ខេត្តកំពង់ឆ្នាំង៖ មេឆ្នោតខុសច្បាប់ ម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីបានធ្វើសកម្មភាពកត់ឆ្នោតរាប់ឆ្នាំមកហើយនោះ។ កិច្ចប្រតិបត្តិការចាប់មេឆ្នោតនេះ ធ្វើឡើងកាលពីវេលាម៉ោងជាង៣រសៀល ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ នៅចំណុច ខាងក្នុងផ្សារលើក្នុងភូមិត្រពាំងបី សង្កាត់ ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា មេឆ្នោតនៅផ្សារលើដែលត្រូវចាប់ខ្លួននេះមានឈ្មោះ លី ម៉េង ភេទប្រុស អាយុ៦១ឆ្នាំ មានទីលំនៅ ភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។ ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាងមានម៉ាស៊ីនគិតលេខ១គ្រឿង ក្រដាសកត់កន្ទុយលេខ៣ដុំ សៀវភៅកត់លេខ១ ក្បាលកាបោនប៊ិច និងលុយខ្មែរ២៥៣.០០០ រៀល។
សមត្ថកិច្ចបានឲ្យដឹងទៀតថា មេឆ្នោតនៅក្នុងផ្សារលើរូបនេះបានលួចលាក់កត់ឆ្នោតជាយូរណាស់មកហើយប៉ុន្តែមិនដែល ចាប់បាននោះទេហើយកន្លងមកសមត្ថកិច្ចក៏ធ្លាប់ណែនាំដល់គាត់ដែរតែគាត់នៅតែធ្វើសកម្មភាពកត់ឆ្នោតដដែលរហូតដល់ថ្ងៃឃាត់ខ្លួននេះតែម្តង ។
ជនសង្ស័យមេឆ្នោតត្រូវសមត្ថកិច្ចនគរបាលក្រុង កសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងដើម្បី ចាត់ការបន្តទៅតាមនីតិវិធី ៕ ចន្ថា