កីឡាករ Zlatan Ibrahimovicខ្សែប្រយុទ្ធរបស់ក្លិបបិសាចក្រហមManchester United និងកីឡាករ Tyrone Mings ខ្សែការពារ របស់ក្លិប Bournemouthរងការចោទប្រកាន់ពីបទប្រើហិង្សាក្នុងពេលប្រកួតពីសហព័ន្ធបាល់ទាត់របស់អង់គ្លេស ។
កីឡាករទាំងពីរនេះបានប៉ះទង្គិចគ្នា ពេលប្រកួតកាលពីថ្ងៃសៅរ៍នៅក្នុងក្រប ខ័ណ្ឌអង់គ្លេស Premier Leagueដោយក្លិបទាំងពីរមានលទ្ធផលស្មើគ្នា 1-1 ។
សេចក្តីថ្លែងការណ៍មួយរបស់សហព័ន្ធបាល់ទាត់របស់អង់គ្លេសបានឲ្យដឹងថា “កីឡាករទាំងពីរ នេះបានជាប់ពាក់ព័ន្ធនឹងហេតុការណ៍ប៉ះទង្គិចគ្នាចំនួន២ដោយឡែកពីគ្នាក្នុងនាទីប្រហែលទី៤៤ប៉ុន្តែអាជ្ញា កណ្តាលមើលមិនឃើញ។ ប៉ុន្តែក្រោយពិនិត្យវីដេអូឡើងវិញទើបចាប់បាន ។ ទង្វើ ហិង្សានោះត្រូវពិន័យស្មើកាតក្រហមហើយត្រូវពិន័យមិនឲ្យលេងចំនួន៣ប្រកួតប្រសិនបើពួកគេត្រូវបានរកឃើញថាពិតជាមាន កំហុសមែន”។
ទាំង Zlatan Ibrahimovic និងTyrone Mings ត្រូវបានផ្តល់ពេលវេលាដើម្បីឆ្លើយ តបនឹងការចោទប្រកាន់នេះផងដែរ។ កីឡាករ ទាំងពីរបានបដិសេធដូចគ្នាថា មិនបានប្រើហិង្សាឡើយបន្ទាប់ពីការប្រកួតចប់ ។
កីឡាករវ័យ២៣ឆ្នាំ Tyrone Mings និយាយថា នោះគឺជាការប៉ះទង្គិចគ្នាល្អទេក្នុងការប្រកួត ចំណែកខ្សែប្រយុទ្ធវ័យ៣៥ឆ្នាំ Ibrahimovicថា Tyrone Mingsលោតមកប៉ះកែងដៃគាត់គឺគាត់គ្មានចេតនាប្រើហិង្សាទៅលើ Mings ឡើយ ។
Ibrahimovic នឹងអវត្តមានពេលបិសាចក្រហមប៉ះតោខៀវ FA Cup និងប៉ះក្រុម Middlesbrough និង West Brom ប្រសិន បើគាត់ត្រូវទទួលទោសមែននោះ។ ចំណែក កីឡាករTyrone Mings នឹងត្រូវអវត្តមាន ពេលក្រុមគាត់ប៉ះWest Ham, Swansea City និង Southampton ៕ ដេវីត