អង្គការសហប្រជាជាតិបានអំពាវនាវ ដល់ម៉ាឡេស៊ីនិង កូរ៉េខាងជើង រក្សាការអត់ធ្មត់ក្រោយពេលរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានចេញបញ្ជាហាមពលរដ្ឋម៉ាឡេស៊ីចាកចេញពីប្រទេសកូរ៉េខាងជើងធ្វើឲ្យរដ្ឋាភិបាលម៉ាឡេស៊ីក៏បានចេញបញ្ជាហាមពលរដ្ឋ កូរ៉េខាងជើងចាកចេញពីម៉ាឡេស៊ីផងដែរ ជាការសងសឹក ។
សកម្មភាពចាប់ពលរដ្ឋរបស់ប្រទេសទាំងពីរធ្វើជាចំណាប់ខ្មាំងបង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិខ្លាចមានរឿងអាក្រក់កើតឡើងរវាងប្រទេសទាំងពីរ។
នៅរសៀសថ្ងៃទី៧ខែមីនា គណៈកម្មាធិការសន្តិសុខជាតិម៉ាឡេស៊ីបានសម្រេចកោះប្រជុំមន្ត្រីសន្តិសុខជាបន្ទាន់ក្រោយ ការប្រឈមមុខតានតឹងដាក់គ្នា។ នាយក រដ្ឋមន្ត្រីម៉ាឡេសី លោក NAjib Razak បានដឹកនាំកិច្ចប្រជុំសន្តិសុខ ហើយលោកស្នើដល់ភាគីកូរ៉េខាងជើងដោះលែងពល រដ្ឋរបស់ខ្លួនផងដែរ ។
នាយករដ្ឋមន្រ្តីរបស់ប្រទេសម៉ាឡេស៊ី លោក Najib Razak នៅថ្ងៃអង្គារកន្លងទៅបានថ្កោលទោសការសម្រេចចិត្តរបស់ ប្រទេសកូរ៉េខាងជើងដែលហាមមិនឲ្យ ពលរដ្ឋម៉ាឡេស៊ីចាកចេញពីប្រទេសខ្លួន ដោយម៉ាឡេស៊ីបានជំរុញឲ្យរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងអនុញ្ញាតឲ្យពលរដ្ឋម៉ាឡេស៊ីចាកចេញពីប្រទេសកូរ៉េខាងជើងឲ្យបានឆាប់ដើម្បីជៀសវាងពីការកើនឡើងភាពតានតឹងណាមួយទៅថ្ងៃមុខ ។ នេះបើតាមការចេញផ្សាយរបស់ព័ត៌មានចិនស៊ិនហួ។
សូមជម្រាបផងដែរថា ម៉ាឡេស៊ី និងកូរ៉េខាងជើងតាមសេចក្តីរាយការណ៍គឺបានដាក់ចេញបម្រាមរារាំងការធ្វើដំណើរចំពោះគ្នាទៅវិញទៅមកក្រោយពីមានរឿងឃាតកម្មលោក គីម ជុងណាម ដែលជាបងប្រុស របស់គីម ជុងអ៊ុនដែលជាមេដឹកនាំកំពូល របស់កូរ៉េខាងជើងនៅទីក្រុងគូឡាឡាំពួរកាលពីខែកុម្ភៈកន្លងទៅ ។
កាលពីថ្ងៃអង្គារកន្លងទៅរដ្ឋាភិបាល ម៉ាឡេស៊ី បានដាក់បម្រាមមិនឲ្យបុគ្គលិក និងមន្ត្រីស្ថានទូតកូរ៉េខាងជើងចាកចេញពី ប្រទេស ខ្លួនបន្ទាប់ពីរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានចេញបម្រាមបណ្ដោះអាសន្ន មួយរារាំងមិនឲ្យពលរដ្ឋម៉ាឡេស៊ីធ្វើដំណើរចេញពីទឹកដីកូរ៉េខាងជើង។រដ្ឋមន្ត្រីកិច្ចការផ្ទៃក្នុងម៉ាឡេស៊ីបានពន្យល់ថា ដំបូងឡើយម៉ាឡេស៊ីគ្មានគម្រោងតបតសងសឹកនឹង ទីក្រុងព្យុងយ៉ាងទេ បើទោះជាប្រទេសនេះបានធ្វើការចោទប្រកាន់មុនចំពោះការស៊ើបអង្កេតលើករណីឃាតកម្មលោកគីម ជុងណាម ក៏ដោយ ក៏ប៉ុន្តែក្រោយពីកូរ៉េ ខាងជើង អនុវត្តនូវសកម្មភាពដែលប្រឆាំងទៅនឹងបទដ្ឋានទំនាក់ទំនងការទូតម៉ាឡេស៊ីមានតែបង្ខំចិត្តចាត់វិធានការស្រដៀងគ្នាដើម្បីតបតទៅវិញ ៕
ប្រែសម្រួល៖ ម៉ែវ សាធី