរួមរ័កមានក្តីរំភើបពេកទើបឈានដល់នារីរងគ្រោះគាំងបេះដូងស្លាប់តែម្ដង។ បន្ទាប់ពីដឹងថា ដៃគូស្លាប់ពេលរួមរ័កបុរសរូបនោះបានភ័យស្លន់ស្លោមិនដឹងជាជួយយ៉ាងម៉េចក៏បានរត់ចេញទៅបាត់ ដោយទុកម៉ូតូចោលនៅកន្លែងកើតហេតុតែម្តង។ បន្ទាប់មកក៏មានអ្នកទៅអើតមើលក្នុងបន្ទប់កន្លែងពួកគេផឹកសុីទើបប្រទះឃើញស្ត្រីម្នាក់ដែលមកផឹកសុីជាមួយបុរស ខាងលើបានដេកស្លាប់បាត់ទៅហើយធ្វើឲ្យផ្អើលឆោឡោ និងនាំគ្នារាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យនិងស្រាវជ្រាវ។
រហូតដល់ម៉ោង៩ព្រឹកថ្ងៃដដែលសាកសពស្រ្តីខាងលើនៅមិនទាន់រកអត្តសញ្ញាណ ឬសាច់ញាតិឃើញនៅឡើយទេ ទើបសមត្ថកិច្ចបន្តញាប់ដៃញាប់ជើងធ្វើការស្រាវជ្រាវរកសាច់ញាតិរកប្រភពពិតនិង រង់ចាំជំនាញចុះមកពិនិត្យនិងធ្វើកោសល្យ វិច័យ។ រហូតដល់ម៉ោង១០និង១០នាទីថ្ងៃដដែលទើបដឹងថានារីខាងលើបានស្លាប់ ដោយសារតែគាំងបេះដូង។
ក្រោយពីបានធ្វើកោសល្យវិច័យរួចមក សមត្ថកិច្ចបានយកសពទៅទុកនៅវត្តឫស្សី សាញ់រង់ចាំសាច់ញាតិមកទទួលយកទៅ ធ្វើបុណ្យតាមប្រពៃណី៕ ភារ៉ា ដង្កោ