ខេត្តបន្ទាយមានជ័យ៖ ទូរទស្សន៍ចាស់ៗ ដែលមានផ្ទុកគ្រឿងអេឡិចត្រូនិច ជាកាកសំណល់គេចោលនៅប្រទេសថៃ ត្រូវគេមើលឃើញថា ឈ្មួញបាននាំពីប្រទេសថៃចូលមកប្រទេសកម្ពុជា តាមច្រកតំបន់ម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ យ៉ាងគគ្រឹកគគ្រេង ។
សកម្មភាពនាំឱ្យមានការនាំចូលទូរទស្សន៍ចាស់ៗដែលមានផ្ទុកគ្រឿងអេឡិចត្រូនិចត្រូវគេនិយាយថា ឈ្មួញធ្វើឡើងបំពាននឹងច្បាប់ហាមឃាត់របស់ក្រសួងបរិស្ថាន ។ ការនាំចូលកាកសំណល់ទូរទស្សន៍ចាស់ៗបែបនេះ ត្រូវបានមន្ត្រីជំនាញបរិស្ថានលើកឡើងថា ធ្វើឱ្យបង្កផលប៉ះពាល់បរិស្ថានធ្ងន់ ហើយឈានដល់បង្ក គ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស និងសត្វ ។
នៅពេលដែលគេចោលគ្រឿងអេឡិចត្រូនិចទូរទស្សន៍ៗចាស់នោះនៅក្នុងលំហ គ្មាន លក្ខណៈបច្ចេកទេសត្រឹមត្រូវនោះ សកម្មភាពនៃការនាំចូលទូរទស្សន៍ចាស់ៗ ដែលជាកាកសំណល់ពីណាក់ឈ្មួញត្រូវបានប្រជាពលរដ្ឋ ប្រាប់ឱ្យដឹងថា គេធ្វើឡើងស្ទើររៀងរាល់ថ្ងៃ ទូរទស្សន៍ចាស់ៗទាំងនោះ ត្រូវគេដឹកជញ្ជូនអូសតាមរទះរបស់កម្មករឆ្លងកាត់ច្រកតំបន់ម៉ាឡៃ ហើយយកមកស្តុកទុកនៅស្រុក ម៉ាឡៃ បន្ទាប់មកត្រូវបានឈ្មួញដឹកតាមរថយន្តកាមរី និងរថយន្តឡង់គ្រីស័រចាស់១គ្រឿងយកទៅបោះលក់នៅខេត្តបន្ទាយមានជ័យ។ការបណ្តែតបណ្តោយឱ្យមានការនាំចូលកាកសំណល់បង្កផលប៉ះពាល់បរិស្ថានគ្មានការទប់ស្កាត់និងបង្ក្រាបហើយឈ្មួញធ្វើឡើងយ៉ាងលូនបែបនេះ ត្រូវគេដាក់ការសង្ស័យថាឈ្មួញឃុបឃិតគ្នាជាមួយគយ និងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនទៀតឈរជើងនៅច្រកតំបន់ម៉ាឡៃឱ្យនាំទូរទស្សន៍ចាស់ៗចូលមក ។
បើមិនមានការឃុបឃិតគ្នានោះទេទូរទស្សន៍ ចាស់ៗនោះមិនអាចឆ្លងដែនចូលប្រទេសកម្ពុជាបាននោះឡើយ។សកម្មភាពនៃការនាំចូទូរទស្សន៍ចាស់ៗតាមច្រកតំបន់ម៉ាឡៃឈ្មូញធ្វើជាចំហរមិនខ្លាចញញើតអ្វីនោះឡើយសកម្មភាពនោះឈ្មួញធ្វើឡើងជាយូឆ្នាំមកហើយ។ ឈ្មួញដែលរកស៊ីទូរទស្សន៍ចាស់ៗនោះត្រូវគេប្រាប់ ឱ្យដឹងថាមានឈ្មោះញ៉ាញ់ ឈ្មួញរូបនេះយកមកស្តុកទុកនៅភូមិកណ្តាល ឃុំម៉ាឡៃ ហើយយកទៅបោះឱ្យឈ្មូញធំនៅក្រុងសិរីសោភ័ណមានឈ្មោះម៉ាន់ នៅចំណុចផ្លូវលេខ១ និងឈ្មួញឈ្មោះ យ៉េង នៅចំណុចក្បែរផ្សារម៉ាឡៃ ជាប់ផ្លូវជាតិលេខ៥៩Bនិងឈ្មួញឈ្មោះ សាន នៅចំណុចភូមិដូង ឃុំម៉ាឡៃ ហើយឈ្មួញឈ្មោះសាននេះក៏បានបើកសិប្បកម្មកិនបំបែកសំបកទូរទ្សន៍ចាស់ៗយកជ័រ ទៅលក់នៅលើទីផ្សារទៀតផង។ ការបើកសិប្បកម្មកិនបំបែកសំបកទូរទស្សន៍ចាស់ៗរបស់ឈ្មួញឈ្មោះសានត្រូគេសង្ស័ថាធ្វើឡើងខុសច្បាប់។សកម្មភាពនៃការឱ្យនាំចូលកាកសំណល់ទូរទស្សន៍ចាស់ៗដែលគេចាត់ទុកថាបង្កប៉ះពាល់បរិស្ថាននោះដែរ ត្រូវបានមជ្ឈដ្ឋានប្រជាពលរដ្ឋលើកឡើងសំដែងពីការព្រួយបារម្ម។
ជុំវិញបញ្ហានេះ អ្នកយកព័ត៌មានយើងបានទំនាក់ទំនងទៅលោក ចាប សាវ៉ាត ប្រធានការិយាល័យគយនិងរដ្ឋាករប្រចាំច្រកតំបន់ម៉ាឡៃឱ្យជួយបំភ្លឺពីបញ្ហានេះ ទូរស័ព្ទលោកមិនអាចទាក់ទងបាននោះទេ ដោយដាក់ប្រព័ន្ធជាប់រវល់។
ចំណែក លោក លីន សូសាណា ប្រធានស្នាក់ការកាំកុងត្រូលប្រចាំច្រកតំបន់ម៉ាឡៃ បានប្រាប់ឱ្យដឹងថា ការនាំចូលទូរទស្សន៍ចាស់ៗនោះខាងលោកមិនសូវបាដឹងនោះទេលោកសូមបង្វែទៅសាកសួរខាងគយ ទើបដឹងច្បាស់ជាងពីព្រោះខាងកាំកុងត្រូលត្រួតពិនិត្យផ្នែកទំនិញ ផលិត ផលម្ហូបអាហារតែប៉ុណ្ណោះ។
ពាក់ព័ន្ធនិងបញ្ហានាំចូលទូរទស្សន៍ចាស់ៗបែបនេះ លោក យឹម លី ប្រធានមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែសីហា នេះថាទូរទស្សន៍ចាស់ៗដែលនាំចូលមកនោះ គឺជាសំណល់ប្រកបដោយគ្រោះថ្នាក់បើយកមកកែច្នៃ និងដុតចោលវាប៉ះពាល់លំហបរិយាកាស បើសិនចោលលើដីធ្វើឱ្យខូចគុណភាពដីនិងចោលចូលក្នុងទឹកក៏ធ្វើឱ្យប៉ះពាល់ទឹកនោះផងដែរ។លោកបញ្ជាក់ឱ្យដឹងទៀតថាបញ្ហាកាកសំណល់គ្រឿងអេឡិចត្រូនិចទូរទស្សន៍ចាស់ៗនេះក្រសួងបរិស្ថានកំពុងតែមានការរឹតបណ្តឹងខ្លាំងណាស់៕
ដោយ៖ សំ វិច្ឆិកា