ខេត្តកណ្តាល ៖ ផ្ទះឈើមួយខ្នងធ្វើអំពីឈើរនាបឫស្សី ប្រក់ស័ង្គសី មានទំហំ៦ម៉ែត្រគុណ៥ម៉ែត្រ កម្ពស់៦ម៉ែត្រ ត្រូវអគ្គិភ័យឆាបឆេះអស់ស្ទើរទាំងស្រុង បើទោះបីមានការអន្តរាគមន៍ពីរថយន្តបាញ់ទឹកពន្លត់យ៉ាងណាក៏ដោយ ។ សម្ភារត្រូវបាត់បង់រួមមាន ៖ ថ្នាំជក់៣០០គីឡូ , លុយខ្មែរចំនួន១០លាន៥០ម៉ឺនរៀល និង លុយដុល្លារ៥០០ដុល្លារ , សម្លៀកបំពាក់ , អង្ករដំណើម១០០គីឡូ ។
ករណីអគ្គិភ័យឆេះផ្ទះនេះបានកើតឡើង កាលពីវេលាម៉ោង១០និង១០នាទី ថ្ងៃទី៨មីនា ឆ្នាំ២០១៧ ស្ថិតនៅ ភូមិវិហារសួគ៌ត្បូង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ង៉ូវ សៀកហេង ភេទស្រី អាយុ៧៥ឆ្នាំ រស់ នៅភូមិវិហារសួគ៌ត្បូង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ។
សមត្ថកិច្ចជំនាញបានឲ្យដឹងថា មូលហេតុបណ្តាលឲ្យឆេះ គឺមកពីម្ចាស់ផ្ទះអុចចង្កៀងបំភ្លឺទុកចោលដោយមិន បានពន្លត់ ហើយចេញទៅលក់ដូរ ក៏បណ្តាលឲ្យឆាបឆេះតែម្តង ៕ ស្អាងជ័យ