ភ្នំពេញ៖ សម្រាប់ឆ្នាំ២០១៦កន្លងមក ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានជួយសង្គ្រោះ និងធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរពីបរទេសសរុបចំនួន៨១៥នាក់ ក្នុងនោះមានជនរងគ្រោះដោយអំពើជួញដូរមនុស្សមានចំនួន ៣៦៦នាក់ ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៧របស់ក្រសួង កាលពីចុងខែកុម្ភៈ ឆ្នាំ២០១៧ កន្លងមកនេះ ។
របាយការណ៍ បានបញ្ជាក់ថា ក្នុងឆ្នាំ២០១៦កន្លងទៅ កម្ពុជាបានបញ្ជូនពលករខ្មែរទៅធ្វើការនៅក្រៅប្រទេសចំនួន៨៥.៥៧៦នាក់ ខណៈរបាយការណ៍របស់នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនបរទេសដែលឆ្លងដែនខុសច្បាប់ មានការស្នាក់នៅផុតកំណត់ទិដ្ឋាការ និងស្នាក់នៅបង្កឲ្យប៉ះពាល់ដល់សន្តិសុខជាតិ និងបានបញ្ជូនទៅប្រទេសរបស់គេវិញមានចំនួន១២.០៨៨នាក់ មាន៧៧សញ្ជាតិ ។
ដោយឡែកសម្រាប់រយៈពេល២ខែដើមឆ្នាំ២០១៧នេះ អាជ្ញាធរកម្ពុជា បានបណ្តេញជនបរទេសឲ្យចេញពីប្រទេសជាង៤០០នាក់និងមាន២៤សញ្ជាតិ ៕ ប្រាថ្នា