ក្រុមកាំភ្លើងធំ Arsenalរបស់អង់គ្លេសបានរងភាពអាម៉ាស់យ៉ាងខ្លាំងដោយចាញ់ក្រុមយក្សអាល្លឺម៉ង់ Bayern Munich ដោយ លទ្ធផល 5-1 សាជាថ្មីម្តងទៀតនៅជើងទី២ក្នុងទឹកដីរបស់ខ្លួន ។
ដោយសរុបទាំង២ជើង Bayern Munich បានទម្លាក់ក្រុម Arsenal ចេញពីកម្មវិធី Champions Leagueដោយលទ្ធផល 10-2។ ក្រោយពីចាញ់យ៉ាងអាម៉ាស់នេះអ្នកគាំទ្រក្រុមកាំភ្លើងធំមួយចំនួនបានខឹងសម្បាយ៉ាងខ្លាំងនាំគ្នាធ្វើបាតុកម្មតវ៉ាឲ្យលោក Arsene Wenger គ្រូបង្វឹកក្រុម Arsenal ចាកចេញ ពីតំណែង ហើយថែមទាំងចោទថា គ្រូបង្វឹក សញ្ជាតិបារាំងនេះកំពុងតែបំផ្លាញក្លិបហើយ ។
មុនការប្រកួតជើងទី២ទាំងកីឡាករនិងអ្នកចាត់ការសុទ្ធតែរំពឹងថានឹងអាចធ្វើបានល្អជាងជើងទី១ហើយអាចយកឈ្នះដើម្បីសងសឹកវិញ។ នៅតង់ទី១កាំភ្លើងធំពិតជាធ្វើបានល្អមែន ដោយនាំមុខក្រុម Bayern បាន ១-០ ទៅហើយតែអ្វីគួរឱ្យសោក ស្ដាយនោះ គឺតង់ទី២ Laurent Koscielny ទទួលកាតក្រហមត្រូវបណ្ដេញចេញពីការប្រកួតនៅនាទី៥៤ធ្វើឲ្យស្ថានការណ៍កាន់តែអាក្រក់ឡើងខុសពីការរំពឹងទុក ។
ខ្សែប្រយុទ្ធអន្តរជាតិប៉ូឡូញ Lewandowski ស៊ុតបាល់ពិន័យ១១ម៉ែត្របាន សម្រេចនៅនាទី៥៥។ បន្ទាប់ពីសល់គ្នាតែ១០នាក់ក្រុមភ្ញៀវក៏មានឱកាសស៊ុតបាល់បញ្ចូលទីលើក្រុមម្ចាស់ផ្ទះបន្ថែម៤គ្រាប់ទៀតដូចទឹកបាក់ទំនប់ដោយកីឡាករ Arjen Robben និង Douglas Costa ម្នាក់មួយ គ្រាប់ និង Arturo Vidal បន្ថែម២គ្រាប់ចុង ក្រោយ ៕