ភ្នំពេញ៖ នារីជើងឆើតម្នាក់បានរួមគំនិតជាមួយសង្សារ ធ្វើសកម្មភាពលួចយកម៉ូតូ១គ្រឿងពីមិត្តភក្ដិស្រីរបស់ខ្លួនទៅបាត់ កាលពីជិត២០ថ្ងៃមុន ហើយត្រូវបានម្ចាស់ម៉ូតូតាមរកឃើញក៏បានឃាត់ខ្លួនប្រគល់ឲ្យនគរបាលប៉ុស្ដិ៍រដ្ឋបាលកាកាបធ្វើការសួរនាំនិងកសាងសំណុំរឿងចាត់ការតាមច្បាប់ កាលពីវេលាម៉ោង២រសៀលថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៧។
នារីជាជនសង្ស័យខាងលើនោះឈ្មោះ សៀន ស្រីលីន អាយុ២៩ឆ្នាំមុខរបរ ជានារីម៉ាស្សា ស្នាក់នៅក្នុងភូមិ គោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ បានធ្វើសកម្មភាពលួចយកម៉ូតូ១គ្រឿងម៉ាកហុងដា ស្កូបពីអត់ចាំស្លាកលេខ ដែលជាកម្មសិទ្ធិរបស់នារីម្នាក់ទៀតដែលជាមិត្តភក្ដិរបស់ខ្លួនឈ្មោះ អ៊ឹង គឹម អាយុ ២៩ឆ្នាំ ស្នាក់នៅក្នុងសង្កាត់ផ្សារអូឫស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ហេតុការណ៍នោះបានកើតឡើងតាំងពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ជិត២០ថ្ងៃមកម្ល៉េះ ដោយនៅមុនពេលកើតហេតុនារីដែលជាម្ចាស់ម៉ូតូតែងតែបានទៅណាមកណាជាមួយគ្នារហូត ដោយមានការសង្ស័យសង្សាររបស់មិត្តភក្តិ(នារីសង្ស័យ)ទៅជាមួយដែរ លុះក្រោយមកពេលជិះម៉ូតូទៅដល់មុខផ្ទះសំណាក់ ពន្លឺពេជ្រ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវលេខ២០០៤ ក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដោយសារឈឺបត់ជើងនារីដែលជាម្ចាស់ម៉ូតូបានឈប់ហើយបានចូលទៅបត់ជើង ដោយបានទុកម៉ូតូនៅខាងមុខផ្ទះសំណាក់នោះ និងបានឲ្យមិត្តភក្តិ(នារីសង្ស័យ)ជួយមើល។ លុះពេលបត់ជើងរួចចេញមកវិញ ស្រាប់បាត់ទាំងម៉ូតូនិងមិត្តភក្តិ(ជនសង្ស័យ) ព្រមទាំងប្រុសស្នេហ៍របស់គេផង ទើបមានការឆោឡោឡើងនិងបានតាមរកគ្រប់កន្លែង ប៉ុន្តែមិនបានឃើញនោះទេ រហូតដល់ពេលនេះទើបបានជួបនៅម្ដុំសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ក៏ឃាត់ខ្លួនប្រគល់ឲ្យនគរបាលចាត់ការតាមច្បាប់៕ សុខាសែនជ័យ
...