ខេត្តមណ្ឌលគិរី ៖ តាមសេចក្តីរាយ ការណ៍បានឱ្យដឹងថា កាលពីវេលាម៉ោង ៤ទៀបភ្លឺថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ ស្ថិតត្រង់ចំណុចផ្លូវជាតិលេខ៧៦ ក្នុងភូមិ អូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា មាន សត្វប្រើស២ក្បាល សង្ស័យមេ និងកូន ដើរចេញពីក្នុងព្រៃ មកឈរនៅមុខស្នាក់ការ ដែនជម្រកសត្វព្រៃកែវសីមា តែត្រូវរថយន្តម៉ាកកាមរីឆ្លាមមួយគ្រឿងបុកមេឲ្យបាក់ ជើងមុខខាងឆ្វេងមិនអាចរត់ចូលព្រៃបាន ។
ប្រភពបានឱ្យដឹងទៀតថា ក្រោយកើតហេតុម្ចាស់រថយន្តបានបើករថយន្តទៅមុខបាត់បន្សល់ទុកតែសត្វប្រើសដេកក្រោមដើមអាកាស្យា ក្នុងបរិវេណស្នាក់ការកែវ សីមា ហើយក្រោយមកមានមន្ត្រីបរិស្ថាន និងមន្ត្រីអភិរក្សសត្វព្រៃWCS បានទាក់ ទងទៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំ តាម៉ៅ ដើម្បីយកមន្រ្តីជំនាញពេទ្យសត្វទៅជួយព្យាបាលនិងសង្គ្រោះតែជាបឋមមន្ត្រីដែនជម្រកសត្វព្រៃកែវសីមាបានរកកន្លែងដាក់ឲ្យកូនប្រើសនិងមេឲ្យដេកទម្រាំមន្រ្តី ជំនាញទៅដល់ ។
តាមប្រភពបានបញ្ជាក់ថា តាំងពីម៉ោង ៨យប់ថ្ងៃទី១២ ថ្ងៃដដែលក្រុមមន្ត្រីជំនាញ ពេទ្យសត្វនៃ មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅជួយសង្គ្រោះមេប្រើសរហូត មកដល់ថ្ងៃទី១៣ខែមីនាបានធូរស្រាលវិញហើយ ៕