ខេត្តតាកែវ៖ លោក ថោ ជេដ្ឋា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យលើសកម្មភាពបង្វែរទឹកពីស្ទឹងព្រែកត្នោតទៅទន្លេបាទី ដែលការងារនេះក្រសួងធនធានទឹក និងឧតុនិយម បានអនុវត្តប្រមាណ ១០ថ្ងៃកន្លងមកហើយ ។
លោក រដ្ឋលេខាធិការ បានបញ្ជាក់ជូនថា នៅទំនប់៧មករា (កំពង់ទួល) មានទឹកគ្រប់គ្រាន់ ដោយសារយើងទម្លាក់តាមប្រភពពីរ គឺតាមតួស្ទឹងព្រែកត្នោត និងតាមប្រឡាយមេរលាំងជ្រៃខាងជើង។ ប៉ុន្តែនៅក្នុងការបង្វែរទឹកទៅកាន់ទន្លេបាទី យើងជួបនឹងឧបសគ្គខ្លះៗ ដោយសារនៅក្នុងតួស្ទឹងតូចមានពពួកវារីរុក្ខជាតិ ដូចជា ចក កំប្លោក ត្រឹប ច្រើន ដែលជាឧបសគ្គរាំងស្ទះដល់ចរន្តទឹកហូរ។
ដើម្បីដោះស្រាយបញ្ហានេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាឱ្យអ្នកបច្ចេកទេសប្រើប្រាស់គ្រឿងចក្រ កាយយកវារីរុក្ខជាតិទាំងនោះចេញ ដើម្បីសម្រួលដល់ចរន្តទឹកហូរ។ បន្ទាប់ពីបានអនុវត្តការងារស្តារនេះរួច ឃើញថាទឹកហូរបានលឿន ហើយដែលមកដល់ពេលនេះ ទន្លេបាទីមានទឹកគ្រប់គ្រាន់សម្រាប់ត្រៀមលក្ខណៈក្នុងការអន្តរាគមន៍ ៕