វិញ្ញាសាសីប៉ាក់តាក្រស្រី្តពុំមានក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំនេះទេ

ចែករំលែក៖

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតកីឡាស៊ី ហ្គេមលើកទី២៩ឆ្នាំនេះធ្វើនៅទីក្រុងគូឡាឡាំពួរប្រទេសម៉ាឡេស៊ីនោះសម្រាប់ប្រភេទវិញ្ញាសាសីដកឬហៅថា សីប៉ាក់តាក្រនារីពុំ មានវត្តមាននោះទេ ។ ពាក់ព័ន្ធនឹងបញ្ហា ខាងលើនេះត្រូវបានថ្នាក់ដឹកនាំសហព័ន្ធ កីឡាសីប៉ាក់តាក្រកម្ពុជាបង្ហាញនូវការព្រួយបារម្ភយ៉ាងខ្លាំង ដោយខ្លាចបាត់បង់ធនធានកីឡាការិនីសីប៉ាក់តាក្រ ខណៈគ្មានវិញ្ញាសាប្រកួតនៅស៊ីហ្គេម ក៏ដូចជាគ្មានការ ប្រមូលផ្តុំក្រុមជម្រើសជាតិផងដែរ ។

លោក ជាតិ ខេមរា គ្រូជម្រើសជាតិ កីឡាសីប៉ាក់តាក្រកម្ពុជាបានប្រាប់ឲ្យដឹងថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២៩ នៅប្រទេសម៉ាឡេស៊ីនាអំឡុងខែសីហា ឆ្នាំ២០១៧ខាងមុខនេះ សីប៉ាក់តាក្រគ្មាន វិញ្ញាសាស្រ្តីចូលរួមទេ ដោយហេតុថា ប្រទេសនេះគ្មានស្រ្តីមកលេងកីឡាប្រភេទនេះ ពីព្រោះប្រពៃណីសាសនារបស់ប្រទេសម៉ាឡេសីុមិនអនុញ្ញាតឲ្យស្រ្តីចូលលេង កីឡាដូចប្រទេសដ៏ទៃទៀតនោះទេ ។

លោកបញ្ជាក់ទៀតថា សម្រាប់ការហ្វឹកហាត់ត្រៀមប្រកួតកីឡាសីប៉ាក់តាក្រកម្ពុជា សម្រាប់វិញ្ញាសាស្រ្តីមិនបានប្រមូលផ្តុំហ្វឹកហាត់ក្រុមជម្រើសជាតិនោះទេ ព្រោះសហព័ន្ធគ្មានលទ្ធភាពប្រមូលផ្តុំពួកគេ ដូច្នេះ មានតែកីឡាករប៉ុណ្ណោះ មានឱកាសហ្វឹកហាត់ត្រៀម។ចំណែកឯនារីត្រូវរំសាយ ដោយរង់ចាំស៊ីហ្គេមលើកទី៣០ ទើបអាចចូលក្នុងជំរំប្រមូលផ្តុំឡើងវិញ ។

ពាក់ព័ន្ធបញ្ហានេះដែរ ថ្នាក់ដឹកនាំរបស់សហព័ន្ធកីឡាសីប៉ាក់តាក្រកម្ពុជា បាន បង្ហាញនូវក្តីបារម្ភយ៉ាងខ្លាំងព្រោះខ្លាចបាត់បង់ធនធានកីឡាការិនីសីប៉ាក់តាក្រកម្ពុជា ប៉ុន្តែសហព័ន្ធគ្មានលទ្ធភាពគ្រប់គ្រាន់ សម្រាប់ឲ្យពួកគាត់ប្រមូលផ្តុំហ្វឹកហាត់ជាប្រចាំបានទេ ដោយសហព័ន្ធខ្វះហេដ្ឋារចនាសម្ព័ន្ធ ដូចជាទីតាំងហ្វឹកហាត់ផ្ទាល់ខ្លួននិងគ្មានកញ្ចប់ថវិកាសម្រាប់ផ្គត់ផ្គង់ពួកគាត់។

លោកបន្តទៀតថា កីឡាករដែលសហព័ន្ធបានប្រមូលផ្តុំហ្វឹកហាត់ក្នុងការត្រៀមលក្ខណៈប្រជែងដណ្តើមមេដាយនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនោះ មានចំនួន៨នាក់ និងបម្រុង៤នាក់ ដោយក្នុងនោះ រួមមាន កីឡាករ ហេង រ៉ាវុធ, អ៊ឹង រ៉ាណារិទ្ធ, ទ្រឹង លី, ជាតិ ខេមរិន, ណាង សុភាព, រៀម សុភារម្យ, ជិន សុវណ្ណារិទ្ធ និងកីឡាករ សុភ័ក្រ ចននី ។ ចំណែកកីឡាករបម្រុង ៤នាក់ទៀតនោះ មានកីឡាករ ណុប ហាប, ឈុន ឈន, សុ ខុម, អ៊ុំសាន សូវិន និង កីឡាករគ្រី សុធារុន ។

លោកបន្ថែមទៀតថា មុននឹងព្រឹត្តិ ការណ៍ប្រកួតកីឡាស៊ីហ្គេមចូលមកដល់ សហព័ន្ធក៏បានត្រៀមបញ្ជូនកីឡាករសីប៉ាក់តាក្រកម្ពុជា ទៅចូលរួមហ្វឹកហាត់នៅប្រទេសភូមាដោយមានប្រទេសមួយចំនួនគេពូកែខាងប្រភេទសីប៉ាក់តាក្រនេះដែរដើម្បីអាចរក្សាបានតំណែងមេដាយមាស វិញ្ញាសារ ប្រកួតសីឈានឡូន។ សម្រាប់ស៊ីហ្គេមឆ្នាំនេះសីប៉ាក់តាក្រកម្ពុជាសម្រេចដាក់បញ្ចូល វិញ្ញាសាចំនួន២ទៅចូលរួមប្រកួត ក្នុងនោះ មានវិញ្ញាសាសីឈានឡូន និងវិញ្ញាសា ព្រីមម៉ារីឌីវីសិន ។

គួររំលឹកថា ស៊ីហ្គេមលើកទី២៨ ឆ្នាំ ២០១៥ នៅប្រទេសសិង្ហបុរីសីប៉ាក់តាក្រ កម្ពុជាដណ្តើមបានមេដាយមាសមួយគ្រឿង និងមេដាយសំរឹទ្ធិជាច្រើនគ្រឿងក្នុងនោះមានទាំងវិញ្ញាសាបុរសនិងនារី ៕ សារីម

...

sarim (3) sarim (4) sarim (2) sarim (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print