មន្ត្រីការពារដែនសមុទ្រហ្វីលីពីនបានប្រកាសថា ជនរងគ្រោះបាត់បង់ជីវិតក្នុងហេតុការណ៍ក្រឡប់លិចស្រឡាងដឹកអ្នកដំណើរនោះបានកើនដល់៥១នាក់ ខណៈដែលក្រុមជួយសង្គ្រោះធ្វើសកម្មភាពស្រង់ស្រឡាងហើយប្រទះឃើញសាកសពបន្ថែមទៀតនោះ ។
លោក Pedro Tinampay មន្ត្រីការពារដែនសមុទ្រហ្វីលីពីនបានបញ្ជាក់ថា ស្រឡាងដឹកអ្នកដំណើរបានក្រឡាប់លិចកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៥ បន្ទាប់ពីចាកចេញពីទីក្រុងកំពង់ផែ Ormoc បានប៉ុន្មាននាទីប៉ុណ្ណោះ ។ ប្រភពបន្តថា អ្នកដំណើរ១៤១នាក់ត្រូវសង្គ្រោះទាន់ពេលវេលា រួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត ។
អ្នកដែលរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិតបាននិយាយថា នៅមុនពេលកើតហេតុ ស្រឡាងនេះបានបត់ស្តាំយ៉ាងលឿន ហើយបានប៉ះជាមួយទឹករលកមួយយ៉ាងធំបណ្តាលឲ្យក្រឡាប់លិចតែម្តង ខណៈចាកចេញពីកំពង់ផែខេត្ត Leyte ភាគខាងត្បូងទីក្រុងម៉ានីល ។ អ្នករួមដំណើរម្នាក់ឈ្មោះ Rhe-An Garciano បានបញ្ជាក់ថា ខាងស្រឡាងគេបានឲ្យអាវការពារកុំឲ្យលិចទឹកដល់ពួកយើងផងដែរ ប៉ុន្តែពួកយើងពាក់វាមិនទាន់នោះទេ ពីព្រោះស្រឡាងលិចទឹកយ៉ាងឆាប់រហ័សតែម្តង ។
អ្នកនាំពាក្យកម្លាំងការពារដែនសមុទ្រមួយរូបបានបញ្ជាក់ថា អ្នកដំណើរក្នុងស្រឡាងបានទៅផ្តុំគ្នាតែខាងស្តាំស្រឡាង ដែលជាមូលហេតុនាំឲ្យស្រឡាងនេះក្រឡាប់លិចបែបនេះ៕
ជនរងគ្រោះបាត់បង់ជីវិតដោយលិចស្រឡាងនៅហ្វីលីពីនកើន៥១នាក់
...